Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វិនិយោគ​​របស់​វៀតណាម​នៅ​ឡាវ​ កើន​ដល់​ជាង​ ៥,៥ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

ទំហំ​នៃ​ការវិនិយោគ​​របស់​វៀតណាម​នៅក្នុង​ប្រទេស​​ឡាវ​ បាន​កើនឡើង​ដល់​ ៥,៥ ​​ប៊ី​លាន​ដុល្លារ ​​ក្នុង​​គម្រោង​ចំនួន​២៥៦​។ នេះ​បើ​តាម​​ទិន្នន័យ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​​ក្នុង​​កិច្ច​ប្រជុំ​​មួយ​នៅ​វៀតណាម​ ដែល​ប្រទេស​​ទាំង​២​បាន​​​ត្រួត​ពិនិត្យវឌ្ឍនភាពនៃផែនការ​សហប្រតិបត្តិការវៀតណាម-ឡាវ ឆ្នាំ ២០២៤ ​និង​បាន​កំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីឆ្នាំ ២០២១-២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត​ Laotian Times ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ចាប់តាំងពីឆ្នាំ ២០២១ មក ប្រទេស​ឡាវបានផ្តល់អាជ្ញាប័ណ្ណវិនិយោគសម្រាប់គម្រោងវៀតណាម សរុបចំនួន ៨៦៩,៩ លាន​ដុល្លារ​។ ​ក្នុងឆមាសទី១​នៃឆ្នាំ ២០២៤ ឡាវបានអនុម័ត​គម្រោងថ្មីរបស់វៀតណាមចំនួន ៦ ដែលមានទំហំទឹកប្រាក់ចំនួន ៣៣៩ លានដុល្លារ។ យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម លោក Phet Phomphiphak ​​គម្រោងទាំងនេះ​គ្រប​ដណ្ដប់​លើ​វិស័យជាច្រើនដូចជា ការជីកយករ៉ែ អគ្គិសនី និង​សុខាភិបាល​។

​ប្រទេស​ទាំង២​ កំពុងបន្តយ៉ាងសកម្ម​លើ​គម្រោងសហប្រតិបត្តិការថ្មីៗ រួមទាំងផ្លូវល្បឿនលឿនវៀងចន្ទន៍-ហាណូយ និងផ្លូវរថភ្លើង Vientiane-Tha Khek-Tan Ap-Vung Ang ខណៈ​​ក៏​កំពុង​ផ្តោត​លើ​ការ​អភិវឌ្ឍ​កំពង់ផែ Vung Ang ទី​១ ទី​២ និង​ទី៣​ ក្នុង​ប្រទេស​វៀតណាម​ ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ឡាវ​ ដែល​ជា​ប្រទេសគ្មាន​ដែន​សមុទ្រ​​។

លោក Phet Phomphiphak បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​រវាងក្រសួងវៀតណាម និងឡាវ ដើម្បីគ្រប់គ្រងការវិនិយោគ ដោះស្រាយបញ្ហា និងត្រួតពិនិត្យការបណ្តាក់ទុនរួមគ្នា។ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Tran Quoc Phuong ក៏បានលើកឡើងផង​ដែរ​ ពីការសម្របសម្រួលយ៉ាងសកម្មរវាងប្រទេសទាំង២ ទោះបីមានបញ្ហាប្រឈមជាសាកលក៏ដោយ។

សម្លឹងឆ្ពោះទៅមុខ វៀតណាម និងឡាវ គ្រោងនឹងផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយសង្កត់ធ្ងន់យ៉ាងខ្លាំងលើការអភិវឌ្ឍ​ធនធានមនុស្ស និងការ​បង្កើត​ថ្មី​ក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាខ្ពស់ ការជីកយករ៉ែ និងពាណិជ្ជកម្មអេឡិចត្រូនិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម