ព័ត៌មានជាតិ
សម្តេចធិបតី៖ វត្តមានសាកលវិទ្យាល័យអង់ គ្លេស បង្ហាញពីការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា
ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia” គឺជាសាកលវិទ្យាល័យទីមួយដែលមានស្តង់ដារបស់ប្រទេសអង់គ្លេស បានបង្ហាញវត្តមាននៅកម្ពុជា និងជាសាខាទីមួយដំបូងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។
សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៤ ក្រោមវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។
ជាមួយនឹងវត្តមាននេះ សម្តេចធិបតី បានបង្ហាញមោទនភាពដែលសាកលវិទ្យាល័យ ឌី ម៉ុនហ្វត បានជ្រើសរើសប្រទេសកម្ពុជាជាទីតាំងវិនិយោគរយៈពេលវែង។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏ដូចជាគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យដែលបានសហការគ្នារហូតបានសមិទ្ធផលនេះ។
សម្តេចធិបតី គូសបញ្ជាក់ថា៖«វត្តមានសាកលវិទ្យាល័យនេះ បង្ហាញពីការទទួលស្គាល់នូវគុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរដែលអាចចូលរៀនបាន ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងអប់រំកម្រិតអន្តរជាតិ»។
សាកលវិទ្យាល័យ ឌី ម៉ុនហ្វត សម្រេចជ្រើសរើសប្រទេសកម្ពុជាជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារសាកលវិទ្យាល័យនេះបានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋានរហូតដល់កម្រិតឧត្តមសិក្សា។ ការអប់រំកំពុងតែមានឥទ្ធិពលទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលនៅតែបន្តឥតឈប់ឈរក្នុងការបន្តពង្រឹងគុណភាព និងបង្កើនសក្តានុពលក្នុងវិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម។
សម្តេចធិបតី ក៏មិនភ្លេចលើកឡើងដែរថា វត្តមាននេះ គឺជាការទទួលស្គាល់ស្ថេរភាពនយោបាយ ការរីកចម្រើនសេដ្ឋកិច្ច និងសក្តានុពលកំណើនតទៅអនាគតរបស់កម្ពុជា ជាពិសេសគឺការវាយតម្លៃទៅលើការចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើងស្របតាមការអភិវឌ្ឍន៍ជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា។
ពិតណាស់ថា ការវិនិយោគលើសាកលវិទ្យាល័យត្រូវការទុនច្រើន ជាពិសេសលើការបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធទុន និងរឹង ដូច្នេះការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃដោយប្រាកដ និងដោយភាពប្រុងប្រយ័ត្នបំផុត។ សម្តេចធិបតី មានប្រសាសន៍ថា៖«ខ្ញុំគិតថា ការសម្រេចចិត្តរបស់សាកលវិទ្យាល័យដោយជ្រើសរើសយកប្រទេសកម្ពុជា ជាទីតាំងបង្កើតសាខាទីមួយ របស់ខ្លួននៅតំបន់អាស៊ីអគ្នេយ៍ គឺជាសក្ខីភាពបញ្ជាក់ទំនុកទុកចិត្តដ៏រឹងមាំចំពោះបរិយាកាសវិនិយោគ និងអំណាចទីផ្សាររបស់កម្ពុជា»។
វត្តមានរបស់សាកលវិទ្យាយនេះ នឹងក្លាយជាកត្តាលីករជំរុញការប្រកួតប្រជែងគុណភាពអេប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសកាន់តែសំបូរបែបដល់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា។ វត្តមាននៃសាកលវិទ្យាល័យគឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំដល់ឧត្តមសិក្សា ដោយហេតុថាសាកលវិទ្យាល័យនេះត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសាកលមួយរបស់អង្គការសហប្រជាជាតិ និងជាដៃគូសហការជាមួយមជ្ឈមណ្ឌលអប់រំនានា តាមរយៈការស្រាវជ្រាវ និងការងារសហគមន៍នៅឧត្តមសិក្សា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធធិបតី មើលឃើញថា សាកលវិទ្យាល័យ ឌី ម៉ុនហ្វត អាចជួយកម្ពុជាក្នុងការបំពេញលំហូរចេញនូវធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែង ពោលនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។
ជាមួយគ្នានេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិក វីលៀម បានលើកឡើងថា« វត្តមាន និងបទពិសោធន៍នៃសាកលវិទ្យាល័យ ឌី ម៉ុនហ្វត នៅទីនេះ បង្ហាញថា រដ្ឋាភិបាលបានផ្តល់អាទិភាពនៅលើវិស័យអប់រំ និងបង្ហាញថា កម្ពុជា មានបរិយាកាសដ៏ល្អសម្រាប់ការវិនិយោគបរទេស»។
លោកបន្តថា វត្តមានរបស់សាកលវិទ្យាល័យនេះ គឺជាផ្នែកសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអង់គ្លេសដែលបានធ្វើការងារលើវិស័យអប់រំនៅកម្ពុជា ដែលមានចំណុចសំខាន់៣ គឺការគាំទ្រដំណើរការបន្ទាប់របស់កម្ពុជា ដើម្បីផ្តល់ជូននូវជំនាញដែលចាំបាច់ក្នុងការអភិវឌ្ឍន៍ប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា