ព័ត៌មានជាតិ
ទូតចិន ថា គណនីដែលផ្សាយព័ត៌មានមិនពិតពីកម្ពុជា ត្រូវបានអាជ្ញាធរចិនបិទចោលហើយ
គណនីដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញស្ថានការណ៍នៅកម្ពុជា កន្លងមក ត្រូវបានអាជ្ញាធរចិនសម្រេចបិទចោលហើយ។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរាជធានីភ្នំពេញ លោក វ៉ាង វិនពីន។
តាមរយៈសំណេរនៅលើបណ្ដាញហ្វេសប៊ុក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន បានសរសេរថា៖ «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ»។ លោកឯកអគ្គរដ្ឋទូត ក៏បានអះអាងពីការបន្តកិច្ចសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងការរួមដៃគ្នាប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានក្លែងក្លាយ។
គណនីដែលត្រូវបានអាជ្ញាធរចិនបិទពេលនេះ គេអាចដឹងបានថា ជាគណនីមួយដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតថា មានរដ្ឋប្រហារនៅកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ ពោលគឺមានឃ្លីបវីដេអូមួយជាភាសាចិន បានផ្សាយថា សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិ និងនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល និងបានសម្រុកចូលទីស្ដីការគណៈរដ្ឋមន្ត្រី ចាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងចូលក្នុងគេហដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្រោយការផ្សព្វផ្សាយនេះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធ និងបានចាត់ទុកការផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំភ្លៃការពិត ញុះញង់ និងគួរឱ្យស្អប់ខ្ពើមបំផុតនេះ គឺជាទង្វើទុច្ចរិតដ៏អាក្រក់ មិនអាចអត់ឱនឱ្យបានទេ ហើយបានព្រមានចាត់វិធានការគ្រប់បែបយ៉ាង ដោយគ្មានការលើកលែងជាដាច់ខាតចំពោះក្រុមអ្នកដែលមាននិន្នាការប្រឆាំង។
អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា គូសបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅតែបន្តគាំទ្រឥតងាករេចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ភ្ជាប់ជាមួយគ្នានេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ក៏បានចេញមុខថ្កោលទោសការផ្សាយព័ត៌មានជាភាសាចិននេះផងដែរ។ លោកទូតចិន ថា៖ «យើងថ្កោលទោសចំពោះការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជា ដើម្បីទប់ស្កាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន