Connect with us

កីឡា

យុទ្ធគុនបុរាណ​ខ្មែរពាន​«សម្តេច​ធិបតី»នឹង​ធ្វើរាល់ឆ្នាំ​ជាមួយ​ច្បាប់​ថ្មី និង​មានតម្លៃបំផុត​

បានផុស

នៅ

ការ​ប្រកួត​កីឡា​យុទ្ធគុន​បុរាណ​ខ្មែរ​ពាន​រង្វាន់«សម្តេច​ធិបតី» នឹង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​​ដោយ​មាន​គោល​បំណង​អភិរក្ស និងអភិវឌ្ឍ​កីឡាយុទ្ធគុន​​បុរាណ​ខ្មែរ​​​ឲ្យ​​រីក​ចម្រើន​ទាំង​​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេស​រដ្ឋ​មន្ត្រី ថោង ខុន ទទួល​បន្ទុក​​ជំរុញ​ចលនា​អភិវឌ្ឍ​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៧​ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​កម្ពុជាអូឡាំពិក​កម្ពុជា​ថា កម្មវិធី​ប្រកួត​កីឡា​យុទ្ធ​បុរាណ​ខ្មែរ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ សម្តេច​ធិបតី​មាន​ចក្ខុវិស័យ​​វែង​ឆ្ងាយ​ក្នុង​​ការ​អភិរក្ស និង​អភិវឌ្ឍ​កីឡា​យុទ្ធ​គុន​បរាណ​ខ្មែរ​ឲ្យ​មាន​បែប​បទ ស្តង់ដា បច្ចេកទេស និងច្បាប់​ទម្លាប់​ច្បាស់​លាស់​​។

លោក ថោង ខុន ​មាន​ប្រសាសន៍​ថា ៖«យើង​មាន​កីឡា​ច្រើន​ប្រភេទ​​​​នៅ​កប់ មិន​ទាន់​បាន​បង្ហាញ​ឲ្យ​មហាជន​ដឹង។ ​គោល​ដៅ​របស់​យើង​គឺ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ ប៉ុន្តែ​មិន​ឈាន​ដល់​អភិរក្ស និង​​អភិរក្ស។ យើង​ត្រូវ​សិក្សា​ ស្រាវ​ជ្រាវ គាស់​រំលើង​ឡើងវិញ​ ​ចង់​ក្រង​​ឲ្យ​ច្បាស់​លាស់។ យើង​នៅ​មាន​​ក្បាច់​គុន​ខ្មែរ​​ច្រើន​ទៀត​​ដែល​​កប់​​នៅ​ក្នុង​សហគម​ ដូច្នេះ​ហើយ​បាន​ជា​សម្តេច​ធិបតី​​ផ្តួច​ផ្តើម​ឲ្យ​យើង​ទាំង​អស់​គ្នា​រៀបចំ​ឡើង​វិញ ចង​ក្រង​ឲ្យ​បាន​ច្បាស់​លាស់ និង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​​ទៀង​ទាត់។ បើ​ចង់​ឲ្យ​មាន​ការ​អភិរក្ស​ ទាល់​តែ​មាន​ការ​ចង​ក្រង ​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ ទាល់​តែ​មាន​ការ​ប្រកួត ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រកួត​អន្តរជាតិ»។

កាល​ពី​ពេល​ថ្មី​ៗ​នេះ សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី​បានចេញ​សេចក្តី​សម្រេច​​​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​បុរាណ​ខ្មែរ​ដែល​មាន​​លោក ថោង ខុន ជា​ប្រធាន និង​មាន​អនុប្រធាន​ សមាជិក​ជា​ច្រើន​រូប​ទៀត ក្នុង​នោះ​​អាជ្ញាធរ​តាម​បណ្តា​ខេត្ត-ក្រុង​ក៏​មាន​ឈ្មោះ​ជា​អនុប្រធាន​ផង​ដែរ។

ការ​ប្រកួត​នឹង​​​ធ្វើ​ឡើង​​ជា​រៀង​រាល់​ឆ្នាំ​ដែល​ឆ្នាំ​ដំបូង​នេះ​រៀប​ចំ​នៅ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​នឹង​ធ្វើ​​នៅ​តាម​បណ្តា​ខេត្ត។ តាម​អនុសាសន៍​របស់​សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី​ចង់​ឲ្យ​រៀបចំ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ដោយសារ​ពេល​វេលា​អំណោយ​ផល និង​មាន​ធន​ធាន​ច្រើន​ស្រាប់ ដូច្នេះ​សម្រេច​រៀបចំ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ម្តង​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨-១៩-​២០ ខែ​តុលា ឆ្នាំ​២០២៤។ សម្តេច​ធិបតីនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ជាធិបតី​ទាំង​​ពិធីបើក និង​ពិធី​បិទ​។

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​រហូត​ដល់​ពេល​នេះ មាន​កីឡា​យុទ្ធ​គុន​ខ្មែរ​មួយ​ចំនួន​ដែល​​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​គឺ គុន​ល្បុក្កតោ​​ គុន​ខ្មែរ​ គុន​ចម្រុះ យុទ្ធក្រម​ខម ​ខ្លាក្រាប ​ក្រពើហា ស្រង៉ែពែន និងក្បាច់​គុន​កង​យោធពល​ខេមរភូមិន្ទ​ជា​ដើម។

កីឡាករ កីឡាការិនី​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ដល់​៦៥​ឆ្នាំ ដែល​ជា​អ្នក​ហ្វឹក​ហាត់​កីឡា​ ទោះ​នៅ​ខេត្ត ឬ​ក្រុង​សុទ្ធ​តែ​អាច​ចូល​រួម​ប្រកួត​បាន​ទាំង​អស់។ អត្តពលិក​ទាំង​នៅរាជ​ធានី ខេត្ត ដែល​មានសហព័ន្ធ​កីឡា គ្មាន​សហព័ន្ធ​ក្តី​ក៏​អាច​ចូល​រួម​ប្រកួត។

ច្បាប់​នៃ​ការ​ប្រកួត​គឺ គ្រប់​ប្រភេទ​កីឡា​មាន​តែ២​នាទី​ក្នុង​១​ទឹក ហើយ​ប្រកួត​​មាន​តែ​​​២​ទឹក​ប៉ុណ្ណោះ​សម្រាប់វិញ្ញាសា​ប្រយុទ្ធ ខណៈ​វិញ្ញាសា​សម្តែង​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​សហព័ន្ធ​សាមី។ គ្រប់​ប្រភេទ​កីឡា​សុទ្ធ​តែ​​​មាន​វិញ្ញាសា​សម្តែង និង​វិញ្ញាសា​ប្រយុទ្ធ ដែល​មាន​ទាំង​កម្រិត​អាជីព និង​​ស្ម័គ្រ​ចិត្ត (មិន​អាជីព) ​ដែល​​ប្រកួត​ក្រោម​ច្បាប់ បច្ចេកទេស​ និង​​គោល​ការណ៍​​​ថ្មី​។

ទោះ​បី​ជា​យ៉ាង​ណា ច្បាប់ និង​គោល​ការណ៍​​នៅ​មិន​ទាន់​ត្រូវ​បាន​ពន្យល់​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ តាម​ការ​កំណត់ វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ​គោល​ការណ៍​ និង​ច្បាប់​ថ្មី ​នេះ​នឹង​បណ្តុះ​បណ្តាល​ដល់​ក្រុម​ការងារ​គ្រូ​បង្វឹក​នា​ចុង​​ខែ​សីហា​នេះ និង​វគ្គ​បណ្តុះ​បណ្តាល​ដល់​ចៅ​ក្រម និង​អាជ្ញា​កណ្តាល​នឹង​ធ្វើ​នៅ​ខែកញ្ញា។

លោក វ៉ាត់ ចំរើន បាន​បង្ហើប​ឲ្យ​ដឹង​ថា ដើម្បី​លើក​ទឹក​ចិត្ត និង​ធ្វើ​ឲ្យ​មាន​តម្លៃ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កំពុង​រៀប​ចំ​​រង្វាន់​លើក​ទឹក​ចិត្ត​មាន​ដូចជា​ ប្រាក់​រង្វាន់ ម៉ូតូ និង​រថយន្ត​ ប៉ុន្តែ​មិន​ទាន់​ផ្លូវ​ការនៅ​ឡើយទេ ពី​ព្រោះ​កំពុង​ស្នើ​សុំ​ទៅ​រាជ​រដ្ឋាភិបាល។ ទោះ​បី​ជា​យ៉ាង​ណា តម្លៃ​នៃ​ការ​រៀបចំ​ដែល​ផ្តួល​ផ្តើម​ឡើង​ដោយ​នាយក​រដ្ឋ​មន្ត្រីពិត​ជា​មា​អត្ថន័យ​ខ្លាំង​ណាស់​សម្រាប់​កីឡាករ កីឡាការិនី​ដែល​បាន​ចូល​រួម​ប្រកួត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

ព័ត៌មានជាតិ២៩ នាទីutes មុន

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ព្រិលធ្លាក់ខ្លាំងនិងព្យុះកំបុតត្បូងកំពុងវាយប្រហារសហរដ្ឋអាមេរិក

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និង​ប៉ះពាល់​ដល់១១ខេត្ត

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ាគឺអាក្រក់បំផុតក្នុងរយៈពេល៤០ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម