Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ​បណ្ឌិត ​ពេជ ចន្ទមុន្នី​៖ ​ភារកិច្ច​ចម្បង​របស់​សិល្បករ​ សិល្បការិនី ​គឺ​ជា​អ្នក​នាំ​សារ​អប់រំ​ ជា​អ្នក​ជួយ​លើក​តម្កើង​តម្លៃ​ស្រ្តី និង​ជា​អ្នក​ជួយ​ដល់​ការងារ​មនុស្សធម៌​នៅ​ក្នុង​សង្គម​កម្ពុជា ​​

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​អនុញ្ញាត​ឱ្យ​សមាគមសិល្បករ​ខ្មែរ ​ដឹក​នាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ចូល​ជួប​សំណេះ​សំណាល ​និង​សម្ដែង​ការ​គួរសម ដោយ​មាន​ការ​ចូល​រូម​ពី​សមាជិក សមាជិកា សិល្បករ សិល្បការិនី ក្នុង​វិស័យ​សិល្បៈគ្រប់​ទម្រ​ង់​ជា​ច្រើន​រូប ​ព្រម​ទាំង​តំណាង​សមាគមកាយប្ញទ្ធិនារី​កម្ពុជា​ និង​សមាគម​ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្ត​យុវជន​សម្ដេចតេជោ ហ៊ុន សែន (TYDA) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសាសន៍​ ក្នុង​ឱកាស​នោះ ​លោក​ជំទាវ​បណ្ឌិត បាន​កោត​សរសើរ​ដល់​សមាគមសិល្បករ​ខ្មែរ​ ដែល​បាន​ចូល​រួម​ថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈខ្មែរ ព្រម​ទាំង​បាន​ជួយ​ដល់​សិល្បករ សិល្បការិនី ដែល​មាន​វ័យ​ចំណាស់ ​និង​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ការ​ជួយ​ពង្រឹង​វិស័យ​សិល្បៈ​ខ្មែរ​ឱ្យ​មាន​ភាព​រីកចម្រើនថែមទៀត ។ លោក​ជំទាវ​បណ្ឌិត​ ក៏​បាន​លើក​ទ្បើង​ផង​ដែរ​ថា ​ភារកិច្ច​ចម្បង​របស់​សិល្បករ ​សិល្បការិនី ​គឺ​ជា​អ្នក​នាំ​សារ​អប់រំ​ ជា​អ្នក​ជួយ​លើក​តម្កើង​តម្លៃ​ស្រ្តី ​និង​ជា​អ្នក​ជួយ​ដល់​ការងារ​មនុស្ស​ធម៌​នៅ​ក្នុង​សង្គម​កម្ពុជា​ ដែល​នេះ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល។

​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។
បន្ទាប់មកលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ រួមទាំងសមិទ្ធផលការងារថ្មីៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ារយៈពេលជាង៣ខែមកនេះ។ ការងារទាំងនោះរួមមានការរៀបចំសមាសភាពក្រុមប្រឹក្សាភិបាល, គណៈប្រតិបត្តិ និងក្រុមការងារសមាគម, ការកែសម្រួលលក្ខន្តិកៈសមាគម, ការប្រមូលកៀរគរធនធានមនុស្សមកពីអន្តរវិស័យ និងធនធានថវិកា ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគមជាដើម។ ដោយឡែកចំពោះសកម្មភាពវិញ សមាគមបានរៀបចំ និងចូលរួមរៀបចំព្រឹត្តិការណ៍សង្គមវប្បធម៌ជាច្រើនរួចមកហើយ ហើយថ្មីៗនេះក៏បានដឹកនាំសិល្បករ-សិល្បការិនី ប្រមាណ២០០នាក់ ចូលរួមអបអរសាទរមហាព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណតេជោ»ផងដែរ រួមទាំងសកម្មភាពសប្បុរសធម៌ជួយ​សម្រួលដល់ជីវភាពសិល្បករចាស់ជរា និងបាត់បង់សមត្ថភាពក្នុងការសម្តែង ត្រូវបានអនុវត្តជាបន្តបន្ទាប់។

ក្រៅអំពីនេះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏បានជម្រាបជូនពីផែនការសកម្មភាពនានាជាបន្តបន្ទាប់របស់សមាគមក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាបានបង្ហាញឆន្ទៈប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងនោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បានស្នើឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ ជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ដើម្បីធ្វើកិច្ចការងារ សង្គមរួមគ្នាផងដែរ។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជាបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានក្នុងរយៈពេលកន្លងមកនេះ ដែលបានធ្វើកិច្ចការងារជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ ក៏ដូចជាកិច្ចការងារចូលរួមចំណែកជួយដល់សង្គមជាតិ។ លោកជំទាវបណ្ឌិតក៏សូមកោតសរសើរនូវការផ្ដួចផ្ដើមបង្កើតសមាគមសិល្បករនេះឡើង នាអាណត្តិជាបន្តបន្ទាប់កន្លងមកផងដែរ ព្រោះការងារបង្កើតសមាគម ឬអង្គការជារឿងងាយស្រួល តែការថែរក្សា និងការគ្រប់គ្រងឱ្យមានសកម្មភាពជារឿងលំបាក។

ទោះបីជាយ៉ាងណា លោកជំទាវបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ណែនាំជាច្រើនដល់ជាអាទិ៍៖
*ទី១៖ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើយ៉ាងណាពង្រីកវិសាលភាពបន្ថែមទៀត តាមរយៈការប្រមូលសិល្បករដែលមិនទាន់បានចុះឈ្មោះជាសមាជិក ឱ្យក្លាយជាសមាជិក ដើម្បីងាយស្រួលបានដឹងពីសុខទុក្ខ និងធ្វើការជាមួយគ្នាបានល្អ ជាពិសេសអាចជួយគ្នាទៅវិញទៅមកបាន។
*ទី២៖ បន្តចូលរួមលើកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសការថែរក្សា និងអភរិក្សចំពោះទម្រង់សិល្បៈវប្បធម៌ ដែលកំពុងមានការប្រឈម តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីនាពេលកន្លងមក ដោយខិតខំអភិរក្សធនធានទាំងនោះឡើងវិញ។
*ទី៣៖ លោកជំទាវក៏បានស្នើសុំឱ្យសមាគមធ្វើយ៉ាងណា គិតគួរដល់អ្នកជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះថាសិល្បករ-សិល្បការិនី ជំនាន់មុនមានវ័យកាន់តែចាស់ទៅហើយ។ ក្នុងនោះមានទម្រង់សិល្បៈមួយចំនួនកាន់តែខ្សត់អ្នកចង់រៀនសូត្របន្តវេន។ ដូច្នេះអាចគិតគួរធ្វើយ៉ាងណាឱ្យកូនៗរបស់អ្នកសិល្បករ-សិល្បការិនី ដែលចង់បន្តវេនពីឪពុកម្ដាយរបស់ពួកគាត់។
*ទី៤៖ លោកជំទាវបណ្ឌិតបានស្នើដល់សិល្បករ-សិល្បការិនីទាំងអស់ ធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងទេសចរណ៍របស់ជាតិតាមរយៈការស្លៀកពាក់ ដោយផ្សារភ្ជាប់ជាមួយតំបន់ទេសចរណ៍ជាដើម។

*ទី៥៖ លោកជំទាវបានស្នើដល់អ្នកសិល្បៈមានការប្រុងប្រយ័ត្ន គួរចៀសវាងការបង្កើតមាតិការណាមិនពិតទៅជារឿងបំពុលសង្គម ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ជាពិសេសរឿងជំនឿសាសនា។ ពោលគឺត្រូវធ្វើជាគំរូសម្រាប់អ្នកគាំទ្រ ក្នុងការផ្សព្វផ្សាយពីសីលធម៌ គុណធម៌ សច្ចធម៌ជាដើម។
*ទី៦៖ លោកជំទាវបណ្ឌិតជំទាវបានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើការផ្សារភ្ជាប់ជាមួយវិស័យឯកជន ជាពិសេសវិស័យសិល្បៈបុរាណ ដែលអាចជួយលើកតម្កើង និងជួយដល់ជីវភាពសិល្បករផងដែរ។
ជាចុងបញ្ចប់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ក៏បានស្វាគមន៍នូវសំណើររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា ក៏ដូចជាសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការធ្វើការងារសង្គម សិល្បៈវប្បធម៌ និងការងារមនុស្សធម៌រួមគ្នានៅពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម