ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នាមិនអាចខ្វះបាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា» មិនអាចខ្វះបានឡើយ ទោះក្នុងសម័យកាលណាក៍ដោយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្មីសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ នៅក្រោយការកែសម្រួលសមាសភាពជាថ្មី ដោយមានលោកជំទាវ កែសួន សុភី ស សុខា ជាប្រធានកិត្តិយស ខណៈដែលលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានសាខាសមាគម។
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកកម្ពស់សកម្មភាពស្រ្តី យកចិត្តទុកដាក់ លើកស្ទួយតម្លៃស្រ្តី លើកកម្ពស់ស្ថានភាពស្រ្តី លុបបំបាត់ការរើសអើងស្រ្តីងាយរងគ្រោះ និងជំរុញស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការងារនយោបាយ ការងារសេដ្ឋកិច្ច សង្គម ដែលស្រ្តីជាកម្លាំងចលករដែលមិនអាចខ្វះបាន ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមអបអរសាទរចំពោះលោកជំទាវ កែសួន សុភី ស សុខា ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសសាខាសាមគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះឱ្យបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាពដូចជា ពង្រឹងរបៀបរបបធ្វើការ ចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខាទូទាំងអង្គភាពឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»។

សម្តេចកិត្តិសង្គហបណ្ឌិតបានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាសមាគមដែលបានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតតាំងពីថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៧៨ ដោយបានចាប់កំណើតឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបនូវគ្រោះមហន្តរាយបង្កឡើងដោយរបបប្រល័យពូជសាសន៍ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។ ក្នុងរយៈពេលនេះ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលបានត្រូវបំផ្លាញដល់ឫសគល់ ទឹកដីកម្ពុជាទាំងមូលពោរពេញដោយគំនរផេះផង់ និងជោគជាំដោយឈាម និងទឹកភ្នែក។

ក្រោយថ្ងៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ សមាគមនារីបានប្រមូលផ្តុំចងក្រងនារីជាក្រុម និងបានបំផុសបងប្អូននារីគ្រប់ស្រទាប់រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារកសាង និងការពារមាតុភូមិ ទប់ស្កាត់ការវិលមកវិញនៃរបបប្រល័យពូជសាសន៍ និងបានសហការជាមួយក្រសួង/ស្ថាប័ន និងសមាគមនារីនៃបណ្តាប្រទេសជាមិត្តជាច្រើន ដើម្បីសុំជំនួយសង្គ្រោះបន្ទាន់ជួយដល់នារីដែលកំពុងជួបការលំបាកក្នុងជីវភាព និងបានខិតខំពង្រឹង និងជំរុញសកម្មភាពដោយផ្តោតសំខាន់លើការបង្កើតគោលនយោបាយដើម្បីការពារស្ត្រី និងកុមារ អប់រំស្ត្រីឱ្យកសាងគ្រួសារដែលមានសុភមង្គល របៀបរស់នៅមានសីលធម៌ល្អ លើកកម្ពស់ និងផ្តល់អំណាចដល់ស្ត្រីក្នុងជីវិតប្រចាំថ្ងៃ ដែលនាំទៅដល់ការផ្តល់អំណាចក្នុងសង្គម និងនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ការការពារសិទ្ធិស្ត្រី ការពារស្ត្រីពីការរំលោភបំពានក្នុងគ្រួសារ ពិសេសបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពស្ត្រី ដើម្បីបង្កើនចំនួនស្ត្រីក្នុងតំណែងក្នុងវិស័យនយោបាយ និងការសម្រេចចិត្តជាដើម៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ