ព័ត៌មានជាតិ
នយោបាយម៉ឺងម៉ាត់ កសាងរបងការពារបូរណភាពទឹកដីដ៏រឹងមាំ របស់រដ្ឋាភិបាលកម្ពុជា
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា កម្ពុជាមានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ទាំងសម្តេចតេជោ ទាំងសម្តេចធិបតី បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់ និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ បង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន ប៉ុស្តិ៍នគរបាលព្រំដែន និងវត្តមានប្រជាពលរដ្ឋនៅតាមព្រំដែន ព្រមទាំងការជំរុញការអភិវឌ្ឍតំបន់ព្រំដែន រួមទាំងវិធានការនានា ដូចជា ការមិនអនុញ្ញាតឱ្យពលរដ្ឋលក់ ឬជួលដីតាមព្រំដែនឱ្យប្រទេសជិតខាង និងមិនអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិដីធ្លីនៅកម្ពុជាជាដើម គឺជាចក្ខុវិស័យដ៏វែងឆ្ងាយ ច្បាស់លាស់ និងម៉ឺងម៉ាត់ ក្នុងការកសាងរបងការពារបូរណភាពទឹកដីដ៏រឹងមាំ របស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈការបង្ហោះសារលើបណ្ដាញសង្គម នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ មុននេះ លោក ប៉ែន បូណា បានពន្យល់ថា កម្ពុជាមានបង្គោលព្រំដែនដ៏រឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាង ដើម្បីកសាងរបងផ្ទះឱ្យបានច្បាស់លាស់ និងមាំទាំក្នុងគោលបំណងធានាឱ្យបាននូវបូរណភាពទឹកដីរបស់ខ្លួនឱ្យបានជាដាច់ខាត។
ផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងឡើងភ្លាមៗក្រោយពីបង្គោលព្រំដែនត្រូវបានបោះរួចដើម្បីធ្វើជាខ្សែក្រវាត់ទី២ បន្ទាប់ពី បង្គោលខ័ណ្ឌសីមា។ ផ្លូវនេះមានសារសំខាន់ណាស់ ពីព្រោះវាមិនគ្រាន់តែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលតាមបណ្តោយព្រំដែន និងអាចដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារដោយងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែ មានផ្លូវគឺមានការអភិវឌ្ឍ។ ការអភិវឌ្ឍតាមបណ្តោយព្រំដែន គឺជាគ្រឹះដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។
ប៉ុស្តិ៍នគរបាលត្រូវបានសាងសង់ជាហូរហែនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែនដើម្បីរក្សាការពារបូរណភាពទឹកដីផង និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនផង។ នេះគឺជាសក្ខីភាពដែលបញ្ជាក់ថា តំបន់ជាប់ព្រំដែនមិនត្រូវបានបោះបង់ចោលឡើយ។ ផ្ទុយទៅវិញ គឺជាតំបន់ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋបានទៅតាំងទីលំនៅតាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើងដែលធ្វើឱ្យតំបន់ព្រំដែនមានសកម្មភាពរស់រវើក ដូចជាការលក់ដូរ វត្តអារាម សាលារៀន ការប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ និងការនេសាទត្រីជាដើម។ ប្រជាពលរដ្ឋទាំងនោះហើយដែលជាឆ្មាំការពារបូរណភាពទឹកដីដ៏រឹងមាំ។ រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ព្រំដែននៅគ្រប់ទីកន្លែង។
លោក ប៉ែន បូណា លើកឡើងបន្តថា រាជរដ្ឋាភិបាលមានគោលនយោបាយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមជាយដែន។ ចំណុចទាំងឡាយដូចបានលើកឡើងខាងលើសុទ្ធសឹងជាយុទ្ធសាស្ត្រស៊ីជម្រៅ និងជាក់លាក់ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្ស និងស្ថិតស្ថេរចីរកាលជារៀងរហូតសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។
គួរបញ្ជាក់ថា កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់