ព័ត៌មានជាតិ
ចំណូលពលរដ្ឋកម្ពុជាកើនពី ៤៦៤ ដុល្លារដល់ជាង ២ ៥២០ ដុល្លារអាម៉េរិក ក្នុងពេល ២០ ឆ្នាំ
ក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិនៃជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងរង្វង់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥។
របាយការណ៍យុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ (ឆ្នាំ ២០២៤-២០២៨) ដែលរដ្ឋាភិបាលទើបចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ក្នុងរយៈពេលជិត ២០ ឆ្នាំ នេះ កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរដោយផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងមនុស្សម្នាក់បានកើនឡើងជាង ៥ ដង ពោលពី ៤៦៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០៤ ដល់ប្រមាណ ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈអត្រាភាពក្រីក្របន្តធ្លាក់ចុះជាលំដាប់ពីជាង ៥៤% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថាស្ថិតក្រោម ១០% មុនវិបត្តិជំងឺកូវីដ-១៩។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគនិងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា កំណើននៃផលិតផលក្នុងស្រុក ជាកត្តាដែលរុញច្រានដល់ចំណូលរបស់ពលរដ្ឋកម្ពុជាមានការហក់ឡើង។
ឆ្លើយតបការសាកសួររបស់កម្ពុជាថ្មី លោកថា ក្នុងរយៈពេលជិត ២០ ឆ្នាំនេះ កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសាកលលោក ដែលបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។
ការផ្តល់ប្រព័ន្ធអនុគ្រោះដូចជា EBA ពីសហភាពអឺរ៉ុប និង GSP ពីអាមេរិក បានជួយសម្រួលដល់ការនាំចេញទំនិញរបស់កម្ពុជានៅលើទីផ្សារបរទេស ជាមួយការបង្ហូរទុនវិនិយោគពីក្រៅប្រទេសចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចក្នុងស្រុកជាពិសេសការបើកដំណើរការរោងចក្រកាត់ដេរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុជាដើម។
លោកបណ្ឌិត ហុង វណ្ណៈបានបន្តថា កម្ពុជាបានកែប្រែមុខមាត់ សេដ្ឋកិច្ចមានកាវិវឌ្ឍលឿន។ ក្រៅពីវិស័យកាត់ដេរជាឧស្សាហកម្មសំខាន់ កម្ពុជាមានកំណើនទេសចរបរទេសពីមួយឆ្នាំទៅមួយឆ្នាំដែលជាប្រភពចំណូលបង្កើនថវិកាជាតិ។
«ទេសចរយកលុយមកចាយក្នុងប្រទេស កាលណាវិស័យទេសចរមានកំណើន ក៏ជំរុញដល់ការវិនិយោគលើវិស័យផ្សេងទៀតដូចជាសេវាកម្មឲ្យកម្រើកឡើង រួមទាំងវិស័យកសិកម្មក៏កម្រើកព្រមគ្នា»។
ក្នុងរង្វង់ឆ្នាំ ២០១០ ដល់ ២០១២ សេដ្ឋកិច្ចកម្ពុជាហក់កំណើនពីរខ្ទង់។ កម្រិតភាពក្រីក្ររបស់ពលរដ្ឋត្រូវបានកាត់បន្ថយ ដោយសារពលរដ្ឋមានការងារធ្វើ មានចំណូលអាចទ្រទ្រង់ជីវភាព និងពង្រីកអាជីវកម្មថែមទៀត។
បើធៀបឆ្នាំ ២០០៤ ដែលចំណូលពលរដ្ឋមានត្រឹម ៤០០ និងឆ្នាំ ២០២៣ កើនឡើងដល់ជាង ២ ពាន់ដុល្លារដែលមានសន្ទុះកំណើនប្រហាក់ប្រហែលប្រទេសមួយចំនួននៅក្នុងតំបន់មានឡាវ និងភូមា។
យ៉ាងណាមិញ អ្នកសេដ្ឋកិច្ច លោក ហុង វណ្ណៈ បានអះអាងថា បើយកចំណូលពលរដ្ឋក្នុងស្រុកធៀបថ្លៃទំនិញលើទីផ្សារ គឺយើងនៅមានកម្រិតនៅឡើយ។ បើធៀបប្រាក់ចំណូលជាង ២ ពាន់ដុល្លារទៅរយៈពេល ៣៦៥ ថ្ងៃ គឺក្នុងមួយខែចំណូលពលរដ្ឋបានជាង ២០០ ដុល្លារតិចតួចនោះមានន័យថា ពលរដ្ឋអាចរកចំណូលបានក្នុងកម្រិត ៥ ដុល្លារ ទៅ ៦ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ បើចាយវាយធម្មតាក្នុងជីវភាពប្រចាំថ្ងៃគឺល្មម តែបើជាប់បំណុលក្នុងធនាគារនឹងពិបាកទប់ទល់ជាមិនខាន។
លោកថា ស្ថានភាពសេដ្ឋកិច្ចបានរងគ្រោះដោយសារបណ្តាលមកពីជំងឺកូវីដ រួមទាំងទាំងប្រទាញប្រទង់គ្នានៃភូមិសាស្រ្តនយោបាយ និងសង្គ្រាមនៅអ៊ុយក្រែននិងរុស្សី ដែលរុញច្រានថ្លៃទំនិញនិងការចំណាយផ្សេងៗកើនឡើង។
រដ្ឋាភិបាលបច្ចុប្បន្នបានខិតខំពង្រឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទិសទី និងបន្តកសាងដើម្បីរួមចំណែកកាត់បន្ថយការចំណាយ និងគម្លាតអ្នកនៅជនបទលើការទទួលបានសេវាសាធារណៈដូចជាអប់រំ និងសុខាភិបាលជាដើម។ រដ្ឋាភិបាលបានបង្កើនកិច្ចសហការជាមួយប្រទេសដៃគូ ដើម្បីពង្រីកទីផ្សារនាំចេញ និងរៀបចំគោលនយោបាយយុទ្ធសាស្រ្តដើម្បីបង្កើនការទាក់ទាញវិនិយោគ។
ដើម្បីធានាប្រាក់ចំណូលពលរដ្ឋកុំឲ្យធាក់ថយទប់ទល់ស្ថានវិបត្តិ លោកបណ្ឌិត ហុង វណ្ណៈ ក្រើនរំលឹកដល់ពលរដ្ឋត្រូវតែធ្វើផែនការចំណាយឲ្យបានច្បាស់លាស់ ចៀសវាងការចំណាយលើសខ្ទង់។ កិច្ចការណាដែលធ្វើកុំព្រលែង ខិតខំធ្វើឲ្យសកម្ម ដើម្បីគាំទ្រដល់ការបង្កើនប្រាក់ចំណូលទប់ទល់ស្ថានភាពអន្តរកាល ដោយសារការមិនអាចប៉ាន់ប្រមាណពីស្ថានភាពសេដ្ឋកិច្ចនឹងប្រែប្រួលបែបណាទៀត។
យ៉ាងណាមិញ បើតាមលោកបណ្ឌិត ហុង វណ្ណៈ មានការយល់ឃើញថា ស្ថានភាពបច្ចុប្បន្នមិនដើរថយក្រោយទេ គ្រាន់តែហក់ទៅមុខយឺតនិងមិនស្ទុះលឿនដូចសម័យមុន។
ឆ្លើយតបទៅនឹងសភាពការណ៍នៃការវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតីតកាលទី ៧ បានប្រកាសដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ (ឆ្នាំ២០២៤ – ២០២៨)»។ យុទ្ធសាស្ត្រនេះ ដាក់ចេញនូវបណ្តាវិធានការគន្លឹះជាអាទិភាព ក្នុងគោលបំណងធានានូវប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការ រក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និង ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
រដ្ឋាភិបាលកម្ពុជា ធ្លាប់បានដាក់ចេញយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ៣ លើក រួចមកហើយ ក្នុងនោះ លើកទី១ (ឆ្នាំ២០១១ – ២០១៨) លើកទី២ (ឆ្នាំ២០១៥ – ២០១៨) និងលើកទី៣ (២០១៩ – ២០២៣)។
តាមរយៈការអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈទាំង ៣ លើក ស្ថានភាពបំណុលសាធារណៈកម្ពុជា ត្រូវបានគ្រប់គ្រងប្រកបដោយវិន័យនិងប្រសិទ្ធភាពខ្ពស់ ដោយអាចបន្តរក្សាបាននូវ «ចីរភាព» និង «ហានិភ័យកម្រិតទាប» ក្នុងនោះសូចនាករតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ មានជាមធ្យមត្រឹមរង្វង់ ១៨% ប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០%។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបានចាប់ផ្ដើមកៀរគរទុនពីទីផ្សារក្នុងប្រទេស តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋដែលជាប្រភពហិរញ្ញប្បទានថ្មី ជាលើកដំបូងនៅឆ្នាំ២០២២ ហើយបានដាក់ចេញក្នុងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ឆ្នាំ២០២៣ – ២០២៨ ដើម្បីកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយសម្រាប់ការបោះផ្សាយនិងការជួញដូរមូលបត្ររដ្ឋ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា