Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិកម្មអន្តរជាតិ​​ជុំវិញ​ការ​ស្លាប់​របស់​មេ​ដឹក​នាំ​កំពូល​ក្រុម​ហាម៉ាស

បានផុស

នៅ

លោក Ismail Haniyeh មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស ត្រូវ​បាន​គេ​​សម្លាប់​នៅ​ក្នុង​រដ្ឋធានី Tehran អំឡុង​ពេល​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ចូលរួម​​អបអរ​លោក Masoud Pezeshkian ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​​ថ្មី​នៃ​សាធារដ្ឋ​អ៊ីស្លាម។ ដំណឹង​នៃ​មរណភាព​របស់​លោក Haniyeh ត្រូវ​បាន​បញ្ជាក់​​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សេងៗ​គ្នា​ដោយ​ក្រុម​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្គាហ្សា និង​​​កងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់។

លោក Ismail Haniyeh (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ​គឺ​ជា​ប្រតិកម្ម​ខ្លះៗ​ជុំវិញ​​ការ​បាត់បង់​ជីវិត​របស់​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស៖

លោក Sami Abu Zuhri មេ​បញ្ជាការ​ជាន់​ខ្ពស់​ក្រុម​ហាម៉ាស

លោក Zuhri បាន​និយាយ​ថា ការ​ធ្វើ​ឃាត​លោក Haniyeh មាន​គោល​បំណង​បំបែក​ឆន្ទៈ​​​​របស់​ក្រុម​ហាម៉ាស និង​ប្រជាជន​របស់​ហាម៉ាស។ យ៉ាង​ណា​ មេ​បញ្ជាការ​​រូប​នេះ បាន​បញ្ជាក់​ថា ក្រុម​ដែល​បង្កើត​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ឡើង នឹង​មិន​អាច​សម្រេច​គោលបំណង​របស់​ពួក​គេ​បាន​នោះ​ឡើយ។ លោក​ថា៖ «ហាម៉ាស គឺជា​ផ្នត់​គំនិត​មួយ និង​ស្ថាប័ន​មួយ ហើយ​មិន​មែន​ជា​បុគ្គល​នោះ​ទេ។ ហាម៉ាស​នឹង​បន្ត​​​​នៅ​លើ​ផ្លូវ​នេះ​ទៀត ដោយ​មិន​គិត​ពី​ការ​លះបង់ ហើយ​យើង​មាន​ទំនុក​ចិត្ត​ទទួល​បាន​ជោគជ័យ»។

លោក Muhammad al-Hindi អគ្គលេខាធិការរងនៃក្រុម​ជីហាត អ៊ីស្លាម-ប៉ាឡេស្ទីន

«ការធ្វើឃាតនេះមិនត្រឹមតែសំដៅទៅលើ​ក្រុម​អ្នក​តស៊ូ​ប៉ាឡេស្ទីន និង​ក្រុម​ហាម៉ាស​ប៉ុណ្ណោះ​ទេ ដោយ​ច្បាស់​ណាស់ វា​ក៏​សំដៅ​ទៅ​លើ​​​ប្រទេស​អ៊ីរ៉ង់ផង​ដែរ។ អ៊ីស្រាអែល​កំពុង​ឈាន​ដល់​ការ​ដួល​រលំ ហើយ​ប្រតិកម្ម​របស់ពួក​គេ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ច្របូកច្របល់ និង​អសមត្ថភាព​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ណាមួយ​របស់​ខ្លួន។ អ៊ីស្រាអែលកំពុងប្រឈមមុខនឹង​ក្រុម​អ្នក​តស៊ូបែបនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន»។

លោក Amichai Eliyahu រដ្ឋមន្ត្រី​បេតិកភណ្ឌ​របស់​អ៊ីស្រាអែល

«នេះ​ជា​វិធី​ដ៏​ត្រឹម​ត្រូវ​ដើម្បី​សម្អាត​​​ភាព​កង្វក់​នៃ​ពិភពលោក។ គ្មានកិច្ចព្រមព្រៀងសន្តិភាពឬ​ការចុះចាញ់តាម​ក្ដី​ស្រមៃ​នោះ​ទេ។ គ្មាន​មេត្តា​ធម៌​​ទៀត​ទេ។ ដៃដែកដែលនឹងវាយពួកគេ គឺជាដៃដែលនាំមកនូវសន្តិភាព និង​ផាកសុកភាព​​បន្តិច​បន្តួច​ ហើយពង្រឹងសមត្ថភាពរបស់យើងក្នុងការរស់នៅដោយសន្តិភាពជាមួយអ្នកដែលចង់បានសន្តិភាព។ ការស្លាប់របស់ Haniyeh ធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើងបន្តិច»៕

លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ លោក Kanaani បាននិយាយថា៖ «ការស្លាប់​របស់ Haniyeh នៅក្នុងទីក្រុង Tehran នឹងពង្រឹងចំណងមិត្តភាព​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​មិន​អាច​បំបែក​បាន​រវាង​​ក្រុង Tehran ប៉ាឡេស្ទីន និង​ក្រុម​អ្នក​តស៊ូ»។

លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន

លោក Abbas បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើឃាតនេះ ដោយពណ៌នាថាវាជា «ទង្វើដ៏កំសាក និងការអភិវឌ្ឍដ៏គ្រោះថ្នាក់»។ លោកប្រធានាធិបតីក៏បានអំពាវនាវឲ្យប៉ាឡេស្ទីនរួបរួមគ្នា និង «អត់ធ្មត់ និងខ្ជាប់ខ្ជួនចំពោះការ​លុក​លុយ​របស់អ៊ីស្រាអែល»។

លោក Mikhail Bogdanov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី

«នេះ​ជា​ឃាតកម្ម​នយោបាយ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត ហើយ​វា​នឹង​នាំ​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង»។

លោក Mohammed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍កំពូល​ក្រុ​ម​ឧទ្ទាម​ហ៊ូធី នៃ​ប្រទេសយេម៉ែន

«ការកំណត់គោលដៅលោក Ismail Haniyeh គឺជាឧក្រិដ្ឋកម្មភេរវកម្មដ៏សាហាវឃោរឃៅ និងជាការរំលោភបំពានច្បាប់ និងតម្លៃឧត្តមគតិ»។

ប្រទេស​ម៉ាឡេស៊ី

ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ម៉ាឡេស៊ី​ជំរុញ​ឲ្យមាន​ការ​ស៊ើបអង្កេត​ជា​បន្ទាន់ និង​ហ្មត់ចត់​លើ​ការ​ធ្វើ​ឃាត​នេះ ហើយ​អ្នក​ដែល​ទទួល​ខុសត្រូវ​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស។ ម៉ាឡេស៊ីក៏ជំរុញឲ្យ​ភាគីទាំងអស់អនុវត្តការអត់ធ្មត់ ខណៈដែលការពិតជុំវិញការធ្វើឃាតកំពុងត្រូវបាន​ស៊ើប​អង្កេត។ ឧប្បត្តិហេតុនេះបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ការបន្ថយ​ភាព​តានតឹង និងពង្រឹងភាពចាំបាច់សម្រាប់ភាគីទាំងអស់ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងបន្តការដោះស្រាយដោយសន្តិវិធី»។

ក្រុម​ហេសបូឡា

«យើងនៅក្នុងក្រុមហេសបូឡា សូម​ចែករំលែកជាមួយបងប្អូនជាទីស្រឡាញ់របស់យើងនៅក្នុងចលនា​របស់​ក្រុម​ហាម៉ាសទាំងអស់​​ចំពោះ​ការ​បូជា​ជីវិត​​នូវអារម្មណ៍ឈឺចាប់​ចំពោះការបាត់បង់មេដឹកនាំដ៏អស្ចារ្យនេះ អារម្មណ៍នៃការខឹងសម្បារចំពោះឧក្រិដ្ឋកម្មរបស់សត្រូវ អារម្មណ៍នៃមោទនភាពដែលមេដឹកនាំនៅក្នុងចលនារបស់យើងកំពុងដឹកនាំប្រជាជនរបស់ពួកគេ និងសហគមន៍​អ៊ីស្លាមរបស់ពួកគេ​»។

ប្រទេស​តួកគី

ក្រសួងការបរទេសតួកគី បាននិយាយថា ការសម្លាប់លោក Haniyeh «បង្ហាញជាថ្មីម្តងទៀតថា រដ្ឋាភិបាលលោក Netanyahu របស់អ៊ីស្រាអែល មិនមានចេតនាក្នុងការសម្រេចបាន​នូវ​សន្តិភាព​នោះ​ទេ» ហើយ​​ជម្លោះ​ក្នុង​តំបន់​នឹង​កាន់​តែ​​រីក​ធំ​ឡើង ប្រសិន​បើ​សហគមន៍​អន្តរជាតិ​មិន​ចាត់​វិធានការ​បញ្ឈប់​អ៊ីស្រាអែល៕

ដោយ៖ ឈាង​

ចុច​អាន​៖ ក្ដៅៗ! មេ​ដឹក​នាំ​កំពូល​ក្រុម​ហាម៉ាស ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម