Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ​ទូច «បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម មិនមែនឱ្យលោកចុះស្រាវជ្រាវដល់ព្រំដែនផ្ទាល់ទេ»

បានផុស

នៅ

បើសម្ដេចតេជោ ហ៊ុន សែន កាត់ទឹកដីទៅឱ្យវៀតណាមកាន់កាប់ពិតមែននោះ ប្រហែលជាសម្ដេចមិនអនុញ្ញាតឱ្យក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាចុះទៅសិក្សាស្រាវជ្រាវផ្ទាល់នៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ដែលមានប្រវែង១២៧០គីឡូម៉ែត្រឡើយ។ នេះជាការលើកឡើងច្បាស់ៗពីបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ស្របពេលដែលមានបញ្ហាចោទថា រដ្ឋាភិបាលកម្ពុជា បានកាត់ដី៤ខេត្តនៅភូមិភាគឦសានប្រទេសកម្ពុជា ទៅឱ្យប្រទេសវៀតណាមគ្រប់គ្រង តាមរយៈកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលបានធ្វើឱ្យមហាជនផ្ទុះការព្រួយបារម្ភពីការបាត់បង់ទឹកដី។ ប៉ុន្តែជុំវិញបញ្ហាចោទនេះ ត្រូវអតីតនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន និងរាជរដ្ឋាភិបាលបច្ចុប្បន្ន ចេញមកច្រានចោល ដោយអះអាងថា មិនមានការកាត់ដីទៅឱ្យប្រទេសណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV គឺជាកិច្ចព្រមព្រៀងជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ និងគ្រប់គ្រងគ្រោះមហន្តរាយរវាងប្រទេសទាំងបីប៉ុណ្ណោះ។

លោកបណ្ឌិត សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចេញមកការពារសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ថា មិនបានកាត់ដីទៅកាន់ប្រទេសវៀតណាមទេ ហើយវៀតណាម ក៏មិនអាចលេបទឹកដីរបស់កម្ពុជាបានដែរ ពីព្រោះកម្ពុជាមានឯកសារគ្រាប់គ្រាន់។ ការដែលបណ្ឌិតរូបនេះ ធានាការពារបែបនេះ ដោយសារលោកបានចុះទៅដល់ផ្ទាល់នៅតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាមនេះ។ ក្នុងវេទិកាពិភាក្សានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤​ ដែលជជែកវែកញែកលើប្រធានបទដ៏ក្ដៅនេះ លោកបណ្ឌិត សុខ ទូច បានរៀបរាប់ពីដំណើរដ៏លំបាករបស់ក្រុមការងារក្នុងការចុះស្រាវជ្រាវនៅតាមបណ្ដាខេត្តទាំង៩ ដែលជាប់ព្រំដែនកម្ពុជា និងវៀតណាម ជាពិសេសខេត្ត៤ ដែលបានដាក់ទៅក្នុងតំបន់អភិវឌ្ឍត្រីកោណនេះតែម្ដង។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំអត់កាន់ជើងរដ្ឋាភិបាលទេ តែបើសិនគ្មានការអនុញ្ញាតពីអតីតនាយករដ្ឋមន្ត្រី តើធ្វើអ៊ីចឹងបានទេ ប្រវត្តិសាស្ត្រខ្មែរមានទេអាហ្នឹង អត់មានទេ លើតុហ៎ មាននិយាមការច្បាស់លាស់ អ៊ីចឹង បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម គាត់មកកម្ទេចឯកសារនេះចោលសិន បើអត់កម្ទេចទេ ខ្ញុំជឿជាក់ថា គាត់ធ្វើអត់បានទេ ហើយវៀតណាមក៏លេបដីនោះអត់រួចដែរ ព្រោះយើងមានឯកសារគ្រាប់គ្រាន់»

បណ្ឌិតមិនសំចៃមាត់រូបនេះ បានចាត់ទុកការលើកឡើងរបស់ក្រុមបក្សប្រឆាំង ពិរសេសសម្ដីរបស់បុគ្គល សម​ រង្ស៊ី ថា សម្តេច ហ៊ុន សែន កាត់ទឹកដីឱ្យវៀតណាម គឺគ្មានការពិតឡើយ និយាយខុសទាំងស្រុង ហើយគ្មានឯកសារអ្វីទាំងអស់ តែជាល្បិចរបស់ប្រទេសទី៣ ចាក់ឱ្យខ្មែរឈ្លោះគ្នាផ្ទៃក្នុង។ លោក សុខ ទូច ក៏បានចោទសួរទៅកាន់អ្នកដែលបានព្រួយបាត់ទឹកដី តើបានដើរទៅដល់ព្រំដែនហើយឬនៅ? កុំស្នេហាជាតិ តែលើបបូរមាត់ឱ្យសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម