Connect with us

សេដ្ឋកិច្ច

កៅស៊ូកម្ពុជាជិត ៨០% កំពុងកែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

បានផុស

នៅ

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤នេះថា កៅស៊ូជាដំណាំកសិឧស្សាហកម្មដែលមានវត្តមាននៅ​កម្ពុជាជាង១សតវត្សកន្លង​មក​ហើយ។ មួយសតវត្សកន្លងមកនេះ បើទោះបី​ជាកម្ពុជាឆ្លងកាត់ ​និងផ្លាស់ប្ដូររបបដឹកនាំ​ជា​ច្រើន​​​ក៏ដោយ ក៏ដំណាំ និងវិស័យកៅស៊ូរបស់កម្ពុជា នៅតែរស់រានរហូតមកទល់សព្វថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៊ឹម រចនា បញ្ជាក់ថា៖ «គិតត្រឹមពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជាង ៤០ម៉ឺន​ហិកតា លាតសន្ធឹងនៅខេត្តចំនួន ១១ ក្នុងចំណោមនោះ មានដើមកៅស៊ូជិត ៨០ភាគរយ កំពុងផ្ដល់ផល​សម្រាប់​កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ​ទៅកាន់​ទីផ្សារបរទេស»។

ការនាំចេញជ័រកៅស៊ូកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបចំនួន ២២៩ លានដុល្លារ នៅក្នុង​រយៈពេល ៦ ខែ ឆ្នាំ ២០២៤ កើនឡើង ១៩,៨៣ ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់​អគ្គនា​យកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា ​(GDCE)​។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​បានឱ្យដឹងថា ការប្រមូលផលជ័រកៅ​ស៊ូយកមកកែច្នៃបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុង​មាន​កំណើនផ្ទៃដីចៀរជ័រកៅស៊ូបន្ថែម ដែលធ្វើឱ្យបរិមាណ​ប្រមូលផលកើនឡើងជាងមុន។

លោក ម៉ែន សុភក្ដិ ប្រាប់ថា តម្លៃកៅស៊ូ បានធ្លាក់ចុះបន្តិចដោយសារកត្តាតម្រូវការទីផ្សារធ្លាក់ចុះ ដោយលក់ក្នុងតម្លៃជាង ១ ពាន់ ៦ រយ ដុល្លារ ក្នុងមួយតោន (ប្រភេទកៅស៊ូល្អ) ខណៈ​ជ័រ​កៅស៊ូ​ប្រភេទលេខ ១០ តម្លៃធ្លាក់ក្រោម ១ ពាន់ ៦ រយដុល្លារ។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា កៅស៊ូស្ងួត​កម្ពុជាមានតម្លៃជាមធ្យម​ ១ ៤៥០ ដុល្លារ ក្នុងមួយ​តោន​​ដែលខ្ពស់ជាង​ឆ្នាំមុន ៤១ ដុល្លារ។​ កម្ពុជាបាននាំចេញជ័រកៅស៊ូ​ភាគច្រើន​​ទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម