ព័ត៌មានជាតិ
សម្តេចតេជោ៖ បងប្អូនត្រូវចាំឱ្យច្បាស់ខ្មែរគឺខ្មែរ វៀតណាមគឺវៀតណាម គ្មានការឡូកឡំគ្នាទេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដាស់ស្មារតីពលរដ្ឋឱ្យភ្ញាក់រឭកថា បងប្អូនត្រូវចាំឱ្យច្បាស់ខ្មែរគឺខ្មែរ វៀតណាមគឺវៀតណាម ឡាវគឺឡាវ ថៃគឺថៃ គ្មានការឡូកឡំគ្នាទេ ។ ការក្រើនរំឭកនេះធ្វើឡើងតាមរយៈសារជាសំឡេង នៅថ្ងៃទី ១២ ខែសីហានេះ ដើម្បីជាការឆ្លើយតបជុំវិញក្តីកង្វល់ពលរដ្ឋដែលបារម្ភថា គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើឱ្យបាត់បង់អធិបតេយ្យភាពកម្ពុជា។
សម្តេច បានអះអាងម្តងហើយម្តងទៀតថា គម្រោងនេះទាក់ទងទៅនឹងពាណិជ្ជកម្ម វិស័យសេវា ការតភ្ជាប់ និយាយរួមពាក់ព័ន្ធសេដ្ឋកិច្ច សង្គម។ សម្តេចថ្លែងថា៖«សូម្បីតែយើងចូលអាស៊ាន យើងមិនបានដាក់ដីរបស់យើងទៅក្នុងក្របខណ្ឌអាស៊ាននោះទេ ប៉ុន្តែជាសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌអាស៊ាន។ ហើយមិនមែនយើងមានកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ តែត្រឹមជាមួយអាស៊ានទេ យើងឈានទៅដល់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលរួមមានអាស៊ាន ១០ប្រទេស បូកជាមួយនឹងជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងចិន»។
បើតាមសម្តេចតេជោ ក្រៅពីការអភិវឌ្ឍន៍ទទួលបានជោគជ័យកន្លងទៅរវាងកម្ពុជា ឡាវ និងវៀតណាម សម្តេចក៏បានពិភាក្សាជាមួយអតីតនាយករដ្ឋមន្រ្តីថៃ ជាមួយនឹងភាគីឡាវ ដោយគ្រោងធ្វើតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ ជាមួយថៃ ដោយខាងកម្ពុជាមានខេត្តព្រះវិហារ ។ សម្តេចថ្លែងថា៖«គឺយើងហ៊ានរហូតទៅដល់ធ្វើតារាងវាយកូនហ្គោល នៅព្រំដែនរវាងប្រទេសទាំង៣ កម្ពុជា ៩ឡូតិ៍ ឡាវ ៩ ឡូតិ៍ ថៃ៩ឡូតិ៍ ទាំងអស់ ២៧ ឡូតិ៍ ប៉ុន្តែដោយសាររដ្ឋប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ មិនអាចអនុវត្តគម្រោងនេះបាន»។ សម្តេចគូសបញ្ជាក់ថា គម្រោងនេះមានគោលបំណង ចង់បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពជាមួយប្រទេសជិតខាង ហើយនឹងនាំមកនូវវិសាលភាពខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៅក្នុងតំបន់នោះ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
ជាមួយគ្នានេះ សម្តេចស្នើឱ្យបងប្អូនមានការប្រុងប្រយ័ត្នត្រិះរិះ ឬអាចចូលមើលឯកសារនានា តើមានកន្លែងណាដែលនិយាយទាក់ទិនជាមួយនឹងការកាត់ដីឱ្យវៀតណាម មានកន្លែងណាដែលថាយកដី និងធនធានធម្មជាតិកម្ពុជាទៅដាក់ជាសម្បត្តិរួម គឺគ្មានទេ។ យើងមានតែកិច្ចព្រមព្រៀងទាក់ទងទៅនឹងពាណិជ្ជកម្ម វិស័យសេវា ការតភ្ជាប់ និយាយរួមពាក់ព័ន្ធសេដ្ឋកិច្ច សង្គម។
សម្តេចថ្លែងថា៖«ការញុះញង់ពីខាងក្រៅគឺអាក្រក់ខ្លាំងណាស់នៅពេលនេះ ប៉ុន្តែបងប្អូននៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់។ ខ្ញុំគ្រាន់តែសុំអំពាវនាវចំពោះបងប្អូន កុំដើរផុតបន្ទាត់ក្រហម ឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាលដូចដែលពួកឧទ្ទាមក្រៅច្បាប់បានធ្វើការអំពាវនាវប៉ុន្មានថ្ងៃមកនេះ»៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក