Connect with us

ព័ត៌មានជាតិ

១ ឆ្នាំ នៃរដ្ឋាភិបាលនីតិកាលទី ៧ ក្រសួងការងារ រួមចំណែកលើកកម្ពស់​ជីវភាពរស់នៅកម្មករ និងក្រុមគ្រួសារបានកាន់តែប្រសើរ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ២៩​ សីហា​ នេះ​ថា ​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួមចំណែក​យ៉ាងសកម្ម ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ​១ របស់​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ បង្កើន​ប្រាក់ចំណូល ការធានា​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ការពង្រឹង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​: កិច្ច​គាំពារ​សង្គម និង​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ជូន​កម្មករ-និយោជិត ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​ក្រុមគ្រួសារ ដោយ​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កត្តា​ អ៊ន​ បានលើកឡើង​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា​ ចាប់ពី​ថ្ងៃទី ​២៩ សីហា ២០២៣ ដល់ ២០ សីហា ឆ្នាំ​ ២០២៤ ​មក​បញ្ជាក់ថា ក្រសួង​ការងារ បាន​ខិតខំ​អនុវត្ត​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ប្រកបដោយ​បុ​រេ​សកម្ម​ និង​សម្រេចបាន​នូវ​លទ្ធផល​រួមមាន​ ៖ ១.ប្រាក់​ឈ្នួល​អប្បបរមា

​ចាប់ពី​ខែមករា ឆ្នាំ​ ២០២៤ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​បាន​កើន​ដល់ ២០៤ ​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ហើយ​បើបូក​បន្ថែម​អត្ថប្រយោជន៍​ជា​កាតព្វកិច្ច​ផ្សេងទៀត ប្រាក់​ឈ្នួល​របស់​កម្មករ-និយោជិត​ទទួលបាន​តិច​បំផុត​ចន្លោះ​ពី ២២១ ដល់ ២៣២​ ដុល្លារ​អាមេរិក ​ក្នុង​មួយខែ។ ២.ការថែទាំ​សុខភាព បាន​អនុវត្ត “​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​.” បើ​គិត​ត្រឹម​ថ្ងៃទី ​២០ ខែសីហា ឆ្នាំ ២០២៤ នេះ សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​ចំនួន ៤០៤ ៤៥៧​ នាក់ និង​អ្នក​ក្នុងបន្ទុក សមាជិក ប​.ស.ស មាន​ចំនួន ៨៧ ៩០៧ នាក់ និង​បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ចំនួន ៥ ០៨៨ លើក ឱ្យទទួល​ព័ត៌មាន​អំពី​ការអនុវត្ត​កម្មវិធី​ថ្មី​នេះ ដល់​ប្រជាជន​ប្រមាណ ១,៤ លាន​នាក់។ ចាប់ពី​ដើមឆ្នាំ​ ២០២៤ រហូតដល់​ថ្ងៃទី​ ២០ ខែសីហា ឆ្នាំ ​២០២៤ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​. ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះឈ្មោះ​សមាជិក​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ថ្មី​បាន ចំនួន ៣០០ ១៦៧​ នាក់ និង​មាន​អ្នក​ទៅ​ប្រើប្រាស់​សេវា​សរុប​ចំនួន ៣៨១ ៣២២ ដង និង​ចំណាយ​តាវកាលិក អស់​ទឹកប្រាក់​ប្រមាណ ២៥ ៩៣១ លាន​រៀល។ ៣.ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោយ​ពី​ការដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» ដោយ​មិន​បង់ថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ តាម​អភិក្រម “​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យមាន​ការងារ​” ក្រសួង​បានរៀបចំ​វិស័យ​ចំនួន ១០ និង​ជំនាញ​អាទិភាព​ចំនួន ៤៥ មុខជំនាញ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត និង​អាច​ប្រកប​មុខរបរ​ការងារ​សម្រាប់​ចិញ្ចឹមជីវិត។ គិត​ត្រឹម​ថ្ងៃទី​ ២០ ខែ​សីហា ឆ្នាំ ២០២៤ នេះ មាន​អ្នក​ចុះឈ្មោះ​ចូលរៀន​ចំនួន ៥២ ៤០៦ នាក់​, សិស្ស​កំពុង​សិក្សា​ចំនួន ២៣ ២១៦​ នាក់ (​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ងាយ​រង​ហានិភ័យ​ចំនួន ៩ ៣៩៩ នាក់​) និង​សិស្ស​បាន​បញ្ចប់​ការសិក្សា​មាន​ចំនួន ៣ ៩១១ នាក់ (មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ងាយ​រង​ហានិភ័យ ចំនួន ១ ៩១៣ នាក់​) ក្នុងនោះ សិស្ស​បាន​ចុះ​កម្មសិក្សា​មាន​ចំនួន ៤ ២៦១ នាក់ (​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ ងាយ​រង​ហានិភ័យ​ចំនួន ២ ១៤៥ នាក់​) ហើយ​ទទួលបាន​ការងារ​ធ្វើ​មាន​ចំនួន ១ ៧៣៨ នាក់ (​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ងាយ​រង​ហានិភ័យ​ចំនួន ៨៨៧ នាក់​)​។ ៤.កាតព្វកិច្ច នៃ​ការ​ហ្វឹកហ្វឺន​កូនជាង​ គិត​ត្រឹម​ថ្ងៃទី​ ២០ ខែសីហា ឆ្នាំ ២០២៤ នេះ បាន​ហ្វឹកហ្វឺន​កូនជាង​ចំនួន ១២ ៦១២ នាក់ (​ស្រី ៨ ៧៩៧ នាក់​) និង​ធ្វើតេស្ត​កូនជាង​ចំនួន ៩ ៦៩៨ នាក់ (​ស្រី ៦ ៧៩០ ​នាក់​) ព្រមទាំង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ ការហ្វឹកហ្វឺន​កូនជាង ចំនួន ៩ ៦៩៨​ នាក់ (​ស្រី ៦ ៧៩០ ​នាក់​)។ ៥.​ការផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ បាន​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​សម្រាប់​សមាជិក ប​. ស​.​ស​. ជា​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ​។ គិត​ត្រឹម​ថ្ងៃទី​ ២០ ខែសីហា ឆ្នាំ ​២០២៤ នេះ បាន ឧបត្ថម្ភ​ថវិកា​ដល់​កម្មការិនី​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ ឆ្នាំ ចំនួន ៩៨ ២៣៤ នាក់ មាន​កូន​ចំនួន ៩៥ ១៧០​ នាក់ ចំណាយ​ថវិកា​ប្រមាណ​ជា ៦៥,៤១ ​ប៊ី​លាន​រៀល និង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កម្មការិនី​ជា​ស្ត្រី សម្រាលកូន​សរុប​ចំនួន ៥៤៧ ៣១១​ នាក់ មានកូន​ចំនួន ៥៣៣ ៥៦៦ នាក់ ចំណាយ​ថវិកា​សរុប​ចំនួន ២៥៥,៥៧​ ប៊ី​លាន​រៀល។ ៦.ការជំរុញ​ចលនា “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” បាន​បង្កើត​គណៈកម្មការ​វាយតម្លៃ និង​ជ្រើសរើស​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ ដើម្បី ជំរុញ​យុទ្ធនាការ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” សម្រាប់​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ ​និង​កាបូប ប្រចាំ​ឆ្នាំ ២០២៥ ដោយ​ផ្អែកលើ​លក្ខណវិនិច្ឆ័យ​ចំនួន ៨ គឺ (១). អនុលោមភាព​ នៃ​លក្ខខណ្ឌ​ការងារ​, (២). អនុលោមភាព​ នៃ​ការប្រើប្រាស់​កម្មករ-និយោជិត​វ័យក្មេង​, (៣). អនុលោម​ភាព​ នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​, (៤). អនុលោម​ភាព ​នៃ​លក្ខខណ្ឌ​ស្តីពី​សុវត្ថិភាព និង​សុខភាព ការងារ​, (៥). អនុលោមភាព នៃ​របប​សន្តិសុខ​សង្គម​, (៦). អនុលោមភាព​ នៃ​ការប្រើប្រាស់​កម្មករ-និយោជិត ជា​ជនពិការ​, (៧). អនុលោមភាព​ នៃ​ការអនុវត្ត​កម្មវិធី​លើកកម្ពស់​ផលិតភាព​ការងារ និង​(៨). អនុលោមភាព ​នៃ​ការ​អនុវត្ត​កម្មវិធី​ទទួលខុសត្រូវ​សង្គម។

លោក ​កត្តា អ៊ន បាន​បន្តថា ទន្ទឹមនឹងនេះ ការងារ​អាទិភាព​ទាំង ៤ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវអនុវត្ត​នៅ​ក្នុង​រយៈពេល ២​ ឆ្នាំ (​ឆ្នាំ​ ២០២៤ និង​ឆ្នាំ​ ២០២៥​ មានដូចជា​ក្រសួង​បានរៀបចំ​ឯកសារ​សម្រាប់​ដំណើរការ​បង្កើត​ទារកដ្ឋាន​ និង​ម​ត្តេ​យ្យ​សហគមន៍​សម្រាប់​កូន​កម្មករ-និយោជិត​ដែលមាន​វិភាគ​អំពី​តម្លៃ​សេវា​ទារកដ្ឋាន ​និង​ម​ត្តេ​យ្យ​, ការ​ព្យាករ​ថវិកា​ចំណាយ (​តម្លៃ​វិនិយោគ និង​ចំណាយ​ប្រតិបត្តិ​), ការកំណត់​ទីតាំង​, ការត្រៀម​រៀបចំ​បញ្ជី​សម្ភារៈ និង​អ្នក​មើលថែ​, ការអង្កេត​ពី​តម្រូវការ របស់​កម្មករ-និយោជិត ព្រមទាំង​បានរៀបចំ​សេចក្តីព្រាង​គោលការណ៍​ណែនាំ​ស្តីពី​ការរៀបចំ​ទារកដ្ឋាន​ផងដែរ និង បាន​បើក​កិច្ចប្រជុំ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​ពិភព​កុមារ និង​អភិវឌ្ឍន៍ និង​ធនាគារពិភពលោក (World Bank) និង​បាន​ចុះ​ទស្សនកិច្ច​សិក្សា​ស្តីពី​ការរៀបចំ និង​បង្កើត​ទារកដ្ឋាន​សហគមន៍​ជាមួយ​អង្គការ PE&D នៅ​ខេត្ត កំពង់ស្ពឺ​។ ក្រសួង​បាន​ប្រជុំពិភាក្សា​ជាមួយ​សមាគម​និយោជក នៅ​ថ្ងៃទី​ ២៥ ខែកក្កដា ដើម្បី​ជំរុញ​ការរៀបចំ ទារកដ្ឋាន និង​ម​ត្តេ​យ្យ សហគមន៍​សម្រាប់​កូន​របស់​កម្មករ-និយោជិត​ឱ្យបាន​ឆាប់រហ័ស​និង​កំពុងដំណើរការ សាងសង់​ទារកដ្ឋាន​ផងដែរ​។ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជំរុញ​ការកែលម្អ​កន្លែង​ហូបបាយ ឬ​អាហារដ្ឋាន​នៅតាម​រោងចក្រ សហគ្រាស ដែល​កំពុង​ដំណើរការ​ឱ្យបាន​សមរម្យ​សម្រាប់​កម្មករ-និយោជិត និង​តម្រូវឱ្យមាន​ការរៀបចំ​កន្លែង​ហូបបាយ ឬ​អាហារដ្ឋាន​សម្រាប់​រោងចក្រ សហគ្រាស​ដែល​ត្រូវបង្កើត​ថ្មី​។ ក្រសួង​បាន​សហការ​ជាមួយ ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​អគ្គ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​កំណត់​ស្តង់ដារ​រោងចក្រ​ថ្មី ដែល​នឹង​បញ្ចូល​លក្ខខណ្ឌ​តម្រូវ ក្នុងការ​រៀបចំ​កន្លែង​ហូបបាយ និង​អាហារដ្ឋាន​ផងដែរ​។

ជាមួយគ្នានេះដែរ ក្រសួង​ចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​សមាសភាព​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករ-និយោជិត​, រៀបចំ​សិក្ខាសាលា​ស្តីពី “​ការជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ-និយោជិត​ឱ្យ ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​ផាសុកភាព​” ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ ៥០០ ​នាក់ និង​បាន​ពិនិត្យ​លើ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ-និយោជិត​ដែល​មាន​ការផ្លាស់ប្តូរ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​មាន ផាសុកភាព ដោយមាន​រថយន្ត​ដឹក​កម្មករ​ប្រភេទ​ដឹក​អ្នកដំណើរ​ចំនួន ១ ១២៩​គ្រឿង នៃ​ចំនួន​រថយន្ត​ដឹក​កម្ម ករ​សរុប​ចំនួន ៣ ៣៣២ គ្រឿង ដែល​ក្រុមការងារ​បានធ្វើ​បច្ចុប្បន្នភាព​ក្នុង​ឆ្នាំ ២០២៤ នេះ។

ក្រសួង​បាន​កំពុង​ជំរុញ​កម្មវិធី​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​ទទួលស្គាល់​ជំនាញ ដើម្បី​ផ្តល់ឱកាស​ដល់​​កម្មករ-និយោជិត និង​បុគ្គល​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទាំង​ក្នុង និង​ក្រៅប្រទេស អាច​ស្នើសុំ​ធ្វើតេស្ត​វាយតម្លៃ​ផ្អែក លើ​សមត្ថភាព​បញ្ជាក់​កម្រិត​ជំនាញ​ក្នុងការ​ទទួលបាន​វិញ្ញាបនបត្រ​គុណ​វុ​ឌ្ឍ​ជាតិ​។

ក្នុង​ឆមាស​ទី ​១ ឆ្នាំ​ ២០២៤ នេះ ក្រសួង​បាន​ចុះបញ្ជី​កា​ទទួលស្គាល់​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ នៃ​គ្រឹះស្ថាន អ​.​ប​.​វ​. ចំនួន ២ និង​កំពុង​ពិនិត្យសំណើ​ចំនួន​ ៤ ក្នុងនោះ មាន​សំណើ​មកពី​វិស័យ​ឯកជន​ចំនួន​ ២ គឺ​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា និង​វិទ្យាស្ថាន បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដោយ​គិតដល់​បច្ចុប្បន្ន​មាន​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ចំនួន ១០ ទូទាំងប្រទេស ដោយ​បាន​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​បេក្ខជន​ចំនួន ២០០​ នាក់ (​ស្រី ៤២​ នាក់​) គិតពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ ២០២៤ នេះ។

លើសពីនេះ​ទៀត​ ក្រសួង​ បានធ្វើ​បច្ចុប្បន្នភាព​សហគ្រាស គ្រឹះស្ថាន តាម​ប្រព័ន្ធ​ផ្ទាល​ផ្លាស់ប្ដូរ​ទិន្នន័យ​កម្ពុជា CamDX និង ផ្ទាល​ទិន្នន័យ LACMS មាន​សហគ្រាស​សរុប​ចំនួន ៤៤ ៤១៧ សហគ្រាស និង​មាន​កម្មករ-និយោជិត​សរុប ចំនួន ១ ៧៩២ ៧៩១ ​នាក់ (​ស្រី ១ ០៧៤ ៩៧៩​ នាក់​) គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៤ ក្នុងនោះ វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប​មាន​ចំនួន ១ ៥៣៨ សហគ្រាស គ្រឹះស្ថាន និង​មាន​កម្មករ-និយោជិត​សរុប​ចំនួន ៩១៣ ០១៧​ នាក់ ដោយបាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ប្រមាណ ២,៨៨​ ពាន់​លាន​ដុល្លារ​អាមេរិក និង​វិស័យ​ក្រៅពី​កាត់ដេរ​មាន​ចំនួន ៤២ ៨៧៩ សហគ្រាស គ្រឹះស្ថាន និង មាន​កម្មករ-និយោជិត​សរុប​ចំនួន ៨៧៩ ៧៧៤​ នាក់ ដោយបាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ប្រមាណ ២,៦៤ ពាន់​លាន ដុល្លារ​អាមេរិក ដែលមាន​ការកើនឡើង បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣។

ទន្ទឹមនឹងនេះ​ ចំពោះ​អង្គការ​វិជ្ជាជីវៈ​ ក្រសួង ​បាន​បន្ត​ការ​លើ​កម្ពស់​សិទ្ធិ​សេរីភាព​របស់​កម្មករ-និយោជិត និង​និយោជក ដោយ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៤ នេះ បាន​បន្ត​ចុះបញ្ជី​សហជីព​មូលដ្ឋាន បាន​ចំនួន ១០២ ដែល​ធ្វើឱ្យ​អង្គការ​វិជ្ជាជីវៈ​បានកើត​ឡើង ៦ ៣៧៤ ក្នុងនោះ សហភាព​សហជីព​មាន​ចំនួន ៤២, សហព័ន្ធ​សហជីព​មាន​ចំនួន ២៨០, សហជីព​មូលដ្ឋាន មាន​ចំនួន ៦ ០៤០, និង​សមាគម​និយោជក​មាន​ចំនួន ១២។

គិត​ត្រឹម​ថ្ងៃទី ​១ ខែសីហា ឆ្នាំ ​២០២៤ នេះ អង្គការ​វិជ្ជាជីវៈ​ដែល​បាន​ចុះបញ្ជី​សរុប​មាន​ចំនួន ៦ ៣៩៦ ក្នុងនោះ​រួមមាន ៖​ សហជីព​មូលដ្ឋាន​មាន​ចំនួន ៦ ០៦២ សហព័ន្ធ​សហជីព​មាន​ចំនួន ២៨០ សហភាព​សហជីព​មាន​ចំនួន ៤២ និង​សមាគម​និយោជក​មាន​ចំនួន ១២។

ចំណែក​អធិការកិច្ច​ការងារ​ក្រសួង​បាន​អនុវត្ត​ប្រព័ន្ធ​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ ដោយ​ចុះ​អធិការកិច្ច​ការងារ​សរុប​ចំនួន ៤ ៩៩២ លើក ក្នុងនោះ អធិការកិច្ច​ការងារ​សាមញ្ញ​ចំនួន ៤ ៧៤៧ លើក​, អធិការកិច្ច​តាមដាន​ការ​ដាក់កំហិត ចំនួន ៦២​ លើក​, អធិការកិច្ច​ការងារ​ពិសេស​ចំនួន ១៨៣ លើក និង​បានដាក់​កំហិត​ចំនួន ១១១​ សហគ្រាស។ សម្រាប់​វិស័យ​កាត់ដេរ ចំនួន​សហគ្រាស គ្រឹះស្ថាន​ដែល​ស្ថិតនៅក្នុង​អនុវិស័យ​កាត់ដេរ​មាន​ចំនួន​ច្រើនជាងគេ (១) ១៦០ សហគ្រាស គ្រឹះស្ថាន​) និង​មាន​ចំនួន​កម្មករ-និយោជិត​ធ្វើការ​ក្នុង​អនុ​វិស័យ​កាត់ដេរ​នេះ​ច្រើនជាងគេ ដែរ (៦០៣ ៨៧២​ នាក់​) ក្នុងចំណោម អនុវិស័យ ២ ​ផ្សេងទៀត (​ស្បែកជើង និង​កាបូប​)​។ ទន្ទឹមនឹងនេះ ក្រៅពី វិស័យ​កាត់ដេរ ចំនួន​សហគ្រាស គ្រឹះស្ថាន​ដែលមាន​សេវា​ស្នាក់នៅ និង​អាហារ (៥,៣៩០ សហគ្រាស គ្រឹះស្ថាន​) មាន​ចំនួន​ច្រើនជាង​អនុវិស័យ ៥​ ផ្សេងទៀត បន្ទាប់ពី​ចំនួន​សហគ្រាស គ្រឹះស្ថាន​នៅក្នុង​អនុវិស័យ​ផ្សេងៗ ​ចំនួន ៦២ លើក​, អធិការកិច្ច​ការងារ​ពិសេស​ចំនួន ១៨៣ លើក និង​បានដាក់​កំហិត​ចំនួន ១១១​ សហគ្រាស​។ សម្រាប់​វិស័យ​កាត់ដេរ ចំនួន​សហគ្រាស គ្រឹះស្ថាន​ដែល​ស្ថិតនៅក្នុង​អនុវិស័យ​កាត់ដេរ​មាន​ចំនួន​ច្រើនជាងគេ (១ ១៦០ សហគ្រាស គ្រឹះស្ថាន​) និង​មាន​ចំនួន​កម្មករ-និយោជិត​ធ្វើការ​ក្នុង​អនុវិស័យ​កាត់ដេរ​នេះ​ច្រើនជាងគេ ដែរ (៦០៣ ៨៧២ នាក់​) ក្នុងចំណោម អនុវិស័យ ២​ ផ្សេងទៀត (​ស្បែកជើង និង​កាបូប​)​។ ទន្ទឹមនឹងនេះ ក្រៅពីវិស័យ​កាត់ដេរ ចំនួន​សហគ្រាស គ្រឹះស្ថាន​ដែលមាន​សេវា​ស្នាក់នៅ និង​អាហារ (៥,៣៩០ សហគ្រាស គ្រឹះស្ថាន​) មាន​ចំនួន​ច្រើនជាង​អនុវិស័យ ៥ ផ្សេងទៀត បន្ទាប់ពី​ចំនួន​សហគ្រាស គ្រឹះស្ថាន​នៅក្នុង​អនុវិស័យ​ផ្សេងៗ​ ដែលមាន​ចំនួន​ច្រើនជាងគេបង្អស់ (៣០ ០៣១ សហគ្រាស គ្រឹះស្ថាន​) និង​មាន​ចំនួន​កម្មករ-និយោជិត ធ្វើការ​ក្នុង​អនុវិស័យ​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​ច្រើនជាង​អនុវិស័យ ៥ ផ្សេងទៀត​ផងដែរ (១០៦ ៨៦៥​ នាក់​)​។ តាមរយៈ​ការចុះ​អធិការកិច្ច​ការងារ​នេះ ពិនិត្យឃើញថា អត្រា​សហគ្រាស គ្រឹះស្ថាន​ដែល​អនុលោម​តាមច្បាប់ និង​លិខិត​បទដ្ឋាន​ទាក់ទង​នឹង​វិស័យ​ការងារ​មាន​អត្រា​ខ្ពស់​ដល់ ៩៧,៧៨% ។ រីឯ​ការ​ដោះស្រាយ​វិវាទ​ការងារ​វិញ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៤ នេះ ក្រសួង​បាន​ដោះស្រាយ​វិវាទ​ការងារ​សរុប​ចំនួន ៧៣១ ករណី ដោយ​ក្នុងនោះ សះជា​ចំនួន ៦៣០ ករណី។ ទន្ទឹមនេះ តាមរយៈ​ការដោះស្រាយ​សះជា​ នៃ​វិវាទ​ការងារ អត្រា​សះជា​មានការកើនឡើង​ពី ៤៧.៧៨% នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ទៅ ៨៦.១៨% នៅ​ឆមាស​ទី ​១ ឆ្នាំ ២០២៤ នេះ។

ទន្ទឹមគ្នានេះ​ជីវភាព​រស់នៅ​របស់​កម្មករ-និយោជិត ត្រូវបាន​គិតគូរ​ និង​លើកកម្ពស់​កាន់តែ​ប្រសើរ​ឡើង ជា​បន្តបន្ទាប់ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្តបន្ទាប់ ដែល​បាន​កើន​ពី ៤០ ដុល្លារ​អាមេរិក នៅ​ឆ្នាំ ១៩៩៧ ដល់ ២០៤ ដុល្លារ​អាមេរិក នៅ​ឆ្នាំ ​២០២៤ (​សូម​មើល​រូប​ភាព​ទី​២.១.៦) ព្រម​ជាមួយ​ការផ្តល់ប្រាក់​អត្ថប្រយោជន៍​ជា​កាតព្វកិច្ច​ផ្សេងៗ​ ចំនួន ១៧​ ដុល្លារ​អាមេរិក ទៅ ២៨ ​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​កម្មករ-និយោជិត​អាច​ទទួល​បានជា​ប្រាក់​ឈ្នួល​ចន្លោះ​ពី ២២១ ទៅ ២៣២​ដុល្លារ​អាម៉េរិក យ៉ាងតិច​ក្នុង​មួយខែ ដោយ​មិនទាន់​គិតពី​អត្ថប្រយោជន៍​ពី ប​.​ស​.​ស​.​។ បើ​ប្រៀបធៀប​ប្រាក់​ឈ្នួល​អប្បបរមា​នៅ កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ មាន​ប្រទេស​មួយចំនួន​ក្នុង​តំបន់​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ទាប​ជាង​កម្ពុជា ដូចជា​ប្រទេស​វៀតណាម​មាន​ចំនួន​ចន្លោះ​ពី ១៤៣ ដុល្លារ​អាមេរិក ទៅ ២០៦​ ដុល្លារ​អាមេរិក​, ប្រទេស​ស្រីលង្កា ៥៧ ​ដុល្លារ​អាមេរិក​, ប្រទេស​បង់​ក្លា​ដែ​ស ១១២ ​ដុល្លារ​អាមេរិក​, ប្រទេស​មី​យ៉ាន់​ម៉ា ៨៣ ​ដុល្លារ​អាមេរិក និង​ប្រទេស​ឡាវ ៧៦​ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ក្រសួង​ ក៏បាន​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​ស្ថាប័ន​ទីផ្សារការងារតាមរយៈ​ការពង្រឹង​ប្រសិទ្ធ​ភាព​យន្តការ​សម្របសម្រួល​ទីផ្សារការងារ ការពង្រីក​វិសាលភាព​ នៃ​ការផ្តល់សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ ដោយបាន​បង្កើន​មជ្ឈមណ្ឌល​ការងារ​ដល់​ចំនួន ១៤ និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន ៥, បាន​ដាក់ឱ្យអនុវត្តផ្ទាល​ឌីជីថល​សេវា​ការងារ​ព្រមទាំង​រៀបចំ “​វេទិកា​ការងារ ថ្នាក់ជាតិ និង​នៅ​តាម​មូលដ្ឋាន ដោយបាន​ផ្តល់​សេវា​ជួយ​ស្វែងរក​ការងារ ចំនួន ១៧ ៥៣៥ នាក់ ផ្គូផ្គង​ការងារ ចំនួន ១៩ ៣៥៧ ដង ដែល​ក្នុងនោះ អ្នកទទួលបាន​ការងារ​មាន​ចំនួន ៣ ៣៨០ នាក់ ប្រមូល​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការងារ​បាន​ចំនួន ២០៨ ៩៩៣ កន្លែង និង​ផ្តល់​ប្រឹក្សា​ការងារ​ដល់​ប្រជាជន​សរុប​ចំនួន ២៤ ៩៩២ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៤៤ នាទី មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ជូនដំណើរកម្មករ-និយោជិត ពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជារឿងកម្របំផុត ស្រ្តីចិនម្នាក់មានស្បូនពីរ សម្រាលបានកូនភ្លោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋសង្កាត់​អូរម៉ាល់ ក្នុងមួយខែៗជាង​ ១០០ នាក់ មកទទួលសេវាសាធារណៈ

ចរាចរណ៍១៩ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក គួច ចំរើន ផ្ដាំមន្ត្រីសុខាភិបាលឱ្យមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ពិសេសអ្នកប្រើ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម