Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ បន្តចុះដល់​​ទីរួម​ខេត្ត​កែប ពិនិត្យទីតាំង​ផ្លូវនាវាចរណ៍​ព្រែកជីក​ហ្វូណន​តេជោ​

បានផុស

នៅ

បន្ទាប់ពីបញ្ចប់​ការ​ចុះពិនិត្យទីតាំងភូមិសាស្រ្តប្រឡាយ ១៥ នៅ​ស្រុកអង្គបូរី-ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកមិញនេះ​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងភូមិសាស្រ្តឆ្នេរអង្គោល នៅក្នុង​ទីរួមខេត្តកែប នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណន​តេជោ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​នៅ​ទីតាំងឆ្នេរអង្គោល ទីរួមខេត្តកែប ដើម្បី​ត្រួតពិនិត្យនិយាមកា រួមទាំង​ធ្វើការផ្ទៀងផ្ទាត់ផែនទីលម្អិត​នៃ​គម្រោង​នៅ​លើ​ភូមិសាស្រ្តជាក់ស្តែង។

ព្រែកជីកហ្វូណនតេជោ ជាគម្រោងទាញ​ទន្លេភ្ជាប់​ទៅសមុទ្រនៃ​គម្រោង​អភិវឌ្ឍ​ផ្លូវ​នាវាចរណ៍​របស់​ប្រទេស​កម្ពុជា។ បើតាម​ការ​សិក្សា​ព្រែកជីកនេះ​មានប្រវែង ១៨០ គីឡូម៉ែត្រ ដែលចំណុច​ចាប់ផ្តើមចេញ​ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប​។

ការ​ជីក​ព្រែកនេះធ្វើ​នៅ​លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបាន​បន្សល់ទុកតាំងពីសម័យអាណាចក្រ​ហ្វូណន​។ តម្រាយផ្លូវ​ទឹកធម្មជាតិដែលមានស្រាប់មានប្រវែងប្រមាណ ១៣៥ គីឡូម៉ែត្រ ខណៈ​ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេកមានប្រវែងជាង ៣៨ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងជាង ៧ គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោងនិងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។

ព្រែកជីក​ប្រវត្តិសាស្រ្តនេះ មាន​ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០​ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២​គន្លង។

គម្រោងនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ ខែ គ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់​ទុន​វិនិយោគ​សរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកមានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន ៤៩% ដោយការវិនិយោគនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម