ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានថា បើហ៊ានវាយអ៊ីស្រាអែល អ៊ីរ៉ង់នឹងជួបហានិភ័យខ្ពស់
សហរដ្ឋអាមេរិក បានព្រមានថា អ៊ីរ៉ង់នឹងជួបប្រទះនូវហានិភ័យធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចនិងរដ្ឋាភិបាលរបស់ខ្លួន ហើយទំនងជានឹងធ្វើឲ្យជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសកាន់តែរីកធំឡើង ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារសងសឹកឲ្យមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសគឺ លោក Ismail Haniyeh ដែលត្រូវបានសម្លាប់នៅទីក្រុងតេហេរ៉ង់កាលពីសប្ដាហ៍មុន។
បើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal សហរដ្ឋអាមេរិកបានទាក់ទងទៅប្រទេសអ៊ីរ៉ង់ថា ហានិភ័យនៃការកើនឡើងជម្លោះគឺ «ខ្ពស់ខ្លាំងណាស់» បើអ៊ីរ៉ង់អនុវត្តការវាយប្រហារសងសឹកពិតមែន។ មន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះមួយរូប បាននិយាយថា៖ «វាមានហានិភ័យធ្ងន់ធ្ងរនៃផលវិបាកសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ និងស្ថិរភាពនៃរដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មីរបស់ខ្លួន ប្រសិនបើខ្លួនហ៊ានដើរតាមផ្លូវនោះ»។
មេដឹកនាំក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់ លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតអំឡុងពេលស្នាក់នៅទីក្រុងតេហេរ៉ង់ កាលពីចុងខែកក្កដា ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Masoud Pezeshkian។ អ៊ីស្រាអែលត្រូវបានស្តីបន្ទោសភ្លាមៗចំពោះការធ្វើឃាតនេះ ព្រោះអីអ៊ីស្រាអែលធ្លាប់បានប្រកាសថានឹងសម្លាប់លោក Haniyeh និងមេដឹកនាំក្រុមហាម៉ាសផ្សេងទៀត ក្រោយផ្ទុះសង្គ្រាមពីថ្ងៃទី៧ខែតុលា ដែលបានសម្លាប់មនុស្ស ១២០០នាក់ និងមានមនុស្សរាប់រយនាក់ទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។
អ៊ីរ៉ង់បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវាយប្រហារតបតទៅលើអ៊ីស្រាអែល តែអ៊ីរ៉ង់មិនបានបញ្ជាក់ពីវិសាលភាព និងពេលវេលាជាក់លាក់នៃការវាយប្រហារសងសឹកនេះទេ។ វាផ្ទុយពីលើកមុន ដែលនៅកាលពីខែមេសា អ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកភ្លាមៗដោយប្រើមីស៊ីលនិងដ្រូនទៅលើអ៊ីស្រាអែល បន្ទាប់ពីមេបញ្ជាការជាន់ខ្ពស់របស់ខ្លួនម្នាក់ត្រូវបានអ៊ីស្រាអែលសម្លាប់នៅក្នុងប្រទេសស៊ីរី។
ភាពតានតឹងទាំងនេះ បានកើតឡើងចំពេលដែលមេដឹកនាំកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកបានជំរុញឲ្យអ៊ីស្រាអែលបន្តកិច្ចចរចាជាមួយក្រុមហាម៉ាសនៅថ្ងៃទី១៥ខែសីហា។ សេចក្តីថ្លែងការណ៍រួមមួយរបស់ប្រទេសទាំង៣កាលពីថ្ងៃព្រហស្បតិ៍ បានរៀបរាប់ថា៖ «វាដល់ពេលហើយដើម្បីសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនិងអ្នកទោស»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបញ្ជូនក្រុមចរចានៅថ្ងៃទី១៥ខែសីហា ដើម្បីបញ្ចប់សេចក្ដីលម្អិតនៃក្របខ័ណ្ឌបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ក្រុមអ្នកសម្រុះសម្រួល ថា កិច្ចចរចានឹងធ្វើឡើងនៅរដ្ឋធានី Doha របស់ប្រទេសកាតា ឬរដ្ឋធានី Cairo របស់ប្រទេសអេហ្ស៊ីប។ យ៉ាងណា ការសម្លាប់លោក Haniyeh កាលពីសប្តាហ៍មុន ត្រូវបានគេមើលឃើញថាអាចជាការប៉ះពាល់ដល់កិច្ចចរចាបទឈប់បាញ់មួយនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ