ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រែកជីកហ្វូណនតេជោ ជាជំហានថ្មី ដែលកម្ពុជាធ្វើជាម្ចាស់ជោគវាសនារបស់ខ្លួន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ ក្រៅពីផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងសង្គម គឺជានិមិត្តរូបនៃការឈានជើងមួយជំហានទៀតរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងអធិបតេយ្យសេដ្ឋកិច្ច ដើម្បីជាម្ចាស់ជោគវាសនារបស់ប្រទេសខ្លួនដ៏រឹងមាំ។
ឯកឧត្តម បានសរសេរសំណេរលើហ្វេសប៊ុកបែបនេះ ក្នុងឱកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ ក្នុងការបើកការដ្ឋាននេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងសង្កត់ធ្ងន់ក្នុងនាមជាកូនខ្មែរមួយរូប និងនិយាយប្រកបដោយមោទនភាពថា “ខ្មែរអាចធ្វើបាន ដើម្បីខ្មែរ!”។
ឯកឧត្តម បន្តថា ក្រៅពីប្រយោជន៍សេដ្ឋកិច្ច និងសង្គម ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃការឈានជើងមួយជំហានថែមទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងអធិបតេយ្យសេដ្ឋកិច្ច ដើម្បីធ្វើជាម្ចាស់ជោគវាសនាប្រទេសជាតិខ្លួនឯងប្រកបដោយភាពរឹងមាំ និងយូរអង្វែង។ ឯកឧត្តមថា អ្វីដែលកូនខ្មែរគួរមានមោទនភាពថែមទៀតនោះ គឺព្រែកជីកហ្វូណនតេជោ ធ្វើឱ្យរស់រានឡើងវិញនូវសក្តានុពលនៃនយោបាយទឹក ដែលបានជួយឱ្យបុព្វបុរសកសាងបានអាណាចក្រដ៏រុងរឿងក្នុងសម័យអតីតកាល។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាថា៖ “យើងមិនត្រូវប្រៀបធៀបអ្វីដែលយើងធ្វើនេះជាមួយអ្នកដទៃដែលមានលទ្ធភាព មានភព្វសំណាងជាងយើងកាលពីមុននោះទេ តែយើងត្រូវប្រៀបធៀបអ្វីដែលយើងសម្រេចបានថ្ងៃនេះ ទៅនឹងអ្វីដែលយើងមិនធ្លាប់មាននៅទីនេះ កាលពីមុន”។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រវត្តិសាស្រ្តរបស់ខ្មែរ ត្រូវបានចុចប៊ូតុងបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមជាមួយការអបអរសាទររបស់ប្រជាជនខ្មែរគ្រប់ទិសទី។ ព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១៧០០លានដុល្លារ ជាប្រភេទគម្រោងវិនិយោគ BOT ដែលឆ្លងកាត់ខេត្តចំនួន៤ មានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកជីកនេះមានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (នាវាជម្រៅ ៤,៧ ម៉ែត្រ)។ ព្រែកជីកហ្វូណនតេជោ ជាសមិទ្ធផលដ៏វិសេសវិសាលថ្មីមួយរបស់កម្ពុជា ត្រូវបានគេមើលឃើញថា នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនតាមរយៈគម្រោងនេះ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ