Connect with us

សន្តិសុខសង្គម

នគរបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់កង់បីម្នាក់ ចូលបំភ្លឺ ក្រោយបង្ហោះឃ្លីបវីដេអូតាមបណ្ដាញសង្គម

បានផុស

នៅ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​កង់​បី (​ផាស់​អាប់​) ម្នាក់ ចូល​មក​សហការ​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ឃ្លីប​វីដេអូ​តាម​បណ្ដាញ​សង្គម​ចោទ​ប្រកាន់​ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍​គោលដៅ​ស្តុប​បុរី​អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០២៤ នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០២៤ ប្រធាន​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ០១ នាក់ នៅ​គោលដៅ​ស្តុប​បុរី​អង្គរ ត្រូវ​បាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​កោះ​ហៅ​មក​សួរនាំ​បំភ្លឺ ដើម្បី​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត។

ទន្ទឹម​នោះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​កង់​បី (​ផាស់​អាប់​) ម្នាក់ ចូល​មក​សហការ​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះ​ស្រាយ​ផង​ដែរ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០២៤ ម្សិលមិញ នេះ​ផង​ដែរ ក្រោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ឃ្លីប​វីដេអូ​តាម​បណ្ដាញ​សង្គម​ពី​ការ​ចោទ​ប្រកាន់​របស់​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី (​ផាស់​អាប់​) ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​គោលដៅ​ស្តុប​បុរី​អង្គរ ថា​បាន​ចាប់​ឃាត់​ម៉ូតូ​កង់​បី​របស់​គាត់​បម្រុង​ផាក​ពិន័យ​ដោយ​មិន​បាន​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ពេល​នោះ គាត់​បាន​តវ៉ា​បង្ហាញ​កាមេរ៉ា​ទើប​មន្ត្រី​នគរបាល​ចរាចរណ៍​មិន​ផាក​ពិន័យ និង​បាន​អនុញ្ញាត​ឲ្យ​គាត់​បន្ត​ដំណើរ។

ក្រុមការងារ​ព័ត៌មាន​ប្រតិកម្ម​រហ័ស ក៏បាន​ណែនាំ​ដល់​អ្នក​ធ្វើដំណើរ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មុន​នឹង​ផុស​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ករណី​មន្ត្រី​នគរបាល​ចរាចរណ៍​ឈរ​ជើង​នៅ​គោលដៅ​ណាមួយ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​កំហុស​ឆ្គង​ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ប្រការ​ណាមួយ ហើយ​ពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត សូម​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ នឹង​ដោះស្រាយ​ជូន៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម