ព័ត៌មានជាតិ
បើគ្មានអ្វីប្រែប្រួល ថ្ងៃ ០១ កញ្ញានេះ ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival សម្រួលអ្នកដំណើរ កាត់បន្ថយភាពស្មុគស្មាញតាមព្រលាន
នៅថ្ងៃ ០១ កញ្ញានេះ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅច្រកអាកាសយាដ្ឋានទាំង ៣ នៅកម្ពុជា ដើម្បីសម្រួលនិងកាត់បន្ថយភាពស្មុគស្មាញសម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា។
ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នឹងសម្រួលឲ្យកាន់តែមានភាពសមញ្ញ និងកាត់បន្ថយពេលវេលាសម្រាប់ការបំពេញបែបបទចូល-ចេញប្រទេស ហើយក៏ឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យាក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀត។
បើតាមមន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានគូសបញ្ជាក់ថា ប្រព័ន្ធនេះអាចធានាបានថាអ្នកដំណើរអាចឆ្លងកាត់បានឆាប់រហ័ស ដោយគ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival ដែលរួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍រួមមាន ពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។ ជាមួយគ្នានេះប្រព័ន្ធនេះក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ។
ក្រសួងមហាផ្ទៃបានដាក់ឲ្យអនុវត្តសាកល្បងនូវប្រព័ន្ធ Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង ៣ នៅខែកកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ពីដំណើរការរៀបចំប្រព័ន្ធ Cambodia e-Arrival នៅអាកាសយានដ្ឋាននៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលជូនអ្នកដំណើរដែលចូលមកប្រទេសកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិចរួមគ្នាតែមួយពោលទាំងការស្នើសុំទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាលជាដើម។
សម្តេចបានគូសបញ្ជាក់ថា «ការសម្រួលបដិសណ្ឋារកិច្ចសំខាន់ណាស់ ជះឥទ្ធិពលដល់កម្ពុជា។ ការផ្សព្វផ្សាយប៉ះពាល់កម្ពុជា ដែលពេលខ្លះក៏ពាក់ព័ន្ធទៅបញ្ហាបដិសណ្ឋារកិច្ច»។
កន្លងទៅការស្នើសុំវីសាមានពីរវិធី ទីមួយគឺស្នើសុំតាមស្ថានទូត តាមអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស។ ទីពីរគឺ visa on arrival នៅពេលដែលអ្នកដំណើរចុះនៅព្រលាន ត្រូវបំពេញបែបបទនិងតម្រង់ជួរបង់លុយ ហើយការបំពេញទម្រង់បែបបទមាន ៣ ទម្រង់ មានខាងអន្តោប្រវេសន្ត គយ និងសុខាភិបាល។
សម្តេចថា «ឥលូវយើងបានឯកភាព និងរៀបចំជាប្រព័ន្ធអេឡិចត្រូនិកតែមួយ ដែលអ្នកដំណើរមិនបាច់បំពេញបែបបទលើក្រដាសស្មុគស្មាញទៀតទេ ហើយក៏អាចបង់លុយតាមអនឡាញបានថែមទៀត»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ