ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាល កុំជឿតាមការឆ្កឹះឆ្កៀលរបស់ក្រុមប្រឆាំង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី ផ្ទុយទៅវិញ កុំទៅជឿតាមការឆ្កឹះឆ្កៀលរបស់ក្រុមប្រឆាំងមួយក្ដាប់តូច ដែលញុះញង់បោកបញ្ឆោតឱ្យប្រជាពលរដ្ឋក្រោកបះបោរ ដើម្បីតែបំពេញមហិច្ឆតារបស់ក្រុមប្រឆាំងណាមួយប៉ុណ្ណោះ។
ការដែលប្រមុខក្រសួងមហាផ្ទៃ ចេញមុខលើកឡើងបែបនេះ បន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុលញុះញង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានភ្ជាប់ជាមួយនឹងករណីតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV។
ជុំវិញករណីនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញមកថ្លែងសារពិសេសជាថ្មីម្ដងទៀតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយបានបកស្រាយបំភ្លឺ និងបញ្ជាក់ឡើងវិញយ៉ាងច្បាស់អំពីឯករាជ្យ អធិបតេយ្យជាតិ និងសក្តានុពល ប្រកបដោយសារប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA។ លោក ស សុខា ចាត់ទុកសារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ-អន្តរជាតិ កាន់តែយល់ច្បាស់ និងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ថា មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណា មួយដូចការចោទប្រកាន់ឡើយ។ ម្យ៉ាងវិញទៀត តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះក៏មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នាដូចការមួលបង្កាច់ទេ និងមិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។
ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផង របងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ លោកប្រមុខក្រសួងមហាផ្ទៃ បន្តថា ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA» បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា និងបានក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវទឹក បណ្ដាញអគ្គិសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើឱ្យវិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។
ឧបនាយករដ្ឋមន្ត្រី ស សុខា ថា សារពន្យល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កន្លងទៅ និងសម្ដេចតេជោ ហ៊ុន សែន នាពេលនេះ ល្មមឱ្យពលរដ្ឋយល់ និងចៀសបានពីការញុះញង់បោកបញ្ឆោតរបស់ក្រុមឱកាសនិយមខុសតម្រាទាំងនោះហើយ។ បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានទទូចដល់ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា លើសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងផ្ញើសារពន្យល់ប្រកបដោយព្រហ្មវិហារធម៌ និងទទូចដោយសន្តិវិធីឱ្យបញ្ឈប់ការឆ្កឹះឆ្កៀល ក៏ដូចជាបញ្ឈប់ការចូលរួមធ្វើសកម្មខុសច្បាប់នានា ដើម្បីបំពេញមហិច្ឆតាដ៏ពិស ពល់របស់ក្រុមណាមួយ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនោះ។
លោក ស សុខា សង្កត់ធ្ងន់ថា ទាំងនេះ មិនមែនជាសេរីភាពបញ្ចេញមតិដែលច្បាប់ការពារនោះទេ តែនេះជាជំហានហួសបន្ទាត់ក្រហម ដែលជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។ លោក ក៏បានរម្លឹកពលរដ្ឋថា «សូមបងប្អូនកុំលង់ខ្លួនក្លាយទៅជាតេឡេសម្រាប់គេចុចបញ្ជាឱ្យធ្វើអ្វី ដើម្បីចំអែតតណ្ហារបស់ពួកគេ»៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?