ព័ត៌មានអន្ដរជាតិ
តើហេតុអ្វីបានជាអាមេរិក បន្តចាត់ទុកវៀតណាមជាប្រទេសមានសេដ្ឋកិច្ចក្រៅទីផ្សារ?
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានប្រកាសថា អាមេរិកនឹងបន្តចាត់ទុកវៀតណាមថាជាប្រទេសមានប្រព័ន្ធសេដ្ឋកិច្ចក្រៅទីផ្សារ។
អ្នកវិភាគនិយាយថា ការប្រកាសនេះ ត្រូវបានធ្វើឡើង ខណៈទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក បានកើនឡើងខ្ពស់ខ្លាំងគួរឱ្យកត់សម្គាល់ និងក្រោយពេលភាគីទាំង២បានព្រមព្រៀងគ្នាធ្វើជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងបរិបទដែលវៀតណាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងកំណើនឥទ្ធិពលចិនក្នុងតំបន់។ ភាពដ៏ស្មុគស្មាញនៃផលប្រយោជន៍ក្នុងស្រុក ទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ក៏ជាកត្តាសំខាន់ៗជំរុញឱ្យមានការសម្រេចចិត្តចុងក្រោយផងដែរ។
បើតាមក្រសួងពាណិជ្ជកម្មអាមេរិក ការសម្រេចចិត្តបដិសេធសំណើររបស់វៀតណាម ដែលសុំងារជា «ប្រទេសមានសេដ្ឋកិច្ចទីផ្សារ» ធ្វើឡើងដោយមើលឃើញថា រដ្ឋាភិបាលវៀតណាមនៅតែដើរតួនាទីយ៉ាងសំខាន់លើប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស ដែលខុសពីគោលការណ៍សេដ្ឋកិច្ចទីផ្សារ «ទោះបីជាមានការកែទម្រង់សំខាន់ៗរបស់វៀតណាមក្នុងរយៈពេល ២០ ឆ្នាំកន្លងមកក៏ដោយ»។
វៀតណាមថា ត្រូវបានចាត់ជាប្រទេសមានសេដ្ឋកិច្ចក្រៅទីផ្សារ ចាប់តាំងពីឆ្នាំ ២០០២ ក្រោមច្បាប់ស្ដីពីការយកពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃរបស់អាមេរិក។ ក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា ការសម្រេចបន្តងាររបស់វៀតណាម បានធ្វើឡើងដោយផ្អែកតាមការវាយតម្លៃយ៉ាងម៉ត់ចត់នៃមតិយោបល់ពីក្រុមឧស្សាហកម្មក្នុងស្រុករបស់អាមេរិក និងរដ្ឋាភិបាលវៀតណាមផ្ទាល់។
ការវាយតម្លៃរបស់ក្រសួងអស់រយៈពេល១ឆ្នាំ បានរកឃើញថា រដ្ឋាភិបាលវៀតណាមបានបន្តអន្តរាគមន៍លើកិច្ចការសេដ្ឋកិច្ចដូចជាការកំណត់តម្លៃ និងលុយដុង, ធនគារកណ្ដាលរបស់ប្រទេសគ្មានឯករាជ្យភាព, សហគ្រាសរដ្ឋនៅតែដើរតួសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេស, បញ្ហាពាក់ព័ន្ធសិទ្ធិសេរីផ្នែកកម្លាំងពលកម្ម, ការរឹតត្បឹតហួសហេតុលើការវិនិយោគបរទេស និងការបង្កើតបញ្ហាប្រឈមជាច្រើនសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសរបស់រដ្ឋាភិបាល, ការគ្រប់គ្រងលើធនធានរបស់រដ្ឋាភិបាល ដូចជាមធ្យោបាយផលិតកម្ម និងដីធ្លី, ការរីករាលដាលនៃអំពើពុករលួយជាន់ខ្ពស់ និងកង្វះឯករាជ្យភាពរបស់តុលាការជាដើម។
ផ្អែកលើកត្តាទាំងនេះ ក្រសួងបានកំណត់ថា រដ្ឋាភិបាលវៀតណាមនៅតែបន្តលើដំណើរការសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ដោយបង្ខូចតម្លៃផលិត និងតម្លៃផលិតផលរបស់វៀតណាម ហើយរារាំងប្រទេសនេះពីការប្រកាន់យកនូវគោលការណ៍ទីផ្សារសេរី។ ការបន្តជាប់ជាប្រទេសមានសេដ្ឋកិច្ចក្រៅទីផ្សារ មានន័យថា ទំនិញនាំចូលពីវៀតណាមនៅតែជាប់វិធានការគណនាពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃ។
គួរបញ្ជាក់ថា វៀតណាមបានដាក់សំណើកែចំណាត់ងាររបស់ខ្លួន កាលពីខែកញ្ញាឆ្នាំមុន ចំពេលដែលសហរដ្ឋអាមេរិក និងវៀតណាម កំពុងពង្រឹងទំនាក់ទំនងជាមួយគ្នា។ សំណើនេះ ធ្វើឡើងនៅខែតែមួយដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើទស្សនកិច្ចនៅវៀតណាម ហើយបានលើកឈ្មោះទំនាក់ទំនងទ្វេរភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ»។
ជាផ្នែកមួយដើម្បីបង្ហាញសហរដ្ឋអាមេរិកពីការផ្លាស់ប្ដូរទៅរកទីផ្សារសេរីរបស់ខ្លួន វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយសហរដ្ឋអាមេរិក ខណៈអាមេរិកក៏បានដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យ «យុទ្ធសាស្រ្តរូបិយប័ណ្ណមិនស្មើភាព»។
ប្រតិកម្មទៅនឹងការសម្រេចមិនសមតាមបំណង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «វៀតណាមសោកស្តាយ ដែលទោះបីមានការកែលម្អជាវិជ្ជមានច្រើនក្នុងសេដ្ឋកិច្ចវៀតណាមនាពេលថ្មីៗនេះក៏ដោយ ក៏ក្រសួងពាណិជ្ជកម្មអាមេរិក នៅតែមិនទទួលស្គាល់វៀតណាមថាជាប្រទេសសេដ្ឋកិច្ចទីផ្សារ»។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចាត់ប្រទេសចំនួន ១២ ផ្សេងទៀត រួមទាំងចិន រុស្ស៊ី និងកូរ៉េខាងជើង ថាជាប្រទេសមានសេដ្ឋកិច្ចក្រៅទីផ្សារ។ សម្រាប់វៀតណាម ការដកងារនេះចេញគឺជាអាទិភាពមួយ ជាពិសេសនៅពេលដែលប្រទេសនេះបន្តរីកចម្រើនក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់។ ងារជាប្រទេសមានសេដ្ឋកិច្ចក្រៅទីផ្សារ បង្កភាពស្មុគស្មាញដល់ទំនាក់ទំនងពាណិជ្ជកម្មដោយការរក្សាពន្ធខ្ពស់ និងបង្កើតរបាំងពាណិជ្ជកម្មតឹងរ៉ឹងលើទំនិញវៀតណាម ពេលចូលទៅទីផ្សារអាមេរិក។
អ្នកវិភាគលើកឡើងថា ការសម្រេចចិត្តរបស់អាមេរិក គឺជាការជួយដល់ឧស្សាហកម្មក្នុងស្រុកអាមេរិក ដោយវានឹងបន្តវិធានការទប់ទល់លំហូរផលិតផលវៀតណាមដូចទឹកបាក់ទំនប់ចូលទៅក្នុងទីផ្សារអាមេរិក។ គេមើលឃើញថា ការនាំចេញរបស់វៀតណាមទៅអាមេរិក បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដោយកើនពី ២៣,៨៧ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០១៣ ដល់ជិត ១១០ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២២។ ទោះបីតួលេខនេះធ្លាក់ចុះមកនៅត្រឹមប្រហែល ៩៧ ប៊ីលានដុល្លារកាលពីឆ្នាំមុនក៏ដោយ អាមេរិកនៅតែជាទីផ្សារនាំចេញដ៏បំផុតសម្រាប់វៀតណាម ខណៈការនាំចេញទៅអាមេរិករំពឹងថានឹងស្ទុះងើបឡើងវិញនៅឆ្នាំនេះ។
ក្រុមឧស្សាហកម្មអាមេរិក លើកឡើងថា ចំណាត់ថ្នាក់សេដ្ឋកិច្ចក្រៅទីផ្សារសម្រាប់វៀតណាម គឺជាឧបករណ៍ដើម្បីទប់ស្កាត់កំណើននៃការនាំចូលពីប្រទេសនេះ ដូចជាតាមរយៈការប្រើគោលនយោបាយពាណិជ្ជកម្មផ្សេងៗ រួមមានទាំងការប្រឆាំងការលក់បង្ខូចតម្លៃរបស់ទំនិញវៀតណាម ដែលជាការអនុវត្តទីផ្សារមិនស្មើភាពគ្នា ជាដើម។
ជាងនេះទៅទៀត អ្នកវិភាគមើលឃើញផងដែរថា វៀតណាមបានក្លាយទៅជាទិសដៅសម្រាប់ក្រុមហ៊ុនអន្តរជាតិផ្សេងៗ ដែលចង់ធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ ក្រោមយុទ្ធសាស្រ្ត «ចិនបូកមួយ» ដើម្បីជៀសវាងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិក។ ក្រុមហ៊៊ុនចិន ក៏ងាកទៅវៀតណាមក្នុងជំហានដូចគ្នា ដើម្បីគេចពីគោលនយោបាយតម្លើងពន្ធ និងវិធានការប្រឆាំងទំនិញចិនផ្សេងៗទៀតរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។
ប្រសិនបើក្រសួងពាណិជ្ជកម្មអាមេរិក ចាត់ទុកវៀតណាមថាជាប្រទេសមានសេដ្ឋកិច្ចទីផ្សារ នោះបណ្ដាក្រុមហ៊ុនចិនអាចនឹងបង្កើនការដាក់ទីតាំង និងជំរុញផលិតកម្មនៅវៀតណាម ដើម្បីនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»