ព័ត៌មានជាតិ
អ្នកនាំពាក្យរំពឹងថា ការចរចាប្រាក់ឈ្នួលឆ្នាំនេះ នឹងមានការយោគយល់គ្នា ឆន្ទៈរួមគ្នា ដើម្បីប្រយោជន៍កម្មករ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៣ សីហា នេះ ដោយរំពឹងថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅដោយរលូន ដោយគ្រប់ភាគីពាក់ព័ន្ធមានការយោគយល់គ្នា និងឆន្ទៈរួមគ្នា ដើម្បីប្រយោជន៍កម្មករនឹងអាចទទួលយកបានទាំងអស់គ្នា។
លោកបានបន្តថា ការដាក់ក្តីរំពឹងនេះ ដោយសារតែកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមានេះធ្លាប់ឆ្លងកាត់បទពិសោធជាច្រើនឆ្នាំមកហើយ ភាគីទាំងអស់បានយល់ដឹងពីនីតិវិធី ការចរចា និងលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមារួមមាន ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។
លោកបានបន្តទៀតថា «យើងសង្ឃឹមជឿជាក់ថា ភាគីនិយោជក និងតំណាងកម្មករនិយោជក នឹងមានការយោគយល់គ្នា និងឆន្ទៈរួម ដើម្បីប្រយោជន៍កម្មករ-និយោជិត និងនិយោជក ដែលនឹងទទួលយកបានទាំងអស់គ្នា»។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះកាលពីថ្ងៃទី ១២ សីហា បានឱ្យដឹងថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ នឹងចាប់ផ្ដើមពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នៅវេលាម៉ោង ២:០០ រសៀល តទៅ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួន ៥១ រូប ដែលមានសមាសភាពស្មើៗ គ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករ-និយោជិត និងតំណាងភាគីនិយោជក ដោយត្រូវពិភាក្សាលើបម្រែបម្រួល នៃលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដូចមានកំណត់ក្នុងមាត្រា ៥ នៃច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា។
គួរបញ្ជាក់ថា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៤ ដុល្លារ ក្នុងនោះ ២ ដុល្លារ អនុម័តដោយត្រីភាគី និង ២ ដុល្លារទៀត ផ្តល់ជូនបន្ថែមដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត កើនឡើងដល់ ២០៤ ដុល្លារ ក្នុង ១ ខែ ដោយមិនបូកបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀតទេ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា