ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សួរថា ម្ដេចលោកខាងលិចស្ងាត់មាត់ឲ្យជ្រាប ពេលអ៊ុយក្រែនវាយដល់ដីរុស្ស៊ី
រុស្ស៊ី បានរិះគន់សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែននៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី១៣ខែសីហា ដែលមិនធ្វើការថ្កោលទោសទៅលើការឈ្លានពានរបស់ទីក្រុងកៀវក្នុងតំបន់ Kursk លើទឹកដីប្រទេសរុស្ស៊ី ដោយចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថាបានសម្លាប់ជនស៊ីវិល ហើយរុស្ស៊ីបានចោទសួរពីគោលបំណងអ្វីបានជាអ៊ុយក្រែនហ៊ានដល់ថ្នាក់វាយឆ្លងដែនចូលដល់ទឹកដីរបស់ខ្លួនយ៉ាងដូច្នេះ។
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបង្ហាញពីគោលជំហរយ៉ាងរឹងមាំគាំទ្រទីក្រុងកៀវ អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាក្រៅផ្លូវការមួយដែលត្រូវបានកោះហៅប្រជុំដោយប្រទេសរុស្ស៊ី។ សម្ព័ន្ធមិត្តអ៊ុយក្រែនទាំងអស់មិនបានលើកឡើងអំពីការវាយលុកនៅតំបន់ Kursk នោះឡើយ។
ឯកអគ្គរដ្ឋទូតរងអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បានប្រាប់អង្គប្រជុំក្រុមប្រឹក្សាថា៖ «យើងមិនបានឮពាក្យថ្កោលទោសសូម្បីមួយម៉ាត់ ចំពោះសកម្មភាពទាំងនេះពីលោកខាងលិចដែលគាំទ្ររបបទីក្រុងកៀវ ដែលបន្តបិទបាំងឧក្រិដ្ឋកម្មដ៏គួរឲ្យស្អប់ខ្ពើមនៃអាយ៉ងរបស់ពួកគេ»។ បន្ថែមពីនេះ លោក Polyanskiy ក៏បានចោទជាសំណួរផងដែរចង់ដឹងពីមូលហេតុអ្វីបានជាអ៊ុយក្រែនចូលវាយដល់ទឹកដីរុស្ស៊ី ជាពិសេសគឺតំបន់ Kursk ទាំងដែលទីនោះពុំមានហេដ្ឋារចនាសម្ព័ន្ធ ឬសព្វាវុធយោធាទាល់តែសោះ។
លោក Klemen Ponikvar ដែលជាមន្ត្រីការទូតជាន់ខ្ពស់ស្លូវេនី បាននិយាយថា៖ «យើងនឹងមិនទទួលស្គាល់អ្នកឈ្លានពានថាជាជនរងគ្រោះទេ»។ លោក Klemen រួមទាំងសមាជិកមួយចំនួននៅក្នុងអង្គប្រជុំ បានចោទប្រកាន់រុស្ស៊ីពីភាពលាក់ពុត គោលនយោបាយមិនស្មើភាព និងខ្ជះខ្ជាយពេលវេលារបស់ក្រុមប្រឹក្សាសន្ដិសុខ។
ទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានចាប់ផ្តើមធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីសប្តាហ៍មុននៅលើទឹកដីរុស្ស៊ី ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា អ៊ុយក្រែនធ្វើដូចនេះព្រោះមានគោលបំណងចង់បានការចរចា និងទប់ស្កាត់ការវាយសម្រុកបច្ចុប្បន្ននៃកងទ័ពជួរមុខរបស់រុស្ស៊ី។
សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន បានព្យាយាមបញ្ចៀសការកើនឡើងនៃជម្លោះមិនឲ្យក្លាយជាការប្រឈមមុខដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ពួកគេ បានលើកឡើងថា ពួកគេមិនបានដឹងមុននោះទេថា អ៊ុយក្រែនវាយលុកចូលដល់ដីរុស្ស៊ីបែបនេះឡើយ។
រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ហើយគ្រប់គ្រងទឹកដីមិនដល់មួយភាគប្រាំដែលអន្តរជាតិទទួលស្គាល់ថាជាទឹកដីរបស់អ៊ុយក្រែន។ ទាំងទីក្រុងកៀវ និងទីក្រុងមូស្គូបានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលក្នុងអំឡុងពេលសង្រ្គាមឡើយ។ សង្គ្រាមរវាងភាគីទាំងពីរ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្ដាលឲ្យមានការជម្លៀសខ្លួនប្រជាជនអ៊ុយក្រែនរាប់លាននាក់។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាក្រៅផ្លូវការកាលពីថ្ងៃអង្គារ មន្ត្រីការទូតអាមេរិក អង់គ្លេស និងបារាំង បាននាំគ្នាចោទប្រកាន់រុស្ស៊ីអំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្សនៅអ៊ុយក្រែន។
មន្ត្រីការទូតអាមេរិក លោក Caleb Pine បាននិយាយថា៖ «មិនចាំបាច់សួរនាំទេថាតើប្រទេសណាបានប្រព្រឹត្តអំពើឃោរឃៅជាក់ស្ដែងជាច្រើន រួមទាំងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅលើទឹកដីអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ប្រទេសនោះគឺរុស្ស៊ី»។
ចំណែកឯមន្ត្រីការទូតបារាំង លោកស្រី Clarisse Paolini បានថ្លែងថា ប្រទេសបារាំងនៅតែបន្តគាំទ្រអធិបតេយ្យភាពឯករាជ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន។
មន្ត្រីការទូតអង់គ្លេស លោកស្រី Kate Jones បានរៀបរាប់ថា៖ «យើងនឹងមិនស្ទាក់ស្ទើរក្នុងការគាំទ្រអ៊ុយក្រែន ដរាបណាទទួលបានសន្តិភាពដោយយុត្តិធម៌ និងនិរន្តរភាព ដោយផ្អែកលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។
យ៉ាងណាមិញ មន្ត្រីការទូតមកពីប្រទេសស៊ីរី បេឡារុស និងកូរ៉េខាងជើង បានបង្ហាញពីការគាំទ្ររុស្ស៊ីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខក្រៅផ្លូវការ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ