Connect with us

ព័ត៌មានជាតិ

បន្ត​តាមដាន​ការ​សាងសង់​តួ​ថ្នល់ ត្រូវ​មាន​បច្ចេកទេស​​បែបណា?

បានផុស

នៅ

​អត្ថបទ​មុន កម្ពុជា​ថ្មី​បាន​បង្ហាញ​ទិដ្ឋភាពទូទៅ​​នៃ​ដំណើរការ​សាងសង់​ផ្លូវ​ថ្នល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

អគ្គនាយកដ្ឋាន​សាធារណការ​​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​ចេញ​ផ្សាយ​សៀវភៅ​ «បទដ្ឋាន​បច្ចេកទេស​សម្រាប់​ការងារ​ជួសជុល​ និង​សាងសង់​ផ្លូវ​ថ្នល់នៅ​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។ រចនាសម្ព័ន្ធ​ផ្លូវថ្នល់បែងចែក​ជា​​ច្រើន​ដំណាក់​កាល តាំង​ពី​ដំណាក់កាល​ដំបូង​គឺ​ការ​រៀបចំ​តួផ្លូវ (Embankment) បន្ទាប់មក​ការ​រៀបចំ​ស្រទាប់​ដី​​សម្រាំង (Selected Sub-Grade) ស្រទាប់គ្រឹះរង (Sub-Base Course) ស្រទាប់គ្រឹះ (Base Course) ស្រទាប់ដីខាងលើកម្រាល​ថ្នល់ (Road Surfacing) និង​ចិញ្ចើមថ្នល់ (Road Shoulder)។

កម្ពុជា​ថ្មី​នឹង​លើកបង្ហាញ​​ពី​បច្ចេកទេស​ក្នុង​ការ​រៀបចំ​តួថ្នល់ ​(Embankment) ​បន្តទៀត ដែលស្ថិតនៅក្នុង​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តេស្ត​ស្រទាប់តួថ្នល់ជាមួយឧបករណ៍ LWD ( Lightweight Deflectometer) និង PLT (Plate Load Test)

១. តួថ្នល់ (Embankment)

តួ​ថ្នល់ (Embankment) គឺជាស្រទាប់​ក្រោម​បង្អស់​នៃរចនាសម្ព័ន្ធ​ផ្លូវថ្នល់។ តួថ្នល់​អាច​បាន​មក​ពីការ​កាត់​ចេញ (Cutting) ឬ​ការ​ចាក់​បំពេញ (Back filling) នូវ​ដីធម្មជាតិ ឬ​ដីធម្មតា ដើម្បី​ឲ្យបាន​កម្រិតកម្ពស់ (Level) តាមការគិតគូររបស់អ្នកសិក្សា ដែលជាទូទៅត្រូវតែខ្ពស់​ជាង​កម្រិត​កម្ពស់​ទឹកជំនន់ (HWL) យ៉ាងតិច 500 មម។

ការសាងសង់តូថ្នល់ ត្រូវគោរពនិងអនុលោមតាមគោលការណ៍​បច្ចេកទេស​​ដូចខាងក្រោម៖

១.១/ ដី​ដែលយក​មកប្រើសម្រាប់​សាងសង់តូថ្នល់ ត្រូវជៀសវាងការប្រើប្រាស់​ប្រភេទដី​ស្រទាប់លើ (Top Soil) ឬ ដីរុក្ខជាតិ (Vegetation) ឬដីអរកានិច (Organic Soil)។

១.២/ ដីដែលយកមកប្រើសម្រាប់សាងសង់តួថ្នល់ ត្រូវតែមានតម្លៃ CBR ≥ 2% (ត្រាំទឹក ៩៦ ម៉) និងភាពហើម (Swelling) ≤ 4% ដែលតម្លៃនេះត្រូវកំណត់ដោយតេស្ដឈោ្មះ California Bearing Ratio Test (AASHTO T-193) នៅត្រង់កម្រិតភាព​ហាប់របស់ដី​ 90% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) ។

១.៣/ គ្រឿងចក្រ ដែលយកមកប្រើប្រាស់ក្នុងការងារសាងសង់តួថ្នល់ ត្រូវតែទាន់សម័យ មាន​អនុភាព​គ្រប់គ្រាន់ និងប្រសិទ្ធិភាពការងារ​ខ្ពស់ ហើយត្រូវមានការឯកភាពនិងអនុញ្ញាតឲ្យ​ប្រើប្រាស់​ដោយ​វិស្វករ​ត្រួតពិនិត្យបច្ចេកទេស។

១.៤/ មុនពេលសាងសង់តួថ្នល់ ប្រតិបត្តិករ​ត្រូវត្រៀមនិងរៀបចំនូវរាល់សម្ភារៈ គ្រឿងចក្រ និង​ស្លាក​សញ្ញាការដ្ឋាន ដែលទាក់ទងនឹងការសាងសង់ ដោយមានការឯកភាពនិង​យល់ព្រមដោយ​វិស្វករ​ត្រួតពិនិត្យបច្ចេកទេសគម្រោង។

១.៥/ ប្រតិបត្តិករ ត្រូវកៀរសម្រួលបាតតួថ្នល់ និងចាក់បំពេញនូវរាល់រណ្ដៅ ឬគ្រលុក ដែល​​បណ្តាលមកពីការឈូសឆាយ ជីកគាស់ដើមឈើ និងកាប់ឆ្ការព្រៃ ហើយត្រូវ​បង្ហាប់​ឲ្យ​ដល់​កម្រិត​បច្ចេកទេស មុនពេលចាក់​បំពេញតួថ្នល់ និងត្រូវមានការឯកភាពពីវិស្វករ​ត្រួតពិនិត្យ។

១.៦/ បាតតួថ្នល់ដែលបាន​រៀបចំរួច ត្រូវ​ផ្សើមទឹកឲ្យបាន​សព្វ​ក្នុងកម្រិត​បរិមាណ​សមរម្យ បន្ទាប់​មកដី​សម្រាប់តួថ្នល់ត្រូវចាក់ពង្រាយ​និងលាយច្របល់​ជាមួយទឹកឲ្យ​បានសព្វ​ក្នុងកម្រិត​បរិមាណ ± 2% នៃសំណើមទឹកប្រសើរបំផុត (Optimum Moisture Content) ដូចដែលបានកំណត់​ដោយ​ការ​ធ្វើតេស្ត​ឈ្មោះ Modified Proctor Test (AASHTO T-180)។

១.៧/ បន្ទាប់ពីការកៀរសម្រួល ស្រទាប់នីមួយៗនៃតួថ្នល់​ត្រូវ​បង្ហាប់​ឲ្យបានពេញផ្ទៃ ដែលការ​បង្ហាប់នេះ ត្រូវធ្វើឡើងស្រប​តាមបណ្តោយតួថ្នល់ ហើយជាទូទៅត្រូវចាប់ផ្តើមចេញពី​គែម​ថ្នល់ចូល​មក​អ័ក្សថ្នល់ ដោយស្រទាប់នីមួយៗត្រូវ​បង្ហាប់ឲ្យបាន  ≥ 90% នៃដង់ស៊ីតេ​ស្ងួតអតិបរមា (Maximum Dry Density) ដូចដែលបានកំណត់​ដោយ​ការធ្វើតេស្ត Modified Proctor Test (AASHTO T-180)។

១.៨/ ស្រទាប់តួថ្នល់នីមួយៗត្រូវមាន​កម្រាស់ ≤ 20 ស.ម បន្ទាប់ពី​ការបង្ហាប់​រួច។ ប៉ុន្តែក្នុងករណី​ដែល​ប្រតិបត្តិករ ចង់ឲ្យស្រទាប់តួថ្នល់នីមួយៗ​មានកម្រាស់ > 20 សម (បន្ទាប់​ពី​ការបង្ហាប់រួច) ប្រតិបត្តិករ ត្រូវបង្ហាញប្រភេទគ្រឿងចក្រ ដែលត្រូវយកមកប្រើ​ថាមានកម្លាំង​សមត្ថភាពគ្រប់គ្រាន់​សម្រាប់​ការអនុវត្ត និងត្រូវធ្វើពិសោធសាកល្បងលើ​កម្រាស់ដែលចង់បានលើប្រវែងផ្លូវពី 200 ម ទៅ 500 ម ជូនដល់វិស្វករត្រួតពិនិត្យ​បច្ចេកទេស ដើម្បីបញ្ជាក់អំពីប្រសិទ្ធិភាព​និងគុណភាពគ្រឿងចក្រ។

១.៩/ ក្នុងករណីដែល​ទទឹងតួថ្នល់ត្រូវពង្រីក ការសាងសង់តូថ្នល់​ថ្មី ត្រូវភ្ជាប់ជាមួយតួថ្នល់​ចាស់​តាមរបៀបមុខ​តំណជា​ថ្នាក់ៗ (Benching Method) និងត្រូវមានការឯកភាពពីវិស្វករត្រួតពិនិត្យ។

១.១០/ ការពិនិត្យកម្រិត​ហាប់តួថ្នល់នៅការដ្ឋាន (Field Density Test) ចាំបាច់ត្រូវអនុវត្តនូវគ្រប់​ស្រទាប់​​នីមួយៗនៃតួថ្នល់ទាំងអស់ ហើយ​តម្លៃរបស់វាត្រូវតែមាន​តម្លៃ ≥ 90% នៃ​ដង់ស៊ីតេ​ស្ងួត​អតិបរមា (Maximum Dry Density) តាមរយៈការ​ធ្វើតេស្ត Field Density Test by Sand Cone Method (AASHTO T-191) ឬអាចធ្វើតេស្តផ្សេងពីនេះ តែត្រូវមានការយល់ព្រម​ពីវិស្វករត្រួតពិនិត្យ​បច្ចេកទេស​​។ ការធ្វើពិសោធផ្ទាល់ ត្រូវតែធ្វើផ្ទាល់នៅ​ការដ្ឋាន ហើយទីតាំង​និងចំនួនពិសោធន៍ ត្រូវ​កំណត់ដោយ​វិស្វករត្រួតពិនិត្យបច្ចេកទេស។

១.១១/ ដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់តួថ្នល់ ត្រូវរើសយកចេញទំហំគ្រាប់ដែល > 50 មម។

អត្ថបទ​ក្រោយ កម្ពុជា​ថ្មី​នឹង​លើក​បង្ហាញ​ពី​ដំណាក់​កាល​ ការ​រៀបចំ​ស្រទាប់ដីសម្រាំង (Selected Sub-Grade) បន្ត​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម