ព័ត៌មានជាតិ
ព្រំដែនកម្ពុជា-វៀតណាម៖ ខ្សែទឹកព្រំដែនជាប់គ្នា ត្រូវបោះបង្គោលភ្លោះ មួយនៅទឹកដីកម្ពុជានិងមួយទៀតនៅទឹកដីវៀតណាម
តាមការស្រាយបញ្ជាក់ពីរដ្ឋបាលខេត្តកណ្ដាលឆ្លើយតបការផ្សព្វផ្សាយបំផ្លើសពីផេកមួយ ដែលចោទថាព្រំដែនកម្ពុជានៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (អតីតស្រុកកោះធំ) ខេត្តកណ្ដាលចេះហែលទឹក អាជ្ញាធរខេត្តកណ្ដាលក៏ពន្យល់ពីបច្ចេកទេសក្នុងការបោះបង្គោលព្រំដែនករណីព្រំដែនខណ្ឌចែកដោយខ្សែទឹក។
រដ្ឋបាលខេត្តកណ្តាលបានបកស្រាយបំភ្លឺថា ជាលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេឬផ្លូវទឹក ភាគីទាំងពីរ (កម្ពុជា-វៀតណាម) ត្រូវបោះបង្គោលព្រំដែនភ្លោះនៅសងខាងទន្លេ ឬផ្លូវទឹកនោះ ដោយបង្គោលមួយត្រូវបោះនៅមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងវៀតណាម។
រដ្ឋបាលខេត្តកណ្តាលក៏លើកឡើងករណីជាក់ស្ដែងបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (អតីតស្រុកកោះធំ) ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបានឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយ ដោយខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកទន្លេបាសាក់។
ជាក់ស្ដែងបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ជាបង្គោលមួយក្នុងចំណោមបង្គោលភ្លោះ ទាំងពីរ (បង្គោលលេខ 245/4(1) និងបង្គោលលេខ 245/4(2)) ដែលត្រូវបោះនៅសងខាងច្រាំងទន្លេ បាសាក់ គឺបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ត្រូវបោះនៅមាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងទឹកដីកម្ពុជា រីឯបង្គោលព្រំដែនលេខ 245/4(2) ត្រូវបោះនៅមាត់ច្រាំងម្ខាងទៀតនៃទន្លេបាសាក់ស្ថិតក្នុងទឹកដីវៀតណាម។
ចំពោះខ្សែព្រំដែនគឺដើរតាមបន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹកទន្លេបាសាក់ ដែលស្ថិតនៅចម្ងាយប្រមាណ ៨៧ ម៉ែត្រ ពីបង្គោលព្រំដែនលេខ 245/4(1) (ខ្សែព្រំដែនពុំមែនស្ថិតនៅចំទីតាំងបង្គោលនោះទេ)។
ទាក់ទងករណីការបោះបង្គោលព្រំដែនទឹកនៅកោះធំ ខេត្តកណ្ដាលជាប់ព្រំដែនវៀតណាមនេះដែរ ប្រមុខដឹកនាំកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏លើកយកទៅបញ្ជាក់បន្ថែមដល់ពលរដ្ឋឲ្យបានច្បាស់ពីកិច្ចការបោះបង្គោលព្រំដែនទឹកជាប់គ្នានេះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើង ដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតីបានគូសបញ្ជាក់ថា បង្គោលនេះដើរតាមផ្លូវទឹក ដើរតាមផ្លូវទន្លេ។ កាលជំនាន់បារាំង ការបោះបង្គោលធ្វើនៅលើច្រាំង។ កាលណាបោះបង្គោលនៅលើច្រាំងកម្ពុជា កម្ពុជាចង់ចុះប្រើប្រាស់ទឹកត្រូវសុំវៀតណាម។ បើបោះបង្គោលលើច្រាំងប្រទេសវៀតណាម បើពលរដ្ឋវៀតណាមចង់ប្រើប្រាស់ទឹកត្រូវសុំពីកម្ពុជា។
ដូច្នេះដើម្បីកុំឲ្យពិបាក រដ្ឋាភិបាលបានចរចាបោះបង្គោលភ្លោះ។ មួយនៅទឹកដីកម្ពុជានិងមួយទៀតនៅទឹកដីវៀតណាម ដើម្បីប្រើប្រាស់ផ្លូវទឹករួមគ្នាកុំឲ្យពិបាកសុំគ្នាទៅវិញទៅមក។
បើតាមរដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា កន្លងមកច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម បានទទួលរងការបាក់ស្រុត និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងដីស្រែចម្ការមួយចំនួនរបស់ប្រជាពលរដ្ឋ ព្រមទាំងបានគំរាមកំហែងដល់បង្គោលព្រំដែន ដែលបានបោះនៅលើមាត់ច្រាំងទន្លេនិងព្រែក ក្នុងនោះមានបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងបង្គោលព្រំដែនបំពេញបន្ថែមលេខ 246/2(1) ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន (អតីតស្រុកកោះធំ)។
ដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហូវ និងព្រែកជ្រៃធំ-ប៊ិញយី គណៈកម្មការអន្តរក្រសួងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងឱ្យបានទាន់ពេលវលា ដោយបានសង្គ្រោះច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ ព្រមទាំងផ្ទះសម្បែង ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និងជាពិសេសរក្សាបាននូវស្ថិរភាពច្រាំងនិងបង្គោលព្រំដែន ប្រកបដោយសុវត្ថិភាព ព្រមទាំងបានប្រែក្លាយពីតំបន់ដែលរងការបាក់ស្រុត ទៅជាតំបន់ដែលមានច្រាំងរឹងមាំ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសួនច្បារសាធារណៈដ៏ស្រស់ស្អាត ដែលអាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់ប្រទេសជាតិនិងប្រជាជន៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់