Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង $៨,៧២ ពាន់លាន

បានផុស

នៅ

កម្ពុជារកបានប្រាក់ចំណូលជាង ៩៧៥ លានដុល្លារ ពីការនាំទំនិញទៅប្រទេសចិននៅក្នុង​រយៈ​ពេល ៧ ខែ (មករា-កក្កដា)​ ឆ្នាំ ២០២៤ កើនឡើង ១៩,៧ ភាគរយបើធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំមុន។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបង្ហាញថា ការនាំចេញ-នាំចូលរវាងកម្ពុជាចិន មាន​ទឹក​ប្រាក់សរុប ចំ​នួន ៨,៧២ ពាន់​លានដុល្លារ កើនឡើង ២៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានឱ្យដឹងថា តុល្យភាពជញ្ជីងពាណិជ្ជកម្មរយៈពេល ៧​ខែ ឆ្នាំ ២០២៤ គឺកម្ពុជាមានឱនភាព ៦,៧៧ ពាន់លានដុល្លារ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងថា ផលិត​ផល​កសិផលជាច្រើនត្រូវបាននាំទៅកាន់ទីផ្សារប្រទេសចិន ដូចជាអង្ករ ដំឡូងមី ម្រេច មៀន​ប៉ៃលិន ស្វាយ ចេកជាដើម។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីថា សេដ្ឋកិច្ច​ចិនមានកំណើន បើធៀបទៅនឹងសម័យកូវីដ១៩ នៅក្នុងឆ្នាំ ២០២៤ នេះ ចិនទទួលកំ​ណើន​​សេដ្ឋកិច្ចប្រមាណ ៥%។

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា មានប្រសាសន៍ថា ប្រទេស​​​​ចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំរបស់កម្ពុជារយៈពេលជាច្រើនឆ្នាំ។

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ការវិនិយោគរបស់ប្រទេស​ចិននៅកម្ពុជាមានទំហំទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារ ស្មើនឹង ៤២,៦% នៃការវិនិយោគសរុប។

​សម្រាប់​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ចិន គឺជា​ផលិតផល​កសិកម្ម និង​វាយ​ន​ភណ្ឌ ខណៈដែរ​ការនាំ​ចូល​របស់​ប្រទេស​ចិន រួមមាន​ផលិតផល​ចម្រុះ​ជាច្រើន​ដូចជា វត្ថុធាតុដើម​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ គ្រឿងសំណង់ រថ​យន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​​អេឡិចត្រូនិក អគ្គិសនី ឱសថ ចំណីអាហារ ថ្នាំ​គីមីកសិកម្ម ជាដើម​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម