ព័ត៌មានជាតិ
អភិបាលខេត្តថ្មី៣រូប ប្រកាសបរិច្ចាគប្រាក់ខែពាក់កណ្តាលរយៈពេល៥ខែ ចូលរួមនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង។ ក្នុងនោះ អភិបាលខេត្តថ្មីចំនួន៣រូប គឺខេត្តកណ្តាល ខេត្តតាកែវ និងខេត្តស្ទឹងត្រែង មិនត្រឹមតែប្រកាសគាំទ្រទេ ថែមទាំងប្រកាសបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួនពាក់កណ្តាលរយៈពេល៥ខែ ដើម្បីចូលរួមនៅក្នុងមូលនិធិនេះថែមទៀតផង។

លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកថា៖ «ខ្ញុំបរិច្ចាគ ប្រាក់បៀវត្សប្រចាំខែ ៥០% រយៈពេល ៥ខែ (សីហា-ធ្នូ ២០២៤)ចូលរួមគាំទ្រ ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន” គាំទ្រសម្ដេចមហាបវរធិបតី»។ លោក គួច ចំរើន គឺជាអតីតអភិបាលខេត្តព្រះសីហនុ ហើយទើបនឹងមកកាន់ជាអភិបាលខេត្តកណ្តាលនាពេលថ្មីៗកន្លងនេះ។

ចំណែក លោក វ៉ី សំណាង ដែលជាអតីតអភិបាលខេត្តកំពង់ស្ពឺ និងទើបទៅកាន់តំណែងជាអភិបាលខេត្តតាកែវថ្មី ក៏មិនខុសពីអភិបាលខេត្តកណ្តាលដែរ។ តាមរយៈហ្វេសប៊ុកដូចគ្នា លោក វ៉ី សំណាង បានប្រកាសថា៖«ខ្ញុំបាទសូមគាំទ្រពេញទំហឹង នឹងសូមចូលរួមតាមរយៈការកាត់ប្រាក់ខែរបស់ខ្ញុំបាទ ចំនួនពាក់កណ្តាល (ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៤) នៃខែនីមួយៗ»។

ដូចគ្នាដែរ លោក សរ សុពុត្រា អភិបាលថ្មីនៃខេត្តស្ទឹងត្រែង ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» នេះដែរ។ លោក សរ សុពុត្រា ចាត់ទុកថា នេះ គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ដែលបានគិតដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយសារតែបែបនេះហើយ លោកបានប្រកាសតាមហ្វេសប៊ុកថា៖ «សូមចូលរួមចំណែកតាមរយៈការកាត់បៀរវត្សប្រចាំខែរបស់ខ្ញុំបាទ ចំនួន៥០% គិតចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៤នេះតទៅ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា ការបង្កើតមូលនិធីនេះ មានគោលដៅ២ គឺទី១ ដើម្បីកៀរគរថវិកាបន្ថែម និងទី២ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមនៅក្នុងមូលនិធិនេះ ដើម្បីកសាងផ្លូវគ្រវាត់ព្រំដែន និងជាការចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។

ដោយឡែក នៅថ្ងៃទី២៦ ខែសីហា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវលេខគណនីធនាគារនីមួយៗ ដើម្បីអាចឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកានៅក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» នេះ។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា៖ «រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនរបស់យើង តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចូលរួមឱ្យបានច្រើនកុះករ ដើម្បីជាស្មារតីជាតិខ្មែរក្នុងការចូលរួមពង្រឹង និងអភិវឌ្ឍតំបន់ព្រំដែនរបស់យើង»។
ក្រោយការអំពាវនាវ និងបង្ហាញនូវលេខគណនីធនាគារនីមួយៗនេះ មន្រ្តីរាជការ ឧកញ៉ា និងប្រជាពលរដ្ឋជាច្រើន បានចូលរួមបរិច្ចាគថវិកាភ្លាមៗទៅតាមលទ្ធភាពរបស់ខ្លួន។ ជាមួយនឹងការបរិច្ចាគ ពួកគេក៏បានអំពាវនាវបន្តឱ្យប្រជាពលរដ្ឋដទៃៗទៀតចូលរួមបរិច្ចាគទៅតាមលទ្ធភាពផងដែរ ដើម្បីរួមគ្នាជួយដល់ជាតិ ជាពិសេស គឺរួមគ្នាជួយដល់ការអភិវឌ្ឍ និងការពារតំបន់ព្រំដែន៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ