ព័ត៌មានជាតិ
អាស៊ាន ពិនិត្យឡើងវិញលើវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពវិស័យអប់រំ
អាស៊ាន រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ានលើកទី១៣ (13th ASED) ក្រោមមូលបទ “ការផ្លាស់ប្ដូរការអប់រំ ក្នុងយុគសម័យឌីជីផល” ក្នុងគោលបំណង ពិភាក្សាបញ្ហានានាក្នុងវិស័យអប់រំក្នុងតំបន់អាស៊ាន ពិនិត្យមើលឡើងវិញលើវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពវិស័យអប់រំ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសជាសមាជិកអាស៊ាន។
អ្នកស្រី គឹមសេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចប្រជុំនេះ នៅខេត្តបុរីរាំ នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
អ្នកស្រី គឹម សេដ្ឋានី បានផ្តល់បទអន្តរាគមន៍ដោយផ្តោតលើអាទិភាពសំខាន់ៗរួមមាន៖ ១. ការពិនិត្យឡើងវិញនូវក្របខណ្ឌ នៃការអប់រំ ដើម្បីធ្វើឱ្យប្រាកដថាការអប់រំនឹងធ្វើឱ្យសិស្សានុសិស្សក្លាយទៅជាពលរដ្ឋដែលមានភាពជោគជ័យ ភាពធន់ និងជាពលរដ្ឋដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ២. ការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមានដូចជា វិសមភាពឌីជីថល និងការអភិវឌ្ឍជំនាញសតវត្សទី២១ ក្នុងគោលបំណងដើម្បីឱ្យយុវជនទទួលបាននូវជោគជ័យក្នុងបរិបទពិភពលោកដែលមានការប្រែប្រួលឥតឈប់ឈរ។ ៣. ការឆ្លើយតបទៅនឹងតំរូវការការងារនាពេលបច្ចុប្បន្នដែលទាមទារឱ្យយុវជនមានការសម្របខ្លួន ការច្នៃប្រឌិត ទស្សនវិស័យសកល និងជំនាញបច្ចេកទេសមួយជាក់លាក់។ ៤. ការធ្វើបដិវត្តកម្ម នៃការអប់រំដោយផ្ដោតលើការកសាងធនធានមនុស្សក្នុងយុគសម័យឌីជីថល និងការសិក្សាពេញមួយជីវិត ដោយពិនិត្យទៅលើការកែលម្អវិធីសាស្ត្រគរុកោសល្យ ការរៀបចំកម្មវិធីសិក្សា និងវិធីសាស្ត្រនៃការវាយតម្លៃការសិក្សាដែលបំផុសនូវការគិតស៊ីជម្រៅ និងការច្នៃប្រឌិត។ ៥. ការរួមបញ្ចូលបចេ្ចកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការបង្រៀន និងរៀន ដោយការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងយុគសម័យឌីជីថលដែលស្របទៅនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល។ ៦. គោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការប្ដេជ្ញាចិត្តចំពោះគោលការណ៍នៃចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ដើម្បីសម្រេចឱ្យបាននូវការអប់រំបរិយាបន្ន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ជាលទ្ធផល នៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីអប់រំនៃប្រទេសសមាជិកអាស៊ានទាំង១០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយបានគូសបញ្ជាក់លើចំណុច រួមមាន៖ ១ ការបញ្ជាក់សារជាថ្មីអំពីចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ក្នុងការធ្វើឱ្យសហគមន៍នេះក្លាយទៅជាសហគមន៍ដែលមានភាពធន់ ក្នុងការឆ្លើយតបទៅនឹងភាពងាយរងគ្រោះក្នុងសង្គម និងសេដ្ឋកិច្ច គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការគំរាមកំហែង និងការបញ្ហាប្រឈមនានាដែលកំពុងតែកើតមាន។ ២. ភាពចាំបាច់ក្នុងកាត់បន្ថយគម្លាត នៃការអភិវឌ្ឍធនធានមនុស្ស សមត្ថភាពស្ថាប័ន និងការប្រកួតប្រជែងក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដោយការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ានក្នុងការផ្ដោតលើសមាហរណកម្ម បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ៣. ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានក្នុងការឈានទៅសម្រេចបាននូវសេចក្ដីថ្លែងការណ៍ ស្ដីពី ការថែទាំ និងការអប់រំកុមារតូចក្នុងតំបន់អាស៊ីអាគ្នេយ៍។ ៤. សារៈសំខាន់ នៃការធានាបាននូវសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់គ្រូ និងសិស្ស តាមរយៈការរំលេច «ការសិក្សាប្រកបដោយភាពរីករាយ» នៅក្នុងគោលនយោបាយនាពេលបច្ចុប្បន្ន។ ៥ ការរំលឹកឡើងវិញនូវក្នុងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានចំពោះសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពី ការពង្រឹងការអប់រំសម្រាប់កុមារ និងយុវជនដែលមិនបានទទួលការអប់រំនៅសាលារៀន។ ៦. ការបញ្ជាក់សារជាថ្មីពីការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពី ការផ្លាស់ប្ដូរឌីជីថល នៃប្រព័ន្ធអប់រំអាស៊ាន និងផែនទីបង្ហាញផ្លូវ ដែលបង្កើនលទ្ធភាពក្នុងការទទួលបានឱកាសសិក្សាឌីជីថលប្រកបដោយសុវត្ថិភាព ការជំរុញអក្ខរកម្មឌីជីថល និងការអភិវឌ្ឍជំនាញដែលអាចផ្ទេរបាន (Transferable Skills) ក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ៧. វឌ្ឍនភាពក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពី ការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរពិភពលោក នៃការងារ។ ៨. សារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពហុភាគី និងភាពជាដៃគូក្នុងការផ្លាស់ប្តូរការអប់រំ។
គួរបញ្ជាក់ថា រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំអាស៊ានលើកទី១៣ (13th ASED) ដែលត្រូវបានប្រព្រឹត្តទៅនៅខេត្តបុរីរាំ ព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីរដ្ឋមន្ត្រីអប់រំអាស៊ានទាំង ១០ ប្រទេស ប្រទេសទីម័រឡេស អគ្គលេខាធិការរងអាស៊ាន ឧត្តមមន្ត្រីអប់រំអាស៊ានតំណាងប្រទេសអាស៊ានទាំង១០ និងគណៈប្រតិភូដែលអញ្ជើញមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ