ព័ត៌មានជាតិ
តើការចុះបញ្ជីអាជីវកម្មស្របច្បាប់ ឆ្លងកាត់នីតិវិធីអ្វីខ្លះ?
ដើម្បីអាចបើកដំណើរការអាជីវកម្មស្របច្បាប់ ម្ចាស់អាជីវកម្មត្រូវចុះបញ្ជីអាជីវកម្មជាមុនសិន។ ការចុះបញ្ជីអាជីវកម្មមានច្រើនទម្រង់ផ្សេងៗគ្នាតាមលក្ខណៈអាជីវកម្មនីមួយៗដូចជា ក្រុមហ៊ុនឯកកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធិ ការិយាល័យសាខា ការិយាល័យតំណាង ក្រមហ៊ុនទទួលខុសត្រូវមានកម្រិតជាដើម។
ចុចអាន៖ ស្វែងយល់ពីទម្រង់អាជីវកម្មនៅកម្ពុជា…….
ហេតុអ្វីត្រូវចុះបញ្ជីអាជីវកម្ម?
-បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន
-ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម
-ទទួលបានការគាំពារតាមផ្លូវច្បាប់
-ទាក់ទាញអតិថិជន (ក្រុមហ៊ុនធំ) ដែលបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណាចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទ
-ជួយសម្រួលដល់ការទទួលកម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន
-ទទួលបានអត្ថប្រយោជន៍ផ្សេងៗសម្រាប់និយោជិតរបស់អ្នកពីបេឡាជាតិ សន្តិសុខសង្គម
-បំពេញកាតព្វកិច្ចជាពលរដ្ឋក្រោមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា
ម្ចាស់អាជីវកម្មក៏អាចជ្រើសរើសចុះបញ្ជីពាណិជ្ជសញ្ញា ដើម្បីអាចការពារម៉ាកអាជីវកម្មដូចជានាមករណ៍ (ឈ្មោះអាជីវកម្ម) ឬរូបសញ្ញា (logo) ជាដើម។
>ការចុះបញ្ជីអាជីវកម្មតាមទម្រង់ចាស់
ការចុះបញ្ជីអាជីវកម្មមួយអាចពាក់ព័ន្ធក្រសួង-ស្ថាប័នច្រើន ប៉ុន្តែជាទូទៅក្រសួង-ស្ថាប័នគោលដែលពាក់ព័ន្ធរួមមាន ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមនីតិវិធីដំណើរការចុះបញ្ជីអាជីវកម្ម ម្ចាស់អាជីវកម្មត្រូវចុះនៅក្រសួងពាណិជ្ជកម្ម រួចបន្តចុះនៅអគ្គនាយកដ្ឋានពន្ធដារ និងធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទន្ទឹមគ្នានេះដែរ ម្ចាស់អាជីវកម្មក៏ត្រូវមានអាជ្ញាប័ណ្ណនិងលិខិតអនុញ្ញាតបន្ថែមមួយចំនួនទៀត ផ្អែកលើប្រភេទអាជីវកម្ម និងឧស្សាហកម្មដែលអាចជាក្រសួងទេសចរណ៍ (សម្រាប់ភោជនីយដ្ឋាន) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (សម្រាប់ក្រុមហ៊ុនសំណង់) និងក្រសួងសុខាភិបាល (សម្រាប់ឱសថស្ថាន ឬមន្ទីរពេទ្យ) ជាដើម។
ការស្នើសុំចុះបញ្ជីអាជីវកម្មតាមទម្រង់ចាស់នេះ ត្រូវឆ្លងកាត់ក្រសួង-ស្ថាប័នផ្សេងៗគ្នានិងតាមនីតិវិធីខុសៗគ្នា និងអាចចំណាយពេលវេលារង់ចាំច្រើនដង ទម្រាំក្រសួង-ស្ថាប័ននីមួយៗផ្ដល់ការអនុញ្ញាត ខណៈដែលប្រព័ន្ធចុះបញ្ជីរបស់ក្រសួង-ស្ថាប័ននីមួយៗមានលក្ខណៈដាច់ដោយឡែកពីគ្នា និងមិនអាចផ្សារភ្ជាប់ផ្លាស់ប្តូរទិន្នន័យគ្នាបាន ដែលតម្រូវឱ្យអ្នកស្នើសុំត្រូវបំពេញព័ត៌មានដដែលៗលើពាក្យស្នើសុំផ្សេងគ្នានៅក្រសួង-ស្ថាប័នផ្សេងគ្នា។
>បែបបទថ្មីនៃការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា (Single Portal)
ការស្នើចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី អាចឲ្យម្ចាស់អាជីវកម្មធ្វើការចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ ធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងចុះបញ្ញិកាសហគ្រាស-គ្រឹះស្ថាន ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពេលតែមួយនៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតែមួយ ដែលអាចចំណាយពេលយ៉ាងយូរ ៨ ថ្ងៃនៃថ្ងៃធ្វើការ និងត្រូវបង់ថ្លៃសេវាតិចជាងមុន ហើយក៏អាចទូទាត់បង់សេវាទាំងអស់តាមអនឡាញផងដែរ។
ក្រោយចុះបញ្ជីអាជីវកម្មជោគជ័យ ម្ចាស់អាជីវកម្មនឹងទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្រក្នុងទម្រង់ឌីជីថលតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ជាការបោះជំហានមួយទៀតស្របតាមកាលរីកចម្រើននៃបច្ចេកវិទ្យា បច្ចុប្បន្ននេះការចុះបញ្ជីអាជីវកម្ម ត្រូវបានដាក់ឱ្យអនុវត្តលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ឬហៅកាត់ថាថ្នាល CamDX)។
នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជួយសម្រួលនិងសម្រាលបន្ទុករបស់ធុរជនក្នុងការធ្វើធុរកិច្ចនៅកម្ពុជា និងដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មួយដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។ ប្រព័ន្ធថ្មីនេះបានបន្ថែមមុខងារដែលអនុញ្ញាតឱ្យធុរជន និងវិនិយោគិន អាចលើកឡើងអំពីបញ្ហាប្រឈម និងផ្តល់មតិយោបល់កែលម្អក្នុងន័យស្ថាបនា។
រដ្ឋាភិបាលដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានឆ្លងកាត់ ៣ ដំណាក់កាលរួចមកហើយ ដែលបានជួយកាត់បន្ថយនូវនីតិវិធី, ថិរវេលា និងថវិកា ក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរមា ដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។
ដំណាក់កាលទី១ អនុញ្ញាតឱ្យគ្រប់ក្រុមហ៊ុន សហគ្រាស អាចចុះបញ្ជីជាកញ្ចប់ជាមួយនឹងក្រសួង-ស្ថាប័ន ចំនួន ៣ រួមមាន៖ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាចចុះបញ្ជីជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project-QIP) ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដំណាក់កាលទី២ អនុញ្ញាតឱ្យក្រុមហ៊ុន-សហគ្រាស អាចស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និង លិខិតអនុញ្ញាតជំនាញផ្សេងៗ នៅក្រសួង-ស្ថាប័ន ចំនួន ៤ បន្ថែម រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
រីឯដំណាក់កាលទី ៣គឺជាបង្គោលចរថ្មីមួយទៀត ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន រហូតដល់ ១២ រួមមាន៖ ក្រសួងពាណិជ្ជកម្ម,ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងយុត្តិធម៌,ក្រសួងអប់រំ យុវជន និងកីឡា,ធនាគារជាតិនៃកម្ពុជា,បេឡាជាតិសន្តិសុខសង្គម, និយ័តករធានារ៉ាប់រងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករទូរគមនាគមន៍កម្ពុជា និយ័តករគណនេយ្យ និង សវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។
របាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ គិតត្រឹមដើមឆ្នាំ ២០២៤ មានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មសរុបចំនួន ៤៤ ៥១៤ មូលដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ខណៈអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសមានប្រមាណ ៧០ ម៉ឺនមូលដ្ឋាន។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍នៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានដែលសម្របសម្រួលដោយក្លឹបអ្នកកាសែតកម្ពុជាកន្លងទៅថា ចំនួនសហគ្រាសអាជីវកម្មដែលចុះបញ្ជីអាជីវកម្មជាផ្លូវការនៅមានចំនួនតិចតួចនៅឡើយ។ ប៉ុន្តែក្រសួងកំពុងជំរុញឲ្យម្ចាស់អាជីវកម្មចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ ការលើកទឹកចិត្តរួមទាំងកិច្ចការពារផ្នែកផ្លូវច្បាប់។
ថ្លែងនៅក្នុងឱកាសប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សហគ្រាសចុះបញ្ជីអាជីវកម្ម ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម ក្រៅពីទទួលបានការលើកលែងការផាកពិន័យបំណុល ការលើកទឹកចិត្តខាងពន្ធដារ ក៏នឹងទទួលបានលទ្ធភាពក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់បុគ្គលិក និងកម្មករនៅក្នុងសហគ្រាស ដែលនឹងចូលរួមលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំ។
រដ្ឋាភិបាលបានដាក់ចេញគោលការណ៍អនុគ្រោះ ៩ ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្មដែលរួមមាន៖
ទី១៖ ផ្តល់ការលើកលែងការផាកពិន័យនឹងបំណុលទាំងអស់នៅក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក
ទី២៖ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព
ទី៣៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈ(១) ការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនឹងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី (៣) លើកលែងពន្ធលើប្រាក់បំណុល និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី
ទី៤៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុន និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈ (១) លើកលែងពិន័យទោសទណ្ឌ នឹងបំណុលពន្ធ ចំពោះការមិនពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី។
ទី៥៖ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី
ទី៦៖ កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្ដល់សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាសដែលមានចំនួនកម្មករនិយោជិតតិចជាង ៨ នាក់
ទី៧៖ ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំ
ទី៨៖ រៀបចំការត្រួតពិនិត្យ និងការធ្វើការរួមគ្នាក្នុងពេលតែមួយ នឹងតែមួយលើកក្នុងមួយឆ្នាំនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើប័ណ្ណឬលិខិតអនុញ្ញាតផ្សេងៗ
ទី៩៖ រៀបចំបង្កើតបទដ្ឋានគតិយុត្តក្របខណ្ឌយន្តការ ដែលមានសកម្មភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗដូចជា ការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា