ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូថៃបង្ហាញទុទ្ទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ចំពោះការធ្លាក់ចុះការវិនិយោគ
សេដ្ឋវិទូថៃមកពីធនាគារធំៗ បានបង្ហាញទុទ្ទិដ្ឋិនិយមរបស់ខ្លួនលើកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេស ដោយសង្កត់ធ្ងន់លើការធ្លាក់ចុះនៃការវិនិយោគ ទោះបីរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានបង្ហាញពីកំណើនសេដ្ឋកិច្ចវិជ្ជមានកាលពីត្រីមាសទី២ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
របាយការណ៍ NESDC បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ បានកើនឡើង ២,៣ ភាគរយ នៅក្នុងត្រីមាសទី២ ដោយកើនឡើងពី ១,៥ ភាគរយ ក្នុងត្រីមាសទី១។ ភាពប្រសើរឡើងនេះ គឺជាសូចនាករវិជ្ជមានសម្រាប់សេដ្ឋកិច្ច ជំរុញដោយកំណើននៃការប្រើប្រាស់ឯកជន ការចំណាយរបស់រដ្ឋាភិបាល និងការនាំចេញជាដើម។ វិស័យដែលកើនឡើងរួមមាន ផលិតកម្ម (០,២ ភាគរយ) ការស្នាក់នៅ និងសេវាកម្មម្ហូបអាហារ (៧,៨ ភាគរយ) ការដឹកជញ្ជូន(៨,១ ភាគរយ) ពាណិជ្ជកម្ម (៣ ភាគរយ) និងហិរញ្ញវត្ថុ (១,៩ ភាគរយ)។
យ៉ាងណាមិញ ការវិនិយោគនៅត្រីមាសទី២ដដែល បានធ្លាក់ចុះខ្លាំង ដល់ ៦,២ ភាគរយ ដោយសារតែការធ្លាក់ចុះនៃការវិនិយោគឯកជនក្នុងការដឹកជញ្ជូន ទំនិញមូលធន និងសំណង់ ដែលនេះគឺជាបញ្ហាស្នូលបង្កទុទ្ទិដ្ឋិនិយមរបស់សេដ្ឋវិទូថៃ។
អ្នកជំនាញសេដ្ឋកិច្ចមកពីមជ្ឈមណ្ឌលស៊ើបការណ៍សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank លោក Somprawin Manprasert បានមើលឃើញពីភាពដ៏អាប់អួរសម្រាប់ឆមាសទី២នៃឆ្នាំ ២០២៤ ដោយលោករំពឹងថាសេដ្ឋកិច្ចថៃនឹងធ្លាក់ចុះបន្ថែមទៀត ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
លោកបានព្យាករថា សេដ្ឋកិច្ចថៃនៅឆ្នាំ ២០២៤ អាចកើនឡើងត្រឹមតែ ១ ភាគរយ ប៉ុណ្ណោះ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃការវិនិយោគឯកជន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃផលិតកម្ម។ ទោះបីជាផលិតកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុកបានកើនឡើងក៏ដោយ ប៉ុន្តែផលិតកម្មសម្រាប់ការនាំចេញបានធ្លាក់ចុះ ដែលនេះបង្ហាញថា ការប្រកួតប្រជែងរបស់ថៃបានអន់ថយ។ លោកបន្តថា ថៃត្រូវការវិធានការជំរុញការវិនិយោគក្នុងស្រុក ជាជាងវិធានការជំរុញការប្រើប្រាស់។
ស្រដៀងគ្នានេះដែរ លោក Pipat Luengnaruemitchai មកពីធនាគារ Kiatnakin Phatra Financial Group បានលើកឡើងថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការវិនិយោគ នឹងប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់ថៃនៅឆ្នាំនេះ ជាពិសេសការវិនិយោគលើវិស័យអចលនៈទ្រព្យ។
លោកបន្តថា ការអន់ថយនៃកំណើនសេដ្ឋកិច្ច បានកើតឡើងខណៈឧស្សាហកម្មជាច្រើនប្រឈមមុខនឹងបញ្ហាលំបាកក្នុងការពង្រីកអាជីវកម្ម ជាពិសេសឧស្សាហកម្មរថយន្ត អេឡិចត្រូនិក និងគីមីឥន្ធនៈ។ សេដ្ឋវិទូដដែលចង្អុលបង្ហាញថា ការធ្លាក់ចុះនៃកំណើនឥណទាន កំពុងប៉ះពាល់លើកំណើនសេដ្ឋកិច្ចរបស់ថៃ។
ចំណែកឯ លោក Amonthep Chawla មកពីធនាគារ CIMB Thai វិញ បាននិយាយថា កំណើនសេដ្ឋកិច្ច ២,៣ ភាគរយក្នុងត្រីមាសទី២ គឺជាកម្រិតទាបបំផុតនៅក្នុងប្លុកអាស៊ាន។
ទោះបីជាការប្រើប្រាស់ឯកជន ទេសចរណ៍ និងការចំណាយរបស់រដ្ឋាភិបាល នៅតែគាំទ្រដល់កំណើនសេដ្ឋកិច្ចក៏ដោយ លោក Amonthep បាននិយាយថា ការធ្លាក់ចុះជាគំហុកនៃការវិនិយោគឯកជន អាចបណ្តាលឱ្យសេដ្ឋកិច្ចងើបឡើងវិញយឺត ខណៈលំហូរចូលនៃផលិតផលចិន នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់សហគ្រិនថៃក្នុងការវិនិយោគ និងការប្រកួតប្រជែងពាណិជ្ជកម្ម។ លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែជួយដល់សហគ្រិនខ្នាតតូច និងមធ្យមក្នុងវិស័យផលិតកម្មដែលអាចប្រឈមនឹងបញ្ហាជាច្រើនទៀត។
គួរគូសបញ្ជាក់ថា NESDC បានព្យាករថា កំណើន GDP នឹងមានចន្លោះពី ២,៣-២,៨ ភាគរយ និងជាមធ្យម ២,៥ ភាគរយ។ តួលេខនេះ ត្រូវបានកែប្រែពីកំណើន ២-៣ ភាគរយ ក្នុងការព្យាករកាលពីលើកមុន។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»