សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីអះអាងថា ក្រុមហ៊ុនខ្មែរកាន់កាប់ ភាគហ៊ុនធំក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាគម្រោង BOT ដែលដែលមានភាគទុនិកខ្មែរកាន់កាប់ភាគហ៊ុនធំជាងបរទេស។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹក ០៥ ខែសីហា ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖«គម្រោងនេះ គឺជាគម្រោង BOT មិនមែនជាគម្រោងកម្ចីរបស់រដ្ឋាភិបាល ទៅខ្ចីប្រទេសណានោះទេនៅក្នុងក្រុមហ៊ុនវិនិយោគឯកជននេះ គឺក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ»។
សម្ដេច ហ៊ុន ម៉ាណែបានឱ្យដឹងថា ព្រែកជីកហ្វូណនតេជោមាន ២ កំណាត់ ដែលកំណាត់ទី១ ប្រវែង ២១ គីឡូម៉ែត្រ ពីព្រែកតាកែវ ដល់ទន្លេបាសាក់ ជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ១០០% និងមានសហគ្រាសសាធារណៈរបស់រដ្ឋមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ៥១% ក្រៅពីនោះ មានក្រុមហ៊ុន OCIC ៤៩%។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើការដឹកជញ្ជូនតាមផ្លូវទឹក ដែលនឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្ម។ ហើយថា នឹងនាំមកនូវការវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ការដឹកជញ្ជូន និងអចលនទ្រព្យ និងសក្ដានុពលនៃការវិវត្តដល់តំបន់ដែលព្រែកជីកនេះហូរកាត់។
សម្ដេចបញ្ជាក់ថា ផ្លូវទឹកភ្ជាប់ទៅសមុទ្រនេះ មិនត្រឹមតែបម្រើដល់ពាណិជ្ជកម្មអន្តរជាតិនោះទេ ប៉ុន្តែជាការធានាដល់ប្រព័ន្ធស្រោចស្រព ដែលជួយជំរុញកសិកម្មផងដែរ។
ព្រែកជីកហ្វូណនតេជោ ចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។
ផ្លូវទឹកនេះ មានប្រវែងមុខកាត់ខាងលើប្រវែង ១០០ ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ ម៉ែត្រ ជំរៅ ៥,៤ ម៉ែត្រ និងមានគន្លងនាវាចរចំនួន ២ ដែលអាចឱ្យនាវាទម្ងន់ ១ ពាន់តោន (ស្ដង់ដារគណៈកម្មការទន្លេមេគង្គ) ដល់ ៣ ពាន់តោន (ស្ដង់ដារចិន) អាចបើកតាមផ្លូវទឹកនេះបាន។
គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្រ។
គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។
កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ