Connect with us

ព័ត៌មានជាតិ

លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថា កម្ពុជាជាប្រទេសតូច តែថ្លៃថ្នូរ

បានផុស

នៅ

កម្ពុជា ជាប្រទេសតូចមែនពិត តែមានភាពថ្លៃថ្នូរ និងមានភាពស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនៅលើពិភពលោក។ នេះជាថ្លែងរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែថ្លៃថ្នូរ គឺនៅត្រង់ថា កម្ពុជាតែងស្គាល់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងចេះប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហរឥតងាករេនៅចំពោះមុខបញ្ហាតំបន់នីមួយៗ និងបញ្ហាអន្តរជាតិនីមួយៗ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា កម្ពុជា គោរពរាល់កិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខានៅលើឆាកអន្តរជាតិ តំបន់ និងអនុតំបន់ដោយផ្តល់តម្លៃជាអាទិភាពចំពោះឧត្តមប្រយោជន៍របស់ប្រទេសកម្ពុជា។

លោក ហ្សង់ហ្វ្រង់ស័រ បញ្ជាក់បន្ថែមថា ជាក់ស្តែង ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានគោរពមជ្ឈភាព និងឯកភាពអាស៊ាន ដោយជំហររបស់កម្ពុជា មិនអាចខុសពីជំហររបស់អាស៊ាននោះទេ។ ក្នុងនាមជាសមាជិកអាស៊ាន និងក្នុងនាមជាសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ដូចជា មហាអនុតំបន់មេគង្គ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ជាដើម ដែលកម្ពុជាបានគោរព និងអនុវត្តយន្តការ លក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងយ៉ាងខ្ជាប់ខ្ជួន។

ទន្ទឹមនេះដែរ កម្ពុជាជាប្រទេសតូចមែន តែមានបទពិសោធន៍ធំ គឺបទពិសោធន៍ក្នុងសោកនាដកម្មជាច្រើនដែលបង្កឡើងដោយសារភ្លើងសង្គ្រាម។ ក្នុងន័យនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ គូសរំលេចថា បន្តពីសម្ដេចតេជោ ហ៊ុន សែន គឺក្នុង រយៈពេលពេញ១ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់បណ្ដាប្រទេសជិតខាង បណ្ដាប្រទេសក្នុងតំបន់​ និងបានប្រាប់ពិភពលោកទាំងមូល ពីការយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែរក្សា ការពារ សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាអាទិភាពធំបំផុតរបស់កម្ពុជា ខណៈនៅលើពិភពលោក ពិសេសប្រទេសមួយចំនួនកំពុងបន្តមានភ្លើងសង្គ្រាមឆាបឆេះ មិនទាន់បានបញ្ចប់នៅឡើយ។

កម្ពុជាតូចមែនពិត តែមានសំឡេងឆ្នោតមួយដូចបណ្ដាប្រទេសដទៃទៀត និងមានទង់ជាតិរបស់ខ្លួនបក់រវិចៗនៅលើឆាកអន្តរជាតិ និងតំបន់ ដូចជា នៅអង្គការសហប្រជាជាតិ និងអាស៊ាន។ ប៉ុន្តែ អ្វីដែលកម្ពុជាទាមទារមកវិញនោះ គឺការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យរបស់កម្ពុជា ពោលគឺកម្ពុជាប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីសំណាក់បរទេសរាល់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយបន្តអនុវត្តនយោបាយការបរទេសឯករាជ្យពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ នេះជាការលើកឡើងរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ដដែល នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៤ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៤ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម