Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ចុះអនុស្សរណៈជាមួយសមាគមសិល្បករខ្មែរ ជំរុញការផ្សព្វផ្សាយវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ ២០២៤ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សមាគម​សិល្បករ​ខ្មែរ ស្តីពី “​កិច្ច​សហប្រតិបត្តិការ​ផ្សព្វផ្សាយ និង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈ​នេះ ចុះហត្ថលេខា​ដោយ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ។

អនុស្សរណៈ​ដែល​មាន​រយៈពេល ៤ ឆ្នាំនេះ មាន​គោលបំណង ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ការ​បញ្ជ្រាប​ការ​យល់ដឹង​ដល់​សាធារណជន​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមមាន ព័ត៌មាន​ទីផ្សារ​ការងារ ព័ត៌មាន​ស្ដីពី​ទេសន្តរប្រវេសន៍​ការងារ ការ​ហាមឃាត់​ការប្រើប្រាស់​ពលកម្ម​កុមារ កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម។

លោក ហេង សួរ ជឿជាក់​ថា អនុស្សរណៈ​ដែល​ភាគី​ទាំងពីរ​ចុះហត្ថលេខា​នា​ពេលនេះ នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​កាន់តែ​ផុសផុល​លើ​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​ក្រសួង​បន្ថែម​ទៀត​តាមរយៈ​សមាគម​សិល្បករ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព និង​ឥទ្ធិពល​ក្នុង​សង្គម។ លើស​ពី​នេះ អនុស្សរណៈ ក៏​នឹង​ផ្តល់​ឱកាស​ដល់​ក្រុម​គ្រួសារ​របស់​សិល្បករ ដើម្បី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ និង​ដើម្បី​ជួយ​ពង្រឹង​ជីវភាព នៃ​ក្រុម​គ្រួសារ​សិល្បករ​បន្ថែម​ទៀត​ផង​ដែរ។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឱ្យ​សិល្បករ​ជួយ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​កម្មវិធី​របស់​រាជរដ្ឋាភិបាល ដូចជា​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្មវិធី​ថែទាំ​សុខភាព​តាមរយៈ​ភាគទាន​ស្ម័គ្រចិត្ត និង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ពលកម្ម​កុមារ​គ្រប់​ទម្រង់​ជាដើម ដែល​ជា​សកម្មភាព​មនុស្សធម៌​ដែល​គ្រប់​កោសិកា​សង្គម​ត្រូវ​ចូលរួម។

ជាមួយ​គ្នា​នេះ លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បាន​ប្ដេជ្ញា​ចិត្ត​ចូលរួម​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ផ្សព្វផ្សាយ​ពី​កម្មវិធី និង​គោលនយោបាយ​នានា​របស់​ក្រសួង​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម