Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ សម្ដេច ស ខេង គ្មានមហិច្ឆតាប្រជែងតំណែងជានាយករដ្ឋមន្ត្រីឡើយ

បានផុស

នៅ

សម្ដេច ស ខេង គ្មានមហិច្ឆតាប្រជែងតំណែងជានាយករដ្ឋមន្ត្រីឡើយ។ ផ្ទុយទៅវិញ សម្ដេចនៅតែគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យនៃខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដែលខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញមកបញ្ជាក់នេះ គឺបន្ទាប់ពីនៅពេលថ្មីៗនេះមានការលើកឡើងជាព័ត៌មាន និងជាមតិនៅលើគេហទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ដូចជាគណនីមានឈ្មោះ BongBunna Chaiheng បានសរសេរថា៖ សម្តេច ស ខេង ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ដោយពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នាតែមួយ ខណៈគណនីមួយទៀតឈ្មោះ Bunthoeun ក៏បានបង្ហាញសារគាំទ្រសម្តេចក្រឡាហោម ជានាយករដ្ឋមន្ត្រី ជាដើម។

ចំពោះករណីខាងលើនេះ អ្នកនាំពាក្យនៃខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានប្រកាសបដិសេធការលើកឡើងនេះ។ តាមរយៈសេចក្ដីប្រកាស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យខុទ្ទកាល័យសម្តេច ស ខេង បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ដែលបានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ។

អ្នកនាំពាក្យ ក៏បានរម្លឹកពីសេចក្តីថ្លែងការណ៍កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដែលសម្តេច ស ខេង បានបញ្ជាក់រួចមកហើយថា សម្តេចនៅតែបន្តចូលរួម និងគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រកបដោយថាមពល ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ហើយនិងគាំទ្រសម្រាប់អាណត្តិខាងមុខៗបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម