ព័ត៌មានជាតិ
ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់
នៅក្នុងឆ្នាំ ២០២៤ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត នៅប្រទេសកម្ពុជា មានចំនួន ២០៤ ដុល្លារ ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ខណៈឆ្នាំ ២០២៥ ប្រាក់ឈ្នួល នឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ដែលនឹងជួយធ្វើឱ្យជីវភាពរស់នៅរបស់កម្មករ-និយោជិតបានកាន់តែប្រសើរបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-19_10-59-55-8-1024x682.jpg)
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣០ សីហា នេះថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់កម្មករ-និយោជិត ដើម្បីចូលរួមលើកកម្ពស់សុខភាព និងជីវភាពរស់នៅឱ្យបានកាន់តែប្រសើរឡើងតាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់ ដែលបានកើនពី ៤០ ដុល្លារអាមេរិក នៅឆ្នាំ ១៩៩៧ ដល់ ២០៤ ដុល្លារអាមេរិក នៅឆ្នាំ ២០២៤ ជាមួយការផ្តល់ប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗ ចំនួន ១៧ ដុល្លារអាមេរិក ទៅ ២៨ ដុល្លារអាមេរិក ដែលធ្វើឱ្យកម្មករ-និយោជិតអាចទទួលបានជាប្រាក់ឈ្នួលចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាមេរិក យ៉ាងតិចក្នុងមួយខែ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស។
លោក កត្តា អ៊ន បានបន្តថា តួលេខប្រាក់ឈ្នួល ២០៤ ដុល្លារ នេះ បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមា តាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ឃើញថា ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាខ្ពស់ជាងដូចជាប្រទេស វៀតណាមមានចំនួនចន្លោះពី ១៤៣ ដុល្លារអាមេរិក ទៅ ២០៦ ដុល្លារអាមេរិក, ប្រទេសស្រីលង្កា ៥៧ ដុល្លារអាមេរិក, ប្រទេសបង់ក្លាដែស ១១២ ដុល្លារអាមេរិក, ប្រទេសមីយ៉ាន់ម៉ា ៨៣ ដុល្លារអាមេរិក និងប្រទេសឡាវ ៧៦ ដុល្លារអាមេរិកប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-29_13-14-59-1024x683.jpg)
ចំណែក ឧកញ៉ា ណាង សុធី តំណាងខាងភាគីនិយោជក បានលើកឡើងឱ្យដឹងដែរថា «ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិតយើង បើធៀបទៅនឹងប្រទេសគេមួយចំនួនឃើញថា លើសគេណាស់ហើយ សូម្បីតែវៀតណាមមាន ២០៦ ដុល្លារ ហើយឆ្នាំ ២០២៥ ប្រហែលជាហួសគេផងដែរ បើតាមអ្វីដែលចង់បានរបស់រាជរដ្ឋាភិបាល»។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំទី ២ កាលពីថ្ងៃទី ២៩ សីហា ថា ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិតឆ្នាំ ២០២៥ តិច ឬច្រើន នឹងមានកំណើន គ្រាន់តែកំណើនផ្សេងគ្នាៗ ខណៈភាគីនិយោជកស្នើសុំដំឡើង ១ ដុល្លារ និងភាគីសហជីពស្នើសុំ ១៤ ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-29_13-14-59-2-1024x683.jpg)
លោករដ្ឋមន្ត្រី បានបន្តថា ប៉ុន្តែនៅពេលមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ជំហរនេះអាចនឹងមានការប្រែប្រួល ដោយភាគីខ្លះអាចដំឡើងបន្ថែម និងភាគីខ្លះទៀតអាចបន្ថយតួលេខមកវិញខ្លះក៏មាន។ ភាគីរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យភាគីនីមួយៗ ខិតទៅរកប្រសប់គ្នាហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរ តែបើមិនមានការការឯកភាពគ្នាទេ យើងនឹងអនុវត្តតាមច្បាប់ គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី ២៦ កញ្ញា ខាងមុខ។
ឧកញ៉ា ណាង សុធី បានពន្យល់ថា ការដាក់តួលេខ ១ ដុល្លារ នេះ ផ្អែកទៅលើស្ថានភាពជាក់ស្តែងដូចជាអត្រាការប្រាក់សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្មកើនឡើងខ្ពស់ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋមានអត្រាទាប និងមួយទៀត បើទោះបីជាអត្រានាំចេញមានកំណើនខ្ពស់ ក៏ប៉ុន្តែនិយោជកយើងគិតថាវាគ្រាន់តែជាពពុះទឹកដោយសារវិបត្តិនៅភូមា និងវិបត្តិនយោបាយនៅបង់ក្លាដេស ដោយអ្នកបញ្ជាទិញបង្វែរពីភូមាមកកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/01-113-5.jpg)
លោកបានបន្តថា «គោលជំហររបស់យើងដំឡើងគឺដំឡើងហើយ ព្រោះវាជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ប៉ុន្តែខាងយើងការដំឡើង ១ ដុល្លារ នៃកិច្ចពិភាក្សាជាចំណូលដ៏ល្អមួយ។ អីចឹងសូមកុំយកលេខនេះជាលេខចុងក្រោយសម្រាប់កិច្ចពិភាក្សារបស់និយោជក វាគ្រាន់តែជាតួលេខមួយដាក់ពិភាក្សាជាមួយគ្នាទេ»។
គួរបញ្ជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបឆ្នាំ ២០២៥ ត្រូវផ្អែកទៅលើលក្ខណវិនិច្ឆ័យទាំង ៧ រួមមាន វិនិច្ឆ័យតាមបែបសង្គម ដូចជាស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចដូចជាផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គ្រោងប្រជុំជាបន្តបន្ទាប់ទៀតនៅថ្ងៃទី ៦, ទី ១២, ទី ១៩ និងទី ២៦ ខែកញ្ញា ខាងមុខ ខណៈប្រជុំលើកទី ១ កាលពីថ្ងៃទី ១៤ និងលើកទី ២ នៅថ្ងៃទី ២៩ ខែសីហា៕
អត្ថបទ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត