Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ និង​ពលករ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​គាំទ្រ និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​បន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ចំនួន​៦០​ថ្ងៃ​ទៀត

បានផុស

នៅ

ភ្នំពេញ ​៖ ប្រជាពលរដ្ឋ និង​ពលករ​ដែល​កំពុង​រស់​នៅ សិក្សា និង​ធ្វើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ចេញមុខ​គាំទ្រ និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​បន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ចំនួន​៦០​ថ្ងៃ​ទៀត​ចាប់ពី​ថ្ងៃទី​៤ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួង សុភាព ជា​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ និង​មិត្តភក្ដិ​របស់លោក​បានមក​ទទួល​លិខិត​ឆ្លង​ថ្មី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ដែល​បាន​ជួយ​សម្រួល​លិខិតឆ្លងដែន​ថ្មី​សម្រាប់​ពួកគាត់​បាន​ទាន់ពេលវេលា​។

លោក​បន្តថា មន្ត្រី​ដែល​បម្រើសេវា​ធ្វើលិខិត​ឆ្លងដែន​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​សម្របសម្រួល​ធ្វើលិខិត​ឆ្លងដែន​ជូន​ពួកគាត់​។ មន្ត្រី​ជំនាញ​ដែល​ប្រចាំការ​នៅ​ទីនោះ​ពិតជា​មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ល្អ​ដែល​តែងតែ​ផ្ដល់​ការណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ដែល​មក​ស្វែងរក​សេវា​ធ្វើលិខិត​ឆ្លងដែន​នៅ​ស្ថានទូត​។​

​លោក​បញ្ជាក់​ថា «​ក្នុងនាម​ពួក​ខ្ញុំ​ដែល​បានទទួល​លិខិតឆ្លងដែន​នៅទីនេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ និង​ពលករ​ដែល​កំពុង​រស់​នៅ​សាធារណរដ្ឋ​កូរ៉េ ព្រោះ​ពួក​ខ្ញុំ​ចំណាយ​ថវិកា​អស់​តិច ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នេះ​»​។

អ្នកស្រី ម៉ុក សា​វ៉េ​ត ជា​ពលករ​ខ្មែរ​ដែល​ធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េ ដែល​បាន​ទៅ​ទទួល​លិខិតឆ្លងដែន​ថ្មី​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​បាន​ថ្លែងថា អ្នកស្រី​មាន​សេចក្ដីសោមនស្ស​រីករាយ​ក្នុង​ការ​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នេះ ដោយសារ​អ្នកស្រី​ចំណាយ​ថវិកា​អស់​តិច និង​មិន​ពិបាកធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​។

អ្នកស្រី​បន្ត​ថា «​សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ជួយ​គិតគូរ​ដល់​ពលករ​នៅ​ស្រុក​កូរ៉េ​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ពល​ករ​ផ្សេងទៀត​ដែល​មិនទាន់បាន​ធ្វើលិខិត​ឆ្លងដែន សូម​ប្រញាប់​មក​ស្នើសុំ ដោយសារ​ស្ថានទូត​ខ្មែរ​យើង​បាន​បើក​ធ្វើលិខិត​ឆ្លង​ដែរ​នៅ​វគ្គ​ទី​៣​ហើយ​»​។

ចំណែក​លោក ឃឹម សា​រុម ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ ក៏បាន​ទៅ​ស្នើសុំ​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នៅឯ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ផងដែរ ដោយសារ​លិខិតឆ្លងដែន​របស់លោក​ជិត​ផុត​សុពលភាព​។

លោក​លើក​ឡើង​ថា លោក​មាន​ភាពកក់ក្តៅ​ក្នុងការ​ស្នើសុំ​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នេះ ដោយសារ​ក្រុមការងារ​ផ្តល់​សេវា​លិខិតឆ្លងដែន​នៅ​ស្ថានទូត​បានទទួល​ស្វាគមន៍​លោក​ដោយ​ភាពកក់ក្តៅ និង​មាន​ភាព​រួសរាយ រាក់ទាក់​។

លោក​បាន​ថ្លែង​ថា «​ខ្ញុំ​សូម​អរគុណ​ដល់​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ជួយ​សម្រាល​បន្ទុក​ពលក​រ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បាន​ច្រើន​។ ខ្ញុំ​សប្បាយរីករាយ​ជាខ្លាំង ដោយមាន​ឱកាស​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នៅ​ស្ថានទូត ដោយ​មិនចាំបាច់​ទៅធ្វើ​នៅ​ប្រទេស​កម្ពុជា​»​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នា​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការបន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​និង​ពលករ​ខ្មែរ ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន​៦០​ថ្ងៃ​ទៀត គិត​ចាប់ពី​ថ្ងៃទី​៤ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤ (​ចាប់ពី​ថ្ងៃទី​ពុធ ដល់​ថ្ងៃអាទិត្យ ជា​រៀងរាល់​សប្ដាហ៍​)​។

ការអនុវត្ត​នូវ​ការបន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ គឺ​ស្របតាម​គោលការណ៍​សម្រេច​ពី​សំណាក់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ការ​ថ្លែង​សារ​ពិសេស​នា​ថ្ងៃទី​២២ ខែសីហា​។

គួរ​ជម្រាប​ថា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៤ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បានចេញ​សេចក្តីជូនដំណឹង​ថា ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ នឹងត្រូវ​បិទ​បញ្ចប់​ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៤​តទៅ​។ អ្នក​ដែលមាន​បំណង​ស្នើសុំ​បន្ទាប់ពី​ការបិទ​បញ្ចប់​នេះ សាមីខ្លួន​ត្រូវ​ទៅ​ស្នើសុំ​ដោយផ្ទាល់​នៅ​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​បម្រើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​នោះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ប្រកាស​អនុញ្ញាត​ឱ្យ​បន្ត​ការ​ស្នើសុំ​សេវា​លិខិតឆ្លងដែន​ធម្មតា​នៅ​សាធារណរដ្ឋ​កូរ៉េ​វគ្គ​៣ ចំនួន​៦០​ថ្ងៃ​ទៀត ដែល​នឹង​បន្ត​រហូតដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម