Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនកូនខ្មែរមួយ ផលិតក្រដាសផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចូលរួមជួយបរិស្ថានសង្គម

បានផុស

នៅ

ក្រុមហ៊ុនកូនខ្មែរមួយ បានជ្រើសរើសការផលិតក្រដាសអនាម័យដោយមិនប្រើប្រាស់ផ្លាស្ទិក ដើម្បីចូលរួមចំណែកជួយបរិស្ថានសង្គម និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាំង សុជាតិ ម្ចាស់ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក ផលិតក្រដាសអនាម័យក្នុងស្រុក បានប្រាប់កម្ពុជាថ្មី ថា ក្រុមហ៊ុនផលិតក្រដាសអនាម័យនេះ បានចាប់បើកដំណើរការតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ លោកបន្តថា មូលហេតុដែលលោក បើកដំណើរការក្រុមហ៊ុននេះឡើង ពីព្រោះតែយល់ថា ដើមឡើយ ប្រទេសកម្ពុជា ពុំទាន់មានក្រុមហ៊ុនរបស់កូនខ្មែរណាមួយដែលផលិតក្រដាសអនាម័យ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ផ្ទុយទៅវិញមានតែការនាំចូលពីក្រៅប្រទេសតែប៉ុណ្ណោះ។

ម្ចាស់ក្រុមហ៊ុន រូបនេះ បន្ថែមទៀតថា សម្រាប់ទីផ្សារផលិតផលក្រដាសអនាម័យ របស់លោកនាពេលបច្ចុប្បន្ននេះ លោកឃើញថា មានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ពិសេសនៅតាមផ្សារទំនើប សាលារៀន មន្ទីរពេទ្យ នេះក៏ដោយសារតែក្រុមហ៊ុនរបស់លោកបានដាក់ចេញនៅទស្សនវិស័យ «ផ្ដើមចេញពីអ្នក» ដែលផលិតផលក្រដាសអនាម័យរបស់ក្រុមហ៊ុនលោក មិនប្រើប្រាស់ផ្លាស្ទិក ចូលរួមចំណែកជួយបរិស្ថានសង្គម និងសម្រាប់កូនចៅជំនាន់ក្រោយ ផងដែរ។

លោក តាំង សុជាតិ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ផែនការនៅថ្ងៃអនាគត លោកចង់ពង្រីក និងបង្កើនសមត្ថភាពផលិត មិនថាក្រដាសអនាម័យ និងក្រដាសប្រើប្រាស់ផ្សេងទៀត ឱ្យបានកាន់តែធំជាងនេះ ដើម្បីស្រួលផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចេញពីក្រៅប្រទេស។

លោក តាំង សុជាតិ បានបញ្ជាក់ទៀតថា ក្រៅពីការផលិតក្រដាសអនាម័យទាំងនេះ ជាគោលដៅធំមួយទៀត លោកចង់បង្កើតសិប្បកម្មកែច្នៃ និងផលិតវត្ថុធាតុដើមសម្រាប់ធ្វើក្រដាសអនាម័យដោយខ្លួនឯង ដូចជាផលិតផលចានកាកអំពៅ ដែលមាននៅក្នុងក្រុមហ៊ុនរបស់លោកស្រាប់៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម