Connect with us

ព័ត៌មានអន្ដរជាតិ

តើ​ការ​ដក​តំណែង​នាយករដ្ឋ​មន្រ្តី​របស់​លោក​ សេដ្ឋា អាច​ប៉ះ​ពាល់​សេដ្ឋកិច្ច​ថៃ​ដោយ​របៀប​ណា​?

បានផុស

នៅ

ខ្វះ​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ​ដល់​គម្រប់ខួប​១​ឆ្នាំ​នៃ​ការ​ទទួល​បាន​អំណាច​កំពូល​​​របស់​ប្រទេស​ ​តុលាការធម្មនុញ្ញថៃ​កាល​ពី​ថ្ងៃ​ពុធ​ បាន​សម្រេច​ដក​តំណែង​នាយករដ្ឋ​មន្រ្តី​របស់​លោក​ សេដ្ឋា ថាវីស៊ីន​ ក្រោយ​រក​ឃើញ​ថា​លោក​មាន​ពិរុទ្ធពី​បទរំលោភ​លើ​ក្រម​សីលធម៌​ ចំពោះ​ការ​តែងតាំង​​មេធាវីដែលធ្លាប់​​រង​ការផ្តន្ទាទោសព្រហ្មទណ្ឌ​ ឱ្យ​បម្រើ​ការ​ក្នុង​គណៈរដ្ឋមន្ត្រីរបស់​លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​​មើល​ឃើញ​ថា​ សាលក្រមរបស់​តុលាការនេះ​ កំពុង​បន្ថែម​ភាព​អាប់​អួរ​ទៅ​លើ​បរិយាកាស​នយោបាយ​ក្នុង​ស្រុក​របស់​ប្រទេស​ថៃ​ ក្រោយ​តុលាការ​ដដែល​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ បាន​សម្រេច​រំលាយ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ (MFP) ដែល​​ទទួល​បាន​​សម្លេង​គាំទ្រ​ច្រើន​ជាង​គេ​បំផុត​ក្នុង​​ការ​បោះ​ឆ្នោត​​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​។

សាល​ក្រម​ដដែល​ ក៏​ប្រកាស​​ឡើង​ផង​ដែរ​ ខណៈ​ប្រទេស​ថៃ​មើល​ឃើញ​ពី​ដំណើរ​មិន​សូវ​ស្រួល​នៃ​សេដ្ឋកិច្ច​ ដែលញំ​ញី​ដោយសារកម្ចី​ពិបាក​ទារ​ខ្ពស់ កម្សោយ​នៃ​ការ​ចំណាយ-ការ​ប្រើ​ប្រាស់​ និង​ការ​ធ្លាក់​ចុះ​នៃ​ផលិត​​កម្ម​​ និង​ការ​បិទ​រោង​ចក្រ​ជា​ដើម​។ អ្នក​វិភាគ​មើល​ឃើញ​ថា​ ភាព​ស្រពិច​ស្រពិល​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​របស់​ថៃ​ និង​ចុង​ក្រោយ​បំផុត​គឺ​ការ​ដក​តំណែង​លោក​ សេដ្ឋា នឹង​ធ្វើ​ឱ្យ​​កំណើន​សេដ្ឋកិច្ច​ដែល​ដើរ​អូស​ជើង​រួច​ហើយ​នោះ​ បន្ត​ត្រដាប​ត្រដួស​។

កាល​ពី​ចុង​ខែ​មុន​ ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បាន​ព្យាករ​ថា​ ​​សេដ្ឋកិច្ច​របស់​ប្រទេស​សម្រាប់​ឆ្នាំ​ ២០២៤ នេះ​ នឹង​មាន​កំណើន​ ២,៧ ភាគរយ​ ដោយសារ​តែ​ភាព​រឹង​មាំ​នៃ​លំហូរ​ភ្ញៀវទេសចរ​បរទេស​ និង​កំណើន​នៃ​​ការ​នាំ​ចេញ​​។ ការ​ព្យាករ​នេះ​ មិន​បាន​រាប់​បញ្ជូល​នូវ​គោលនយោបាយចម្រូង​ចម្រាស់​​ «កាបូប​ឌីជីថល​» ដែល​រដ្ឋាភិបាល​ថៃ​របស់​លោក​ សេដ្ឋា ត្រូវ​ចំណាយ​ប្រាក់​ជាង​ ១២ ប៊ីលាន​ដុល្លារ​​ ដើម្បី​ចែក​ពលរដ្ឋ​ថៃ​ក្នុង​គោលបំណង​ជំរុញ​ការ​ចំណាយ​របស់​ក្នុង​ស្រុក​នោះ​ទេ​។ បើ​តាម​ក្រសួង​ គោលនយោបាយ​នេះ​ អាចជួញ​ជំរុញ​​​សេដ្ឋកិច្ច​​ពី​ ១,២ ដល់​ ១,៨ ភាគរយ​ បន្ថែម​ទៀត​ ពី​លើ​ការ​ព្យាករ​។

យ៉ាង​ណា​មិញ​ អ្នក​វិភាគខ្លះ​​ព្រួយបារម្ភ​ថា​ ការ​ដក​លោក​ សេដ្ឋា ចេញ​ពី​តំណែង​អាច​នឹង​ប៉ះ​ពាល់​ដល់​គំនិត​ផ្ដួច​ផ្ដើម​សេដ្ឋកិច្ច​មួយ​នេះ​ ក្នុង​ចំណោម​គំនិត​ផ្ដួច​ផ្ដើម​ផ្សេង​ៗ​ទៀត ដែល​ប្រកាស​ឡើង​ដោយ​​រដ្ឋាភិបាល​របស់​លោក​ សេដ្ឋា។

ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ព្រួយបារម្ភ​មួយ​ជ្រុង​ប៉ុណ្ណោះ​។ សាលក្រម​កាល​ពី​ថ្ងៃ​ពុធ​របស់​តុលាការ​ គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​សម្រាប់​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ (FTI) ដែល​បាន​បាន​ព្រមាន​រួច​មក​ហើយ​ថា​ អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ ទាំង​ការ​រំលាយ​គណបក្ស​ MFP និង​ការ​ដក​តំណែង​លោក​ សេដ្ឋា​ នឹង​បង្ក​ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​ ជា​ពិសេស​ការ​វិនិយោគ​។

ប្រធាន FTI លោក Kriangkrai Thiennukul ​បាន​លើក​ឡើង​ថា សេចក្តីសម្រេចរបស់តុលាការថៃ​ បានធ្វើឱ្យ វិនិយោគិន​មានការភ្ញាក់ផ្អើល និងបង្ខំពួកគេឱ្យផ្អាកការវិនិយោគរបស់​ខ្លួន​សិន​។ លោក​និយាយ​ថា​ ​ថៃ​បច្ចុប្បន្ន​ កំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ចំពេលពិភព​លោក​ស្ថិត​នៅ​ក្នុង​​ភាពមិនប្រាកដប្រជា​ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ ដែល​ប្រទេស​នេះ​​ត្រូវ​ស្តារទំនុកចិត្ត ទាក់ទាញការវិនិយោគថ្មីៗ និងប្រមូល​ការ​ចូលរួម​ទាំង​ពី​វិនិយោគិនថៃ និងអន្តរជាតិ។

លោក Kriangkrai បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «នេះគឺជារយៈពេលដ៏សំខាន់មួយ។ សម្រាប់អ្នកវិនិយោគ ស្ថិរភាពនយោបាយគឺជារឿងសំខាន់បំផុត។ យើងទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយស្ថិរភាព ​និង​មិន​ផ្លាស់​ប្ដូរ​។ ការផ្លាស់ប្តូរជាញឹកញាប់​ក្នុងគណបក្សនយោបាយ បានរំខានដល់ការបន្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលនាំឱ្យ​ខ្វះភាពស៊ីសង្វាក់គ្នា»។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​​កាសែត​ The Nation។

​អ្នក​ជំនាញ​ដដែល​ បាន​លើក​​ឡើង​បន្ត​ថា​ ​វិនិយោគិន​មួយចំនួនដែលពន្យារពេល​សម្រេចចិត្ត​ក្នុងការវិនិយោគលើគម្រោងថ្មី អាចសម្រេចចិត្តមិនពង្រីកអាជីវកម្មរបស់​ខ្លួន​ក្នុងប្រទេសថៃ ហើយ​វា​ពិត​ជា​អាច​ទៅ​រួច ដែល​​វិនិយោគិន​​ទាំង​នេះ​នឹង​ផ្លាស់​ប្តូរ​ផែនការ​វិនិយោគ​ទៅបណ្ដា​​ប្រទេស​ជិត​ខាងវិញ​។

មុន​តុលាការ​ប្រកាស​សាលក្រម​ មាន​វិនិយោគិនជាច្រើនបានសាក​សួរ FTI អំពីទស្សនវិស័យនយោបាយក្នុងប្រទេសថៃ ដោយសារពួកគេចង់បានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរៀបចំផែនការវិនិយោគរបស់​ខ្លួន​ក្នុង​ប្រទេស​នេះ។ លោក​ ​Kriangkrai បាន​សង្កត់​ធ្ងន់​ថា​ ​ភាព​មិន​ប្រាកដ​ប្រជា ជា​ពិសេស​ក្នុង​វិស័យ​នយោបាយ អាច​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បាត់បង់​ឱកាស​​អាជីវកម្ម​ជា​ច្រើន ជា​ពិសេស​ពី​វិនិយោគិន​មក​ពី​អាមេរិក​ ឬ​អឺរ៉ុប​ ខណៈ​វិនិយោគិន​នៅ​អាស៊ី​ ដូច​ជា​ជប៉ុន​ ដែល​ឈរ​ជើង​នៅ​ថៃ​រាប់​ទសវត្សរ៍​មក​ហើយ​នោះ​ អាចចាប់ផ្តើមសម្របខ្លួននឹង​ស្ថានការណ៍​នយោបាយ​ ហើយ​កែសម្រួលយុទ្ធសាស្ត្ររបស់ពួកគេ។

អនុរដ្ឋមន្ត្រីស្តីទីហិរញ្ញវត្ថុថៃ​ លោក Julapun Amornvivat បានយល់ស្របនឹង​ការ​ព្រួយ​បារម្ភ​របស់​លោក​ Kriangkrai ដោយ​ថ្លែង​ថា ការដកតំណែងនាយករដ្ឋមន្ត្រី ទំនងជាប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល។

ទាក់ទិន​នឹង​គោលនយោបាយ​​កាបូបឌីជីថល លោក Julapun បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សភាថៃ​នា​ថ្ងៃ​ព្រហស្បតិ៍​ថា វា​​នឹង​អាស្រ័យ​លើ​នាយករដ្ឋ​មន្រ្តី​ និង​គណៈរដ្ឋ​មន្រ្តី​ថ្មី​។ ការណ៍​ថ្លែង​បែប​នេះ កំពុង​ធ្វើ​ឱ្យ​មាន​ភាព​ស្រពិច​ស្រពិល​បន្ថែម​ទៀត​ ក្រោយ​មាន​សេចក្ដី​រាយការណ៍​ថា​ ​អតីតនាយករដ្ឋម​ន្រ្តី​​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ ដែល​ជា​ស្ថាបនិក​គណ​បក្ស​ភឿ​ថៃ​ បាន​ប្រាប់​លោកស្រី​ ផែតងតាន ស៊ីណាវ៉ាត្រា​ ​ដែល​ជា​ប្រធានបក្សបច្ចុប្បន្ន​ ឱ្យ​ទម្លាក់​ចោល​នូវ​គម្រោង​ «កាបូប​ឌីជីថល​» ដោយសារ​តែ​សេដ្ឋកិច្ច​ទន់ខ្សោយ​។ ធនាគារ​កណ្ដាល​ថៃ និង​សេដ្ឋវិទូ​ ​នា​ពេល​កន្លងមក​ ប្រឆាំង​នឹង​គម្រោង​នេះ​ ដោយ​ថា​ វា​នឹង​បង្ក​​កំណើន​អតិផរណា​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Julapun លើក​ឡើង​ថា​ គណបក្ស​ថៃ​នឹង​យក​គម្រោង​កាបូបឌីជីថល​ទៅ​ចរចាជាមួយ​ក្រុម​នយោបាយ​ចម្រុះរបស់ខ្លួន ដែល​បង្កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​មុន​ ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មី។ ​​អ្នក​វិភាគ​ខ្លះ​​មាន​សុទិដ្ឋិនិយម​ថា​ គម្រោង​កាបូប​ឌីជីថល ដែល​គ្រោង​អនុវត្ត​នៅ​ចុង​ឆ្នាំ​ ២០២៤​ នេះ​ ​នឹង​វិវត្ត​ទៅ​មុខ​ដោយ​ជោគជ័យ​ ដោយសារ​តែ​គណបក្សភឿ​ថៃ​មាន​សម្លេង​ភាគ​ច្រើន​ក្នុង​រដ្ឋាភិបាល​ចម្រុះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​​ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ការ​ដក​តំណែង​លោក​ សេដ្ឋា នៅ​តែ​ប៉ះ​ពាល់​ដល់គម្រោង​សេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត​ដូចជា​ ផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចដើម្បីជំរុញ​កំណើន​​​ ​​​មូលនិធិថ្មី​ Vayupak Fund ​​ដែលគាំទ្រដល់ការអភិវឌ្ឍ​ និង​ជំរុញ​ការ​វិនិយោគ​លើ​ទីផ្សារមូលធនរបស់​ថៃ និង​​ផែន​ការ​​​​បញ្ចេញ​ថវិកា​ជាតិ​ជា​ដើម​។

​ទន្ទឹមនឹង​នេះ ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ លោក​ Chaichan Chareonsuk បាន​ហៅ​សាលក្រម​របស់​តុលាការធម្មនុញ្ញ​ថៃ​ចំពោះ​លោក​ សេដ្ឋា​ ថាជាការកំណត់​រដ្ឋាភិបាលសារជា​ថ្មី​ ​ហើយ​ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​មិន​គួរ​អូសបន្លាយ​យូរ​​ទេ​ ​ដើម្បី​កុំ​ឱ្យ​មាន​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​នាំ​ចេញ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​ស្ទុះ​ងើប​នៃ​កំណើន​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ការ​ចុះ ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។ ​

ស្រដៀង​គ្នា​នឹង​អ្នក​ជំនាញ​ផ្សេង​ទៀត​ដែរ​ លោក Somjai Phagaphasvivat អ្នកវិភាគនយោបាយ និងសេដ្ឋកិច្ចឯករាជ្យ បាន​ប្រាប់​បាងកកប៉ុស្តិ៍​ ថា ​ការដកតំណែងរបស់លោក សេដ្ឋា​ ថា ទំនងជាមានឥទ្ធិពលផ្លូវចិត្តក្នុង​រយៈ​ពេល​ខ្លី​ លើផ្សារហ៊ុនថៃ ដែលអាច​បង្ក​ឱ្យវិនិយោគិគ​បរទេសពន្យារពេលវិនិយោគ​ក្នុងប្រទេសថៃ។

ដូច​ការ​លើក​ឡើង​នេះ​ តម្លៃ​ប្រាក់បាតថៃ ដែល​ធ្លាក់ចុះប្រហែល ៣ ភាគរយ​រួច​ទៅ​ហើយ​នៅ​ឆ្នាំ​នេះ​ បាន​ធ្លាក់​ចុះ​ ០,១ ភាគរយ​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ខណៈ​ភាគហ៊ុននៅផ្សារហ៊ុនថៃ (SET) បានធ្លាក់ចុះ ០,៨ ភាគរយ​។ រាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ ​ទីផ្សារ​ភាគហ៊ុនថៃបានធ្លាក់ចុះ ៩,៤ ភាគរយ​ ​ដែល​នេះ​ជា​អត្រា​អាក្រក់បំផុត​ក្នុង​ចំណោម​​ទីផ្សារភាគហ៊ុនអាស៊ី ​ក្រោយ​ធ្លាក់​ចុះ​ប្រមាណ​ ១៥ ភាគរយ​ កាល​ពី​ឆ្នាំ​មុន​។ ​កន្លង​មក​ អ្នក​ជំនាញ​បាន​ទាញ​ភ្ជាប់​ភាព​មិន​ច្បាស់​លាស់​នៃ​នយោបាយ​ថៃ​ ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ភាគ​ហ៊ុន​របស់​ប្រទេស​នេះ​ បន្ថែម​ពី​លើតម្លៃ​ថោក​នៃ​ប្រាក់​បាត​ និង​​កំណើន​សេដ្ឋកិច្ច​យឺត​យ៉ាវ​​ជាដើម​។

កាល​ពី​ឆ្នាំ​មុន​ សេដ្ឋកិច្ច​ថៃ​មាន​កំណើន​ត្រឹម​តែ​ ១,៩ ភាគរយ​ប៉ុណ្ណោះ​ ដែល​យឺត​យ៉ាវ​ជាង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ៗ​ទៀត​។ យ៉ាង​ណា​មិញ​ ទីភ្នាក់ងារសារព័ត៌មាន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​សេដ្ឋកិច្ច​ថៃ​រំពឹង​ថា​នឹង​កើន​ឡើង​ពី​ ១,៥ ភាគរយ​ក្នុង​ត្រីមាស​ទី​១ ដល់​ ២,១ ភាគរយ​ នៅ​ត្រីមាស​ទី​ ២ ចន្លោះ​ពី​ខែ​មេសា-មិថុនា ឆ្នាំ​ ២០២៤ ដែល​ជំរុញ​​ដោយ​កំណើន​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ និង​ការ​វិនិយោគ​ ទោះ​បី​ការ​ប្រើ​ប្រាស់ខ្សោយ​ ​ហើយ​​ការ​នាំ​ចេញ​មាន​កំណើន​យឺត​យ៉ាវ​​ដោយសារ​​ភាព​ស្រពិច​ស្រពិល​ជា​សកល​ និងក្ដី​​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះនៃ​សេដ្ឋកិច្ច​អាមេរិក​ក៏​ដោយ​។

ទោះ​បី​ជា​កត់​ត្រា​ពី​ភាព​ប្រសើរ​ឡើង​នេះ​ក៏​ដោយ​ អ្នក​ជំនាញ​នៅ​តែ​គូស​បញ្ជាក់​ពី​ហានិភ័យ​នយោបាយ​ ដែល​អាច​ធ្វើ​ឱ្យ​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច​ស្ថិត​នៅ​​លើ​ផ្លូវ​មិន​ច្បាស់​លាស់​។ យ៉ាង​ណា​មិញ​ អ្នកខ្លះ​លើក​ឡើង​ថា​ ការ​ដក​ដំណែង​របស់​លោក​ សេដ្ឋា​ មិន​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ថៃ​នោះ​ទេ​ ដរាប​ណា​គណបក្ស​ភឿថៃ​ នៅ​តែ​ជា​ស្នូល​នៃ​រដ្ឋាភិបាល​ចម្រុះ​​ប៉ុន្តែ​វា​នៅ​តែ​ទាម​ទារ​ឱ្យ​ថា​មាន​ស្ថេរភាព​នយោបាយ​ ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។

ហើយ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗ​ អ្នក​ជំនាញស្នើ​សុំ​ឱ្យ​​​ រដ្ឋាភិបាលថ្មី​​ពន្លឿន​លើ​ដំណើរការ​នាំ​ផែនការ​សេដ្ឋកិច្ច​ទាំង​​អស់​ ​ដើម្បី​កុំ​ឱ្យ​រាំង​ស្ទះ​ដល់​​ការ​ជំរុញ​សេដ្ឋកិច្ច​ ខណៈ​ខ្លះ​​​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​បន្ត​គោលនយោបាយ​ដែល​មាន​ស្រាប់​ ដែលដាក់​ចេញ​ដោយ​រដ្ឋាភិបាល​របស់​លោក​ សេដ្ឋា ដូចជា​គោលនយោបាយ​ទេសចរណ៍​ ​Ignite ​Thailand ​​ផែនការ​មជ្ឈមណ្ឌលអាកាសចរណ៍ និង​ការ​លើក​លែង​ទិដ្ឋាការ​​ជា​ដើម​។

​កន្លង​មក​ រដ្ឋាភិបាល​ថៃ​បានអនុវត្តគោលនយោបាយ និងលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងការ​លើក​លែង​ទិដ្ឋាការនៅ​ពេល​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​ សម្រាប់​ពលរដ្ឋ​ពី​ ៩៣ ប្រទេស​ ទន្ទឹម​នឹង​ការ​ជំរុញ​ប្រទេស​ឱ្យ​ក្លាយ​ជាមជ្ឈមណ្ឌលប្រគុំតន្ត្រី និងព្រឹត្តិការណ៍នានា​ជាដើម​។ ខណៈ​វិស័យ​ទេសចរណ៍​កំពុង​ដើរ​តួនាទី​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ថៃ​បច្ចុប្បន្ន​ មន្រ្តី​ថៃ​ទទូច​ថា​ ការ​ដក​លោក​ សេដ្ឋា​ នឹង​មិន​គួរ​ប៉ះ​ពាល់​ដល់​លំហូរ​ទេសចរ​បរទេស​នោះ​ទេ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទីute មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៧ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម