Connect with us

ព័ត៌មានជាតិ

រដូវវស្សាឆ្នាំនេះ កសិករខេត្តបាត់ដំបងសម្រុកដាំដុះ​ស្រូវ ខណៈដំណាំសាកវប្បកម្ម និងឧស្សាហកម្ម ថយចុះជាងឆ្នាំមុន

បានផុស

នៅ

រដូវ​វស្សា​ក្នុង​ឆ្នាំ​នេះ​ ពលរដ្ឋ​នៅស្រុក​មោង​ឫស្សី​ខេត្ត​បាត់ដំបង បាន​សម្រុក​ធ្វើ​ស្រូវ ២​ប្រភេទ ច្រើន​ជាង​ឆ្នាំមុន ខណៈ​ដំណាំ​សាកវប្បកម្ម និង​ឧស្សាហកម្ម ថយ​ចុះ​ជាង​ឆ្នាំ​មុន​ទៅ​វិញ ដោយ​សារ​កត្តា​អាកាស​ធាតុ​មិន​ដំណោយ​ផល​ល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ាប់ កសិករ​រស់​​នៅ​ក្នុង​ឃុំព្រៃ​តូច ស្រុក​មោងឬស្សី បាន​​ឲ្យ​ដឹង​​ថា ឆ្នាំ​នេះ​ស្រូវ​លូតលាស់​បាន​ល្អ ខណៈឆ្នាំ​កន្លង​ទៅ​លោក​ធ្វើតែ ៥ ហិតា តែ​ឆ្នាំនេះ​បង្កើនហូត​ដល់​ទៅ ១០ហិតា។

«បើ​គិត​មក​ដល់​ថ្ងៃនេះ ស្រូវ​ខ្ញុំ​មាន​រយៈ​ពេល​ទើប​ជាង ៣០ថ្ងៃប៉ុណ្ណោះ ខ្ញុំសប្បាយចិត្តពេក ១ថ្ងៃៗចង់តែនៅមើលស្រូវ អាច​សង​បំណុល​រួចរាល់​ក្នុង​ឆ្នាំនេះ»។

ជា​មួយ​នឹង​ការ​ហុច​ផល​ស្រូវ​បាន​ល្អ កសិករ​រូប​នេះ​ បាន​ឱ្យ​ដឹង​ពីការ​ដាំដំណាំ​ពោត​ក្រហម​ ដោយ​សារ​តែ​រលក​កម្តៅ​ខ្លាំង​ពេក ​នៅ​សល់​តិច​តួច​ប៉ុណ្ណោះ តែ​អាច​ប្រមូល​ផល​បាន​​មិន​ខាត​នោះ​ទេ​។

ចំណែក​កសិករ​មួយ​រូប​ទៀត ដែល​រស់នៅក្នុង​​ស្រុក​បាណន់ អ្នកស្រី សួន សាឃឿន បាន​ឲ្យដឹង​ដែរ​ថា ឆ្នាំ​នេះ អ្នកស្រី​​ ដាំ​ដំឡូង​មីលើ​ដី​តែ​ ២ ហិតា ប៉ុណ្ណោះ ខណៈ​ឆ្នាំមុន​ដាំ​លើ​ផ្ទៃ​ដី ៥ហិតា។ ការកាត់បន្ថយ​ផ្ទៃដី​នេះ អ្នក​ស្រី​លើក​ឡើង​ថា ដោយសារតែ​ឆ្នាំនេះ​ក្តៅ​ខ្លាំង​ពេក ​កាល​ណា​ដាំ​លើ​ទំហំ​ដី​ច្រើន គឺ​បារម្ភ​ខ្លាច​ខាត​បង់​ថវិកា​ច្រើន។

អ្នកស្រីបន្តថា «សុខចិត្ត​បាន​ផល​តិច គ្រាន់​​ជាង​ខាតបង់​ទុន​ច្រើន​ចាំមើល​ឆ្នាំ​មុខ បើ​​អាកាសធាតុ​ល្អ ខ្ញុំនឹង​ដាំ​លើដី​ទាំង ៥ ហិតា​តែ​ម្តង»។

បើ​យោង​តាម​របាយការណ៍​ពី​មន្ទីរកសិកម្ម​ខេត្ត​បាត់ដំបង កសិករ​ដាំដុះ​ស្រូវ​សរុប​រហូត​ដល់​ ៣៤០.៥៥៥ ហិតា ស្មើ​និង ១០១,៦៦% នៃ​ផែនការ ៣៣៥.០០០ហិតា លើស​ឆ្នាំមុន​​ចំនួន ៣៨.៧៦៧ហិ​តា។ ក្នុង​នោះ ស្រូវ​ស្រាល​ចំនួន ២១៥.១៤៤​ហិតា លើស​ឆ្នាំមុន ២៤.៨២៦ហិតា ,ស្រូវ​កណ្តាល​ចំនួន ៨៤. ៧២០ហិតា លើស​ឆ្នាំ​មុន ១៣.០៧២ហិតា។

ដោយឡែក ស្រូវធ្ងន់ និង ស្រូវឡើងទឹក បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ក្នុង​នោះ ស្រូវធ្ងន់ ចំនួន ៣៩.៦២៩ហិតា តិចជាង​ឆ្នាំមុន ២៩៥ហិតា ,ស្រូវឡើងទឹក ចំនួន ១.០៦២ហិតា តិច​ជាង​ឆ្នាំមុន ១.៥០០ ហិតា ។

ដំណាំ​សាកវប្បកម្ម និង​ឧស្សាហកម្ម សរុប ១៥៥.៦៦៧ហិតា ស្មើនឹង ៦៣,១៤%​ នៃផែនការចំនួន ២៤៦.៥៦០ហិតា តិចជាង​ឆ្នាំមុន ២២.២៨៨ហិតា ក្នុងនោះមាន ដំណាំ​សាកវប្បកម្ម​ចំនួន ១.១៨៧ហិតា ស្មើ​និង ៥៨,១៩% នៃ​ផែន​ការ ២០៤០ហិតា តិចជាងឆ្នាំមុន ៧២ហិតា និង​ដំណាំ​ឧស្សាហកម្ម ចំនួន ១៥៤.៤៨០ហិតា ស្មើនិង ៦៣,១៨% នៃផែនការ ២៤៤.៥២០ហិតា តិចជាងឆ្នាំមុនចំនួន ២៦.៦៦៣ហិតា។

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម