Connect with us

សុខភាព

កម្ពុជាគ្រោងនឹងប្រើថ្នាំចាក់ អាចបង្ការមេរោគអេដស៍រយៈពេល២ខែ នៅចុងឆ្នាំ២០២៤

បានផុស

នៅ

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល គ្រោងនឹងប្រើថ្នាំចាក់ដែលអាចបង្ការ មេរោគអេដស៍រយៈពេល២ខែនៅចុងឆ្នាំ២០២៤នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត អ៊ុក ​វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើស្បែក​ និង​កាមរោគ​នៃ​ក្រសួងសុខាភិបាល​បាន​ឱ្យដឹង​នៅ​ព្រឹកថ្ងៃទី​១១ ខែសីហាថា ​តាមគម្រោងនឹងដាក់ឱ្យប្រើប្រាស់ថ្នាំចាក់បង្ការមេរោគអេដស៍ដោយឥតគិតថ្លៃនៅចុងឆ្នាំ២០២៤ខាងមុខនេះហើយ បន្ទាប់ពីបានស្នើសុំមុនគេទៅមូលនិធិសាកល។

លោកបន្តថា ថ្នាំចាក់នេះអាចការពារមេរោគអេដស៍បានរយៈពេល២ខែ ខណៈបច្ចុប្បន្ន កម្ពុជា មានថ្នាំប្រឹពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងប្រឹបសម្រាប់លេបក្រោយរួមភេទ៧២ម៉ោង នៅពេលរួមភេទដោយមិនមានសុវត្តិភាពដូចជា ស្រោមអនាម័យដាច់រហែក និងភ្លេចពាក់ស្រោមអនាម័យជាដើម។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជាជំហានដំបូងគឺជ្រើសរើសមនុស្ស៧០០០នាក់ដែលមានដៃគូច្រើនជាមុនសិន ព្រោះថាពួកគេប្រឈមនឹងការឆ្លងមេរោគអេដស៍ ដោយជំហានដំបូងត្រូវចាក់១ខែម្តង បន្ទាប់មកទៀតចាក់២ខែម្តង នៅតាមគ្លីនិកចំនួន៣នៅរាជធានីភ្នំពេញរួមមានគ្លីនិកបង្ការថែទាំនិងព្យាបាលបន្ត គ្លីនិកឈូកស និងគ្លីនិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ថ្នាំកាបូតេត្រាវៀនេះ ចាក់នៅត្រគៀក និងសាច់ដុំហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និងអាចបង្ការបានតែជំងឺអេដស៍ប៉ុណ្ណោះ។ ចំពោះជំងឺស្វាយ និងជំងឺកាមរោគមិនអាចការពារបានទេ។ ប៉ុន្តែមុននឹងដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលនឹងរៀបចំជាគោលការណ៍ណែនាំ និងលក្ខខណ្ឌមួយចំនួនថា តើបុគ្គលណាខ្លះដែលអាចចាក់មុននឹងដាក់ជូនក្រសួងសុខាភិបាលសម្រេចចុងក្រោយ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា «អ្វីដែលយើងមានការព្រួយបារម្ភនោះគឺថាខ្លាចអ្នកចាក់ហើយមិនមកចាក់ទៀតទាត់។ អីចឹងពេលដាក់ប្រើប្រាស់នាពេលខាងមុខ យើងនឹងធ្វើការផ្សព្វផ្សាយឱ្យបនាទូលំទូលាយដើម្បីឱ្យអ្នកដែលធ្លាប់ប្រើថ្នាំលេបប្រចាំថ្ងៃងាកមកប្រើថ្នាំចាក់ដែលអាចការពារការឆ្លងមេរោគអេដស៍បាន២ខែ»។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល បានឱ្យដឹងថាឆ្នាំ២០២៣ កម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៦០០០នាក់។ ក្នុងនោះមានអ្នកជំងឺមកទទួលសេវាព្យាបាលចំនួន៦៨៨០២នាក់ និងអ្នកជំងឺសង្ស័យ៧១៩៨នាក់នៅមិនទាន់បានមកទទួលសេវាព្យាបាលនៅឡើយទេ ពោល គឺជាក្រុមលាក់មុខ និងមានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ប្រមាណ១២០០នាក់និងស្លាប់ប្រមាណ១០០០នាក់ក្នុង១ឆ្នាំ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម