ព័ត៌មានជាតិ
មើមរំដេងកំពុងមានទីផ្សារល្អ សម្រាប់អ្នកធ្វើណែមត្រី និងសង្វាក់
បច្ចុប្បន្នគេសង្កេតឃើញថាមើមរំដេងកំពុងមានទីផ្សារយ៉ាងល្អប្រសើរដែលមួយថ្ងៃៗ មានក្រុមឈ្មួញមកចាំដឹកទាំងឡានៗ ទៅដាក់ឱ្យអ្នកដែលផលិតណែមត្រី និងសង្វាក់ ដែលអាហារប្រភេទនេះ គឺចាំបាច់ត្រូវប្រើមើមរំដេងមិនអាចខ្វះបានឡើយ។
លោក ចាន់ ផល្លា ជាអ្នកប្រកបមុខរបរទិញរំដេងពិទីផ្សារ ទាំងពីរនាក់ប្ដីប្រពន្ធដឹកយកទៅបោះឲ្យម៉ូយដែលជាអ្នកផលិតណែមត្រី និងសង្វាក់ បានបញ្ជាក់ថា ប្រភពមើមរំដេងភាគច្រើនគឺចេញមកពីស្រុកបាណន់ និងតំបន់អក្សរតេ ដែលនៅស្រុកលើនេះ គឺគេសម្បូរដាំចម្ការធំៗដើម្បីគាស់យកមកលក់នៅលើទីផ្សារ។
លោកបានបន្តថា សព្វថ្ងៃលោក និងភរិយា គឺជាឈ្មួញកណ្ដាល ដែលមានម៉ូយយកមកលើកឲ្យលោកនៅក្នុងទីផ្សារកណ្ដាលក្រុងបាត់ដំបង ហើយលោកក៏មានម៉ូយជាច្រើនទៀតដែលជាអ្នកផលិតណែមត្រី និងសង្វាក់ នៅឯក្រោម ដូចជានៅភូមិស្ដីក្រោម ស្ដីលើ ព្រែកហ្លួង ព្រែកខ្ពប និងដូនទាវជាដើម ដែលអ្នកផលិតទាំងនោះចាំបាច់ត្រូវប្រើរំដេង ដោយខានមិនបានសម្រាប់កាត់ឆ្អាប ហើយអ្នកផលិតទាំងនោះមិនត្រឹមតែទិញរំដេងពីលោកប៉ុណ្ណោះទេ គឺត្រូវឱ្យលោកនាំទៅជាមួយនូវ ម្ទេសដៃនាងខ្ចីៗផងដែរដើម្បីដាក់បង្កប់នៅក្នុងណែមត្រីទាំងនោះ។
ដោយឡែកសម្រាប់តម្លៃដែលលោកលើកពីម៉ូយបន្ត គឺទិញក្នុងតម្លៃចាប់ពី ២.០០០រៀល ទៅ ២.៥០០រៀល ក្នុងមួយគីឡូក្រាម ហើយពេលបោះឲ្យម៉ូយលោកក៏បានកម្រៃបន្តិចបន្តួចបន្ថែមទៀត ដែលអាចទប់ទល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារលោកបាន ព្រោះម៉ូយដែលជាអ្នកផលិតណែមត្រី និងសង្វាក់គេត្រូវការរាល់ថ្ងៃព្រោះអ្នកផលិតមានច្រើនកន្លែងណាស់។ តែបើតម្លៃរំដេង នៅក្នុងទីផ្សារសព្វថ្ងៃសម្រាប់អ្នកអង្គុយលក់រាយអាចបានចន្លោះពី ៤.០០០ ទៅ ៥.០០០ រៀល ក្នុងមួយគីឡូក្រាម។
ដោយឡែកអ្នកស្រី វឿង គន្ធា រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលប្រកបមុខរបរផលិតណែមត្រី និងសង្វាក់ ជាយូរឆ្នាំមកហើយនោះបានរៀបរាប់ថា កាលពីដើមឡើយប្រភេទណែមត្រី និងសង្វាក់នេះ គេធ្វើឡើងអំពីសាច់ត្រីរ៉ស់ ប៉ុន្តែក្រោយមកដោយសារមានការពិបាកក្នុងការរកត្រីរ៉ស់មកប្រើប្រាស់ ទើបគេប្ដូរទៅយកសាច់ត្រីត្រសក់ដែលនាំចូលពីប្រទេសថៃវិញ។ ថ្វីត្បិតតែត្រីត្រសក់សំបូរឆ្អឹងតូចៗ នៅក្នុងសាច់ត្រីក៏ដោយក៏ប៉ុន្តែយើងអាចយកវាមកកិនកំទេចឆ្អឹងទាំងនោះបាន ដោយការផលិតប្រភេទណែមត្រី និងសង្វាក់នេះ គឺចាំបាច់ត្រូវប្រើមើមរំដេងដោយខានមិនបានដើម្បីជួយបន្សាបជាតិឆ្អាបរបស់ត្រី។
អ្នកស្រីបានបន្តថា រាល់ថ្ងៃបានម៉ូយដឹកឡានទាំងរំដេង និងម្ទេសខ្ចី យកមកដល់ផ្ទះដោយយើងមិនចាំបាច់ធ្វើដំណើរទៅទិញនៅឯផ្សារឡើយ បើទោះបីជាតម្លៃខុសគ្នាបន្តិចបន្តួចក៏ដោយ តែយើងអាចចំណេញពេលវេលាបានច្រើន ដូច្នេះការផលិតណែមត្រី និងសង្វាក់ គឺមិនអាចខ្វះបានឡើយនូវប្រភេទមើម “រំដេង”នេះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ