KPT+
ហេតុអ្វីមនុស្សកើតពីគ្រួសារតែមួយ រៀនចេញពីសាលាតែមួយ ប៉ុន្តែចិត្តគំនិតខុសគ្នា?
ទំនាស់ អាចកើតមានគ្រប់ទីកន្លែង មិនថា ក្នុងគ្រួសារ សាលារៀន កន្លែងធ្វើការ ទីសាធារណៈ ឬតាមបណ្ដាញសង្គម ដែលទំនាស់នេះ ច្រើនតែកើតពីការមានចំណង់ចំណូលចិត្ត ឬទស្សនៈខុសគ្នារបស់មនុស្សពីរនាក់ ឬពីរក្រុមឡើងទៅ។ មនុស្សមានអវយវៈរូបសណ្ឋានរាងកាយដូចគ្នា ហេតុអ្វី សូម្បីមនុស្សកើតពីគ្រួសារតែមួយ រៀនមេរៀន ចេញពីសាលាតែមួយ ប៉ុន្តែចិត្តគំនិតខុសគ្នា? មនុស្សមានចិត្តគំនិតខុសគ្នា អាចរស់នៅជាមួយគ្នាដោយរបៀបណា?
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មនុស្សមានភាពខុសគ្នា លើមុខមាត់ សូម្បីតែកូនភ្លោះក៏មានចំណុចខុសគ្នា។ ជាមួយគ្នានេះ មនុស្សមានភាពខុសគ្នាទាំងអារម្មណ៍ ចរិតលក្ខណៈផ្សេងៗ ដែលភាពខុសគ្នានេះកើតពីធម្មជាតិ នៃបុគ្គលម្នាក់ៗ។
បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បន្តថា៖ “ក្រៅពីធម្មជាតិ ភាពខុសគ្នារបស់មនុស្ស ក៏ដោយសារតំណពូជ ការរស់នៅអនុវត្តតាមឪពុកម្ដាយ ឬមជ្ឈដ្ឋានរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ជំនឿជាដើម។ ជាមួយគ្នានេះ ការសិក្សាក៏ធ្វើឱ្យមនុស្សខុសគ្នា បើទោះជាយកមេរៀន ឬចំណេះដឹងផ្ដល់ដល់បុគ្គល ក៏ការទទួលបាននោះខុសគ្នាទៅតាមធម្មជាតិលក្ខណៈបុគ្គលម្នាក់ៗ”។
អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម រូបនេះ លើកឡើងថា ពីមុន យើងច្រើននិយាយថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ប៉ុន្តែបច្ចុប្បន្ន អាចលែងត្រូវ ព្រោះកូនមិនមែនទទួលឥទ្ធិពលតែពីឪពុកម្ដាយទេ គឺអាចទទួលពី មិត្តភក្ដិ លោកគ្រូអ្នកគ្រូ ព្រមទាំងពីសង្គមជាក់ស្ដែង រួមទាំងបណ្ដាញសង្គម។ ព័ត៌មានតាមបណ្ដាញសង្គមនេះ មានទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជារបៀបធ្វើនយោបាយ ផងដែរ។
បណ្ឌិត ឈត ប៊ុនថង បញ្ជាក់បន្ថែមថា៖ “ជាក់ស្ដែង សព្វថ្ងៃយើងរស់នៅកម្ពុជាពិតមែន តែយើងក៏ទទួលឥទ្ធិពលពីចិន កូរ៉េ អឺរ៉ុប ពីបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក។ ចំណុចដែលគួរឱ្យពិចារណា គឺការទទួលព័ត៌មាន បើមនុស្សទទួលបានព័ត៌មានតិច ការយល់ឃើញចេះដឹងរបស់គាត់ក៏តិចដែរ ហើយបើទទួលព័ត៌មានខុស ការសម្រេចចិត្ត ការវិភាគ ការបញ្ចេញយោបល់ ការប្រតិកម្មរបស់គាត់ក៏ខុស។ ហើយបើបុគ្គលបណ្ដុះទម្លាប់ថា អ្វីក៏ដោយឱ្យតែមិនត្រូវគំនិតរបស់គាត់ សុទ្ធតែជាការមិនត្រឹមត្រូវទៀត នោះបញ្ហាកាន់តែធ្ងន់ធ្ងរ”។
បណ្ឌិត ឈត ប៊ុនថង លើកឡើងថា បើទោះបីជា មនុស្សមានទស្សនៈផ្ទុយគ្នា ប៉ុន្តែនៅតែអាចរស់នៅជាមួយគ្នាបាន ជាក់ស្ដែងសព្វថ្ងៃយើងកំពុងតែរស់នៅជាមួយគ្នា ខណៈយើងរស់នៅក្នុងប្រទេស ក្នុងសង្គម មានប្រពៃណី ទំនៀមទម្លាប់ របៀបរបបរស់នៅខុសគ្នា។ បណ្ឌិត ឈត ប៊ុនថង បញ្ជាក់ថា សូម្បីតែប្ដីប្រពន្ធរស់នៅរួមគ្នារាប់ឆ្នាំ បង្កើតកូនបាន ៤ ១០នាក់ ជាមួយគ្នា ក៏មិនមែនប្ដីប្រពន្ធនោះមានទស្សនៈដូចគ្នាដែរ។ ដូចនេះដើម្បីរស់នៅជាមួយគ្នាបាន ត្រូវតែទទួលស្គាល់ភាពខុសគ្នា ហើយគោរពនូវភាពខុសគ្នា ឈ្វេងយល់អ្វីដែលភាគីម្ខាងទៀតចូលចិត្ត និងមិនចូលចិត្ត ហើយចៀសវាង កុំផ្គើន ឬធ្វើអ្វីដែលភាគីម្ខាងទៀតមិនចូលចិត្ត។ បើគំនិតផ្ទុយនោះមិនល្អ យើងអាចជំទាស់ និងលើកហេតុផលបង្ហាញបាន ទៅតាមមតិភាគច្រើន ឬតាមច្បាប់ ហើយទោះបីច្បាប់ក៏គេអាចធ្វើ វិសោធនកម្ម (កែប្រែ) បាន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់