Connect with us

ព័ត៌មានជាតិ

ទូតកូរ៉េ ថា វិនិយោគិនកូរ៉េចាប់អារម្មណ៍កម្ពុជាច្រើន ក្រោយទស្សនកិច្ចរបស់សម្ដេចធិបតី

បានផុស

នៅ

វិនិយោគិនកូរ៉េខាងត្បូងចាប់អារម្មណ៍ចំពោះកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ក៏ដូចជាតាមរយៈការរៀបចំសិក្ខាសាលា និងវេទិកាធុរកិច្ចនៅប្រទេសកូរ៉េជាបន្តបន្ទាប់។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនាព្រឹកថ្ងៃទី១៣​ ខែសីហា ឆ្នាំ២០២៤ លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

គួរកត់សម្គាល់ថា កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទៅបំពេញទស្សនកិច្ចជាផ្លូវការ​លើទឹកដី​កូរ៉េខាងត្បូង​រយៈពេល៤ថ្ងៃ ជាមួយនឹងកម្មវិធីសរុបជាង២០កម្មវិធី។ ក្នុងនោះ សម្ដេច​ធិបតី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េ និងទទួលជួបជាមួយប្រតិភូក្រុមហ៊ុនធំៗរបស់កូរ៉េ ព្រមទាំងបានចូលរួមអធិបតីក្នុងសិក្ខាសាលា និងវេទិកាធុរកិច្ចរបស់កម្ពុជា និងកូរ៉េ ជាអាទិ៍។

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីកូរ៉េខាងត្បូងកន្លងមក បានផ្តោត​ជា​សំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងវិនិ​យោគ​​រវាងកម្ពុជា និងកូរ៉េខាងត្បូង។

លោកឯកអគ្គរដ្ឋទូត បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតីក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងយន្តការសម្របសម្រួលជាច្រើន សំដៅបង្កើនទំនុកចិត្ត និងជោគជ័យរបស់វិនិយោគិនកូរ៉េដែលបានមកបណ្តាក់ទុននៅប្រទេសកម្ពុជា។

ដើម្បីចូលរួមជំរុញការវិនិយោគរបស់កូរ៉េនៅកម្ពុជាថែមទៀត លោកឯកអគ្គរដ្ឋទូត បានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។

ជាការឆ្លើយតប សម្ដេចធិបតី បានកោតសសើរចំពោះការចូលរួមយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-កូរ៉េ។ សម្តេចធិបតី បានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្រ្ត នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម