Connect with us

ព័ត៌មានជាតិ

ស្រទាប់គ្រឹះ (Base Course) ទទួលបន្ទុក​ចម្បង ​ទ្របន្ទុក​យានយន្តបើកបរលើផ្លូវថ្នល់

បានផុស

នៅ

ស្រទាប់គ្រឹះ (Base Course) មានតួនាទី​ចម្បងក្នុងការទ្រ​បន្ទុកនិងពង្រាយ​បន្ទុក របស់​យានយន្ត​បន្ត​ទៅ​ស្រទាប់​ក្រោមៗ​​ទៀត។ ជាទូទៅស្រទាប់គ្រឹះ (Base Course) ត្រូវសាងសង់ឡើង​ដោយ​ប្រើ​ថ្មម៉ិច (Crushed Stone or Rock) ឬដោយ​​ល្បាយដីលាយស៊ីម៉ងត៍ (Soil-Cement) អាស្រ័យ​ទៅតាមប្រភពធនធាន​សម្ភារៈ​ដែលមាននៅក្នុងតំបន់ ហើយនៅជិតទីតាំង​ការដ្ឋានសាងសង់ផ្លូវ។ ការសាងសង់ស្រទាប់​គ្រឹះ​ (Base Course) ត្រូវគោរពនិងអនុលោមតាមគោលការណ៍បច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ការ​សាងសង់ស្រទាប់គ្រឹះ (Base Course) មាន​បច្ចេកទេស​បែបណា?

កម្ពុជាថ្មី​នឹង​បន្ត​លើកពី​បច្ចេកទេស​នៃ​ការសាងសង់ស្រទាប់គ្រឹះ (Base Course) បើ​យោង​តាម​សៀវភៅ «បទដ្ឋាន​បច្ចេកទេស​សម្រាប់ការ​ជួសជុល ​និង​សាងសង់​ផ្លូវថ្នល់​នៅព្រះរាជាណាចក្រកម្ពុជា​​» របស់​អគ្គនាយកដ្ឋាន​សាធារណការ​មាន​ដូចតទៅ៖

៤.ស្រទាប់គ្រឹះ (Base Course)

៤.១- ស្រទាប់គ្រឹះប្រភេទថ្មម៉ិច (Aggregate Base Course)

៤.១.១/ ថ្ម​ម៉ិចដែលយកមកប្រើសម្រាប់ធ្វើស្រទាប់គ្រឹះ គឺល្បាយ​រវាងគ្រាប់​ថ្មបំបែក ដែល​រឹងមាំ និង​កំទេច​ថ្មផេះ ហើយល្បាយថ្មម៉ិចនេះ​ត្រូវមានចំនួនភាគរយ​ ទំហំគ្រាប់ (គិតជាម៉ាស់) ឆ្លងកាត់​កញ្ច្រែងស្ថិត​ក្នុងចន្លោះ​ខ្សែកោង​ប្រភេទ A ឬ B ឬ C (ណាមួយ​ក៏បាន) ដែល​ត្រូវកំណត់​ដោយ​ពិសោធន៍​ឈ្មោះ Sieve Analysis Test (AASHTO T-27) ដូចមាន​បង្ហាញក្នុង​តារាងលេខ ២៖

៤.១.២/ ភាគរយ​ថ្មម៉ិច ដែល​ឆ្លងកាត់​កញ្ច្រែង​ទំហំ 0.075 មម ត្រូវ ≤ 2/3 នៃចំនួនភាគ​រយ (គិត​ជា​ម៉ាស់) ដែលឆ្លងកាត់កញ្ច្រែងទំហំ 0.425 មម ។

៤.១.៣/ ថ្ម​ម៉ិច ដែលយកមកប្រើសម្រាប់ស្រទាប់គ្រឹះ ត្រូវមានកម្រិតភាពរាវ LL ≤ 25% និង​សន្ទស្សន៍​នៃភាពស្អិត PI ≤ 6% ដែលតម្លៃទាំងនេះត្រូវកំណត់ដោយតស្ដ : Liquid Limit Test (AASHTO T-89 & T-90)។

៤.១.៤/ ថ្ម​ម៉ិច ដែលយកមកប្រើសម្រាប់ស្រទាប់គ្រឹះ ត្រូវមានកម្រិតនៃភាព​សឹក ឬ បែក ≤ 40% ដែល​កំណត់ដោយ​តេស្ដឈោ្មះ Abrasion Test By Los Angeles Machine (AASHTO T-96)។

៤.១.៥/ ថ្ម​ម៉ិច ដែលយកមកប្រើសម្រាប់ស្រទាប់គ្រឹះ ត្រូវមានតម្លៃ CBR ≥ 80% (ត្រាំ​ទឹក ៩៦ ម៉) ដែល​តម្លៃនេះត្រូវកំណត់ដោយតេស្តឈ្មោះ California Bearing Ratio Test (AASHTO T-193) នៅត្រង់​ចំណុច​ភាពហាប់ 95% នៃដង់ស៊ីតេ​ស្ងួតអតិបរមា (Maximum Dry Density)។

៤.១.៦/ គ្រឿងចក្រ ដែលយកមកប្រើប្រាស់​សម្រាប់ការងារសាងសង់​ស្រទាប់គ្រឹះ​ថ្មម៉ិចត្រូវតែ​ទាន់សម័យ និងមានអនុភាពគ្រប់គ្រាន់​សម្រាប់ធ្វើការប្រកបទៅ​ដោយប្រសិទ្ធភាព ហើយ​មានការឯកភាពនិងអនុញ្ញាតឲ្យប្រើប្រាស់​ដោយវិស្វករ​ត្រួតពិនិត្យបច្ចេកទេស។

៤.១.៧/ ផ្ទៃស្រទាប់​គ្រឹះរងដែលនៅពីក្រោម​ស្រទាប់គ្រឹះ​ថ្មម៉ិច ត្រូវចិត​ជារាងតាម​គំនូស​បន្ទាត់ កម្រិត​កម្ពស់ ជម្រាល ទម្រង់ និង​ទំហំ ដូចដែលបានបង្ហាញក្នុងគំនូសប្លង់បច្ចេកទេសសាងសង់ និង​ត្រូវកិន​បង្ហាប់រហូតដល់កម្រិតបច្ចេកទេស​ដែលបានកំណត់ ។

៤.១.៨/ មុនពេលសាងសង់ស្រទាប់គ្រឹះ ប្រតិបត្តិករ​ត្រូវត្រៀមនិងរៀបចំជា​ស្រេចនូវ​រាល់សម្ភារៈ គ្រឿង​ចក្រ និង​ស្លាកសញ្ញាការដ្ឋាន ដែលទាក់ទងនឹងការ​សាងសង់ ដោយមានការឯកភាព និង​អនុញ្ញាត​ពីវិស្វករត្រួតពិនិត្យបច្ចេកទេសគម្រោង។

៤.១.៩/ ផ្ទៃស្រទាប់គ្រឹះរង​ដែលបានរៀបចំរួច ត្រូវផ្សើមទឹកឲ្យបានសព្វក្នុង​បរិមាណ​សមរម្យ បន្ទាប់​មកត្រូវយក​ថ្មម៉ិច ដែលបានត្រៀមសម្រាប់សាងសង់ស្រទាប់​គ្រឹះចាក់​ពង្រាយ និងលាយ​ច្របល់​ជាមួយ​ទឹកឲ្យបានសព្វក្នុងកម្រិត​បរិមាណ ± 2% នៃសំណើម​ទឹកប្រសើរ​បំផុត (Optimum Moisture Content) ដូចដែល​បានកំណត់ដោយការធ្វើតេស្តឈ្មោះ Modified Proctor Test (AASHTO T-180)​។

៤.១.១០/ បន្ទាប់ពីការកៀរសម្រួលស្រទាប់គ្រឹះថ្មម៉ិច​ជារាងរួច ត្រូវបង្ហាប់ឲ្យបានពេញ​ផ្ទៃ​ក្នុង​កម្រិត​ស្មើៗគ្នា ដោយការ​បង្ហាប់​នេះត្រូវធ្វើឡើងស្របទៅតាម​បណ្តោយ​ថ្នល់ ដែល​ចាប់ផ្តើម​ចេញពី​គែមចិញ្ចើម​ខាងក្រៅចូលមកអ័ក្សថ្នល់ លើកលែង​តែកន្លែងផ្លូវកោង ដែល​ជម្រាល​ថ្នល់មាន​លក្ខណៈ​ផ្អៀង (Super-Elevated Curves) ដែលការបង្ហាប់ត្រូវធ្វើឡើង​ចាប់ផ្ដើមចេញពីផ្នែកទាបទៅផ្នែកខ្ពស់។ ស្រទាប់គ្រឹះ​ថ្មម៉ិចនីមួយៗ ត្រូវបង្ហាប់​រហូតឲ្យបាន ≥ 98% នៃ​ដង់ស៊ីតេ​ស្ងួត​អតិបរមា (Maximum Dry Density) ដូចដែលបានកំណត់ដោយការធ្វើតេស្ត: Modified Proctor Test (AASHTO T-180)។

៤.១.១១/ ស្រទាប់គ្រឹះថ្ម​ម៉ិចនីមួយៗ ត្រូវមាន​កម្រាស់ ≤ 15 សម បន្ទាប់​ពីការបង្ហាប់រួច​។ ប៉ុន្តែក្នុងករណី​ដែលប្រតិបត្តិករ ចង់បានស្រទាប់គ្រឹះថ្មម៉ិចនីមួយៗមានកម្រាស់ > 15 សម (បន្ទាប់ពីការ​បង្ហាប់​រួច) ប្រតិបត្តិករ ត្រូវបង្ហាញប្រភេទគ្រឿងចក្រ ដែល​យកមកប្រើប្រាស់​ថាមាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់ការអនុវត្ត​ត្រូវធ្វើពិសោធសាកល្បងលើ​កម្រាស់ដែលចង់​បាន​លើ​ប្រវែង​ផ្លូវ​ពី 200 ម ទៅ ​500ម ជូន​ដល់វិស្វករ​ត្រួតពិនិត្យ​បច្ចេកទេស ដើម្បី​បញ្ជាក់​អំពីគុណភាព​គ្រឿង​ចក្រ​។

៤.១.១២/ ការពិនិត្យភាពហាប់ស្រទាប់គ្រឹះថ្មម៉ិច​នៅការដ្ឋាន (Field Density Test) ចាំបាច់ត្រូវ​អនុវត្ត​នូវគ្រប់​ស្រទាប់គ្រឹះថ្មម៉ិចនីមួយៗ ដើម្បីពិនិត្យ​មើលលើភាពហាប់របស់វា ដែល​ត្រូវតែ​មាន​តម្លៃ ≥ 98% នៃដង់ស៊ីតេស្ងួត​អតិបរមា (Maximum Dry Density) តាមរយៈការធ្វើតេស្តឈ្មោះ Field Density Test by Sand Cone Method (AASHTO T-191) ឬ ការធ្វើតេស្តផ្សេងពីនេះ ដែលមានការ​យល់ព្រម​ពី​វិស្វករត្រួត​ពិនិត្យបច្ចេកទេស។ ស្រទាប់គ្រឹះថ្មម៉ិច​នីមួយៗ​ដែលសាងសង់រួច ត្រូវធ្វើតេស្ត​ដើម្បី​បញ្ជាក់​អំពីគុណភាពក្រោម​ការកំណត់របស់វិស្វករ​ត្រួតពិនិត្យបច្ចេកទេស​ទាំងទីតាំង និង​ចំនួន​តេស្ត​ដែល​ត្រូវធ្វើ។

៤.២- ស្រទាប់គ្រឹះប្រភេទដីលាយស៊ីម៉ងត៍ (Soil-Cement Base Course)

ស្រទាប់គ្រឹះដីលាយ​ស៊ីម៉ងត៍ គឺបានមកដោយការលាយបញ្ចូល​គ្នារវាងដី (Soil) ស៊ីម៉ងត៍ (Cement) និង​ទឹក (Water) ដែលផ្សំបាន​ជាល្បាយ​ដី​ស៊ីម៉ងត៍ (Soil-Cement Mixture) មាន​គុណភាពអាចយក​ទៅប្រើប្រាស់​សម្រាប់​ការសាងសង់ស្រទាប់គ្រឹះថ្នល់បាន។ ដើម្បីធានាគុណភាពគ្រឹះ ជាទូទៅ​ដី​ដែល​យកមកលាយជាមួយ​នឹងស៊ីម៉ងត៍ គេច្រើនប្រើប្រាស់ប្រភេទដី​ក្រួសក្រហម (Laterite) ឬដីល្បាយ​ថ្មភ្នំ ហើយនៅក្នុងបទដ្ឋាន​នេះ​ទៀតសោត ក៏យើង​លើកយកតែប្រភេទដីក្រួសក្រហម (Laterite) ឬដីល្បាយ​ថ្មភ្នំ មកលាយជាមួយនឹងស៊ីម៉ងត៍ ដើម្បីសាងសង់ស្រទាប់គ្រឹះ។

ការសាងសង់ ស្រទាប់គ្រឹះប្រភេទដីលាយស៊ីម៉ងត៍ត្រូវគោរព និងអនុលោមតាមគោលកាណ៍​បច្ចេកទេស​ដូចខាង​ក្រោម៖

៤.២.១/ ដីក្រួសក្រហម (Laterite) ឬដីល្បាយថ្មភ្នំ ដែលយកមកប្រើត្រូវតែជាដីដែលមាន​ទំហំគ្រាប់​អតិបរមា ≤ 50 មម និងត្រូវមានចំនួន​ភាគរយ (គិតជាម៉ាស់) នៃ​ទំហំគ្រាប់ដែល​ទើរ​លើ​កញ្ច្រែង 4.75 មម ≥ 30% ដែលត្រូវកំណត់​ដោយ​ការ​ធ្វើ​តេស្ត​ឈ្មោះ: Sieve Analysis Test (AASHTO T-27)។

៤.២.២/ ដីក្រួសក្រហម (Laterite) ឬដីល្បាយ​ថ្មភ្នំ ដែលយកមកប្រើត្រូវមានកម្រិតភាពរាវ LL ≤ 40% និង​សន្ទស្សន៍​ភាពស្អិត PI ≤ 15% ដែលត្រូវកំណត់​ដោយ​តេស្ត​មាន​ឈ្មោះ: Liquid Limit Test (AASHTO T-89 & T-90)។

៤.២.៣/ ស៊ីម៉ងត៍ (Cement) ដែលយកមក​ប្រើ ត្រូវជា​ប្រភេទ​ស៊ីម៉ងត៍​ផតឡែន (Portland Cement) ដែល​មាន​គុណភាព​ល្អ មិន​កកដុំៗ និង​ត្រូវរក្សាទុកនៅ​កន្លែង​យ៉ាងត្រឹមត្រូវ ជៀសវាង​ការ​ប៉ះ​នឹង​សំណើម​មុន​ពេល​វាត្រូវយកទៅលាយ​ជាមួយ​ដីក្រួស​ក្រហម។

៤.២.៤/ ស៊ីម៉ងត៍ (Cement) ដែល​យក​មកប្រើ ត្រូវមាន​រយៈពេល​កក​រឹង​ដំបូង (Initial Setting Time) ≤ 45 នាទី និង​រយៈពេលកករឹងចុងក្រោយ (Final Setting Time) ≤  375 នាទី ដែលត្រូវកំណត់​ដោយ​តេស្ដឈ្មោះ Setting Time of Hydraulic Cement (AASHTO T-131)។

៤.២.៥/ ស៊ីម៉ងត៍ (Cement) ដែលយកមកប្រើ ត្រូវតែមានភាព​ធន់នឹង​កម្លាំងសង្កត់​នៃ​ល្បាយបាយអរអាយុ ៣ ថ្ងៃ ≥ 12 MPa និង អាយុ ៧ ថ្ងៃ ≥ 19 MPa ដែលតម្លៃ​​ទាំងនេះ ត្រូវកំណត់​ដោយ​តេស្តឈ្មោះ Compressive Strength of Cement (AASHTO T-106)។

៤.២.៦/ ទឹក (Water) ដែល​យកមកប្រើត្រូវតែជាទឹកស្អាត ដែលមិនមានលាយ​ជាតិ ប្រេង អំបិល អាស៊ីត អាល់កាឡាំង (Alkali) និងរុក្ខជាតិទេ និងត្រូវមាន​តម្លៃ 5 ≤ PH ≤ 8.5 និងមានកម្រិតជាតិ​ស៊ុលផាត (Sulphate) ≤ 400 per million ដែលត្រូវកំណត់ដោយតេស្តឈ្មោះ Quality of Water to be used for concrete (AASHTO T-26)។

៤.២.៧/ ការលាយ​ដីស៊ីម៉ងត៍ (Cement) ត្រូវធ្វើឡើងដោយប្រើប្រាស់​ម៉ាស៊ីនលាយ​ស្វ័យប្រវត្តិ (Continuous Mixing Plant) ឬម៉ាស៊ីនលាយ​ពាក់កណ្តាលស្វ័យប្រវត្តិ (Batch Mixing Plant) ដោយមាន​ការយល់​ព្រមឲ្យប្រើប្រាស់​ពីវិស្វករ ត្រួតពិនិត្យបច្ចេកទេស។ ម៉ាស៊ីនលាយទាំងនេះ ត្រូវភ្ជាប់ជាមួយ​នឹងឧបករណ៍​បញ្ជូនស្វ័យប្រវត្តិ ដែលមានលទ្ធភាព​វាស់បរិមាណ​ស៊ីម៉ងត៍ (Cement) និងដី ក្រួស​ក្រហម (Laterite) ឬដីល្បាយថ្មភ្នំ ចូលទៅក្នុងម៉ាស៊ីនលាយ​ក្នុងបរិមាណ ដែលបានកំណត់ទុកជាមុន (Mix Design)។ ការលាយដីស៊ីម៉ងត៍ ត្រូវធ្វើរហូត​ដល់ទទួលបាននូវល្បាយដីស៊ីម៉ងត៍​ស្មើសាច់ល្អ ។

៤.២.៨/ ល្បាយដីស៊ីម៉ងត៍ (Soil-Cement Mixture) សម្រាប់​ស្រទាប់គ្រឹះ ត្រូវមាន​សមត្ថភាព​ធន់នឹង​កម្លាំង​សង្កត់ Unconfined Compressive Strength(UCS) ≥ 1.7 MPa ដែល​ត្រូវ​កំណត់​ដោយ​តេស្តិ​ឈ្មោះ : Unconfined Compressive Strength Test for Soil Cement (ASTMD-1633) បន្ទាប់ពីត្រូវបាន​ថែទឹក សំណាក​គំរូចំនួន ០៧ ថ្ងៃ នៅក្នុងស្បោងប្លាស្ទិក និងការត្រាំទឹករយៈពេល ២ ម៉ោង ឬ​មានតម្លៃ CBR ≥ 80% (ត្រាំទឹក៩៦ម៉) ដែលតម្លៃនេះត្រូវបានកំណត់​ដោយ​តេស្ត​ឈ្មោះ California Bearing Ratio Test (AASHTO T-193) IS និង​ត្រង់ចំណុច​ភាពហាប់  95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density)។

៤.២.៩/ គ្រឿងចក្រដែលយកមកប្រើប្រាស់ សម្រាប់ការងារសាងសង់ស្រទាប់គ្រឹះប្រភេទ​ដីលាយ​ស៊ីម៉ងត៍ ត្រូវតែទាន់សម័យ និងមានអនុភាព​គ្រប់គ្រាន់​សម្រាប់​ធ្វើការប្រកបទៅដោយប្រសិទ្ធភាព ហើយ​ត្រូវមានការឯកភាពនិងអនុញ្ញាតឲ្យ​ប្រើប្រាស់ដោយវិស្វករត្រួតពិនិត្យបច្ចេកទេស។

៤.២.១០/ ល្បាយដីស៊ីម៉ងត៍ (Soil-Cement Mixture) ដែល​លាយរួច ត្រូវដឹកទៅកាន់​ការដ្ឋាន​សាងសង់​ដោយមធ្យោបាយដឹកជញ្ជូនសមរម្យ និង​ចាក់ពង្រាយលើ​ស្រទាប់គ្រឹះរង​ដែលមានសំណើម។ រួចលាយ​ជាមួយទឹកឲ្យបានសព្វល្អក្នុង កម្រិតបរិមាណ ± 2% នៃសំណើមទឹកប្រសើរបំផុត (Optimum Moisture Content) ដូច​ដែលបានកំណត់​ដោយការធ្វើតេស្តឈ្មោះ Moisture Density Relations of Soil-Cement Mixture (AASHTO T-134)។

៤.២.១១/ បន្ទាប់ពីកៀរសម្រួលស្រទាប់គ្រឹះដី​ស៊ីម៉ងត៍នីមួយៗ​ជារាងរួច ត្រូវ​បង្ហាប់​ឲ្យ​បានពេញ​ផ្ទៃ​ក្នុង​កម្រិតស្មើៗគ្នា ដោយ​ការបង្ហាប់នេះត្រូវធ្វើឡើងស្របតាម​បណ្ដោយ​ថ្នល់ ដែលចាប់ផ្តើម​ចេញពីគែម​ចិញ្ចើមខាងក្រៅ​ ចូលមកអ័ក្សថ្នល់ លើកលែងតែកន្លែងផ្លូវកោង ដែលមា​នជម្រាលថ្នល់​មានលក្ខណៈផ្អៀង (Super -Elevated Curves) ដែលការបង្ហាប់ត្រូវ​ចាប់ផ្តើមចេញពី​ផ្នែកទាប​ទៅផ្នែក​ខ្ពស់។

ស្រទាប់គ្រឹះដីស៊ីម៉ងត៍នីមួយៗ ត្រូវបង្ហាប់រហូតឲ្យបាន ≥ 98% នៃដង់ស៊ីតេស្ងួត​អតិបរមា (Maxiumum_Dry Density) ដូចដែលបានកំណត់ដោយការធ្វើតេស្តិ​ឈ្មោះ Moisture Density Relations of Soil-Cement Mixture (AASHTO T-134)។ ផ្ទៃរបស់ស្រទាប់គ្រឹះដីស៊ីម៉ងត៍នីមួយៗ ត្រូវតែផ្សើមទឹកនៅ​រាល់ពេលដែលបង្ហាប់ និងបន្ទាប់ពីបង្ហាប់រួច ព្រោះទឹកមិនត្រឹមតែ​ជួយធ្វើ​ឲ្យមានប្រតិកម្មរវាងដី និង​ស៊ីម៉ងត៍​ប៉ុណ្ណោះទេ ហើយថែមទាំងជួយបង្កើនសមត្ថភាពធន់​នឹងកម្លាំង​សង្កត់​របស់ល្បាយ​ដីស៊ីម៉ងត៍ និងជួយកាត់បន្ថយ​ស្នាមប្រេះលើផ្ទៃបន្ទាប់ពីការបង្ហាប់ទៀតផង។

៤.២.១២/ ស្រទាប់គ្រឹះដីល្បាយស៊ីម៉ងត៍នីមួយៗ ត្រូវមានកម្រាស់ ≤ 15 សម បន្ទាប់ពី​ការបង្ហាប់​រួច ហើយ​ក្នុង​ករណីដែល​​ប្រតិបត្តិករចង់បានស្រទាប់​គ្រឹះដី​ល្បាយស៊ីម៉ងត៍នីមួយៗមាន​កម្រាស់ > 15 សម (បន្ទាប់​ពីការបង្ហាប់រួច) ប្រតិបត្តិករ ត្រូវបង្ហាញ​ប្រភេទ​គ្រឿងចក្រ​ដែលចង់​យក​មកប្រើប្រាស់ថា​ មាន​សមត្ថភាពគ្រប់គ្រាន់សម្រាប់​ការអនុវត្ត​និងត្រូវធ្វើពិសោធសាកល្បងលើ​កម្រាស់​ដែល​ចង់បាន​លើប្រវែងផ្លូវពី 200 ម ទៅ 500 ម ជូនដល់វិស្វករត្រួត ពិនិត្យបច្ចេកទេស​ដើម្បីបញ្ជាក់អំពីប្រសិទ្ធិភាព​នៃគ្រឿងចក្រ។

៤.២.១៣/ រយៈពេលនៃការអនុវត្តការងារធ្វើគ្រឹះ​ដីល្បាយស៊ីម៉ងត៍​ខាងលើ គឺមិនត្រូវឲ្យ​លើស​ពី ២ ម៉ោង​ទេ គឺគិតចាប់រាប់​ពី​ការលាយរហូត​ដល់ការបង្ហាប់​ចប់សព្វ​គ្រប់ ប៉ុន្តែក្នុងរយៈពេល​ខាងលើ​នេះ​ដីល្បាយស៊ីម៉ងត៍​ដែលបានលាយរួច មិន​ត្រូវទុកឲ្យនៅស្ងៀម​រយៈពេល​លើសពី ៣០ នាទី​ឡើយ។

៤.២.១៤/ បន្ទាប់​ពីបង្ហាប់រួច ត្រូវចិត​ផ្ទៃស្រទាប់​ដីលាយស៊ីម៉ងត៍​ជារាងភ្លាមៗ តាមដែលអាច​ធ្វើ​ទៅ​បានទៅតាមកម្រិត​កម្ពស់​​ដែលបានកំណត់ក្នុងប្លង់សាងសង់ ។

៤.២.១៥/ ស្រទាប់គ្រឹះដីលាយស៊ីម៉ងត៍នីមួយៗ​ដែលបង្ហាប់រួច ត្រូវផ្សើមទឹកលើផ្ទៃរបស់​វា (ថែទឹក) យ៉ាងតិចបំផុតឲ្យបាន ៣ ថ្ងៃជាប់គ្នា។ ហើយសម្ភារៈជំនួយមួយ​ចំនួនមានដូចជា កៅស៊ូប្លាស្ទិច ខ្សាច់ ក្រណាត់ កៅស៊ូតង់ ឬ ស្លឹកត្នោត អាច​ត្រូវប្រើសម្រាប់គ្របលើផ្ទៃស្រទាប់ដីស៊ីម៉ងត៍ ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​សំណើមក្នុងល្បាយ​ដីស៊ីម៉ងត៍​ដោយសារកំដៅថ្ងៃ។ ក្នុងរយៈពេលថែទឹកនេះ ចរាចរ​អាចអនុញ្ញាតឲ្យធ្វើដំណើរទៅបានក្នុងករណីដែលចាំបាច់បំផុត​ប៉ុណ្ណោះ។

៤.២.១៦/ ការពិនិត្យភាពហាប់ស្រទាប់គ្រឹះដីលាយស៊ីម៉ងត៍នៅការដ្ឋាន (Field Density Test) ចាំបាច់ត្រូវអនុវត្តនូវគ្រប់ស្រទាប់គ្រឹះ​ដីលាយស៊ីម៉ងត៍នីមួយៗ ដើម្បីពិនិត្យមើលលើ​ភាព​ហាប់​របស់វាដែលត្រូវតែមានតម្លៃ ≥ 98% នៃដង់ស៊ីតេស្ងួត​អតិបរមា (Maximum Dry Density) តាមរយៈកា​រធ្វើតេស្ត​ឈ្មោះ Density Test by Sand Cone Method (AASHTO T-191) ឬ​ការ​ធ្វើ​តេស្ត​ផ្សេងពីនេះ ដែលត្រូវមាន​ការយល់ព្រមពីវិស្វករ​ត្រួតពិនិត្យបច្ចេកទេស។ ការពិនិត្យភាពហាប់ស្រទាប់​គ្រឹះដី​លាយ​ស៊ីម៉ងត៍​នៅការដ្ឋាននេះ ត្រូវធ្វើឡើងភ្លាមៗបន្ទាប់ពីការ​បង្ហាប់​បានបញ្ចប់រួចរាល់ ដែលទីតាំងនិង​ចំនួនតេស្ដកំណត់ ដោយវិស្វករត្រួតពិនិត្យបច្ចេកទេស។

៤.២.១៧/ ប្រតិបត្តិករត្រូវខ្ចប់​យកល្បាយដីស៊ីម៉ងត៍ ក្នុងបរិមាណ​សមស្របសម្រាប់ធ្វើជា​សំណាក​គំរូចំនួន ០៣ ដុំ នៃល្បាយដីស៊ីម៉ងត៍ នៅរាល់ពេលលាយដី និងស៊ីម៉ងត៍ សម្រាប់ធ្វើស្រទាប់គ្រឹះ ដើម្បី​ទុកពិសោធរកមើល​សមត្ថភាពធន់នឹង​​កម្លាំងសង្កត់ Unconfined Compressive Strength (UCS) ដែល​ត្រូវមានតម្លៃ​មធ្យមភាគ ≥ 1.7 MPa តាមរយៈការធ្វើតេស្ត​ឈ្មោះ Unconfined Compressive Strength Test for Soil Cement (ASTM D-1633) បន្ទាប់​ពី​ថែទឹក​ចំនួន ០៧ ថ្ងៃ នៅក្នុងស្បោងប្លាស្ទិក និងត្រាំទឹករយៈពេល ០២ ម៉ោង៕

នៅ​អត្ថបទ​បន្ទាប់ កម្ពុជា​នឹង​លើក​ពី​បច្ចេកទេស​ការ​ធ្វើ​ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់ (Road Surfacing) បន្ត​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម