Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ចង់​ធ្វើ​ទំនើបកម្ម​យោធា ដោយ​ទិញ​មីស៊ីល​ចម្ងាយ​មធ្យម និង​យន្តហោះ​ចម្បាំង​៤០​គ្រឿង

បានផុស

នៅ

ប្រទេសហ្វីលីពីន មាន​បំណង​ធ្វើ​ទំនើបកម្ម​យោធារបស់ខ្លួន តាម​រយៈ​ការ​ទិញ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម និង​យន្តហោះ​ចម្បាំង​ទំនើប​ ក្នុង​ទំហំ​ទឹក​ប្រាក់​យ៉ាង​ហោចណាស់ ៣៣​ពាន់លានដុល្លារ ដើម្បី​ទប់ស្កាត់​​ការកើនឡើងនៃភាពតានតឹងក្នុងតំបន់។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​មន្ត្រី​ជាន់​ខ្ពស់​ហ្វីលីពីន​២​រូប គឺ​លោក Romeo Brawner មេ​បញ្ជាការយោធា​​ហ្វីលីពីន និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ Gilberto Teodoro កាល​ពី​ថ្ងៃ​ទី​២៩​ខែ​សីហា។

កងកម្លាំង​ហ្វីលីពីន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Teodoro បានប្រកាស​ថា ហ្វីលីពីន​គ្រោងនឹងចំណាយប្រាក់យ៉ាងហោចណាស់ ១,៨៩​ទ្រី​លាន​​​ប៉េសូ ដើម្បីធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពការពារខាងក្រៅរបស់យោធា ដែលអាចរាប់បញ្ចូលទាំងការទិញយន្តហោះ​ចម្បាំង​ចំនួន​៤០​គ្រឿង។ យ៉ាង​ណា លោកបានបដិសេធ​បញ្ចេញឈ្មោះប្រទេសដែលបានដាក់សំណើដេញថ្លៃ ឬម៉ូដែលយន្តហោះចម្បាំងដែល​ហ្វីលីពីន​គ្រោងនឹងទិញ​នោះ​ទេ ដោយបន្ថែមថា៖ «ការដេញថ្លៃគឺជាដំណើរការសម្ងាត់នៅពេលនេះ ប៉ុន្តែយើងកំពុងបន្តពិនិត្យមើលការដេញថ្លៃដែលអាចទទួលយកបាន»។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន បានបន្ថែមថា ដើម្បី​ដំណើរការ​ការ​ទិញ​យន្តហោះ​ចម្បាំង​ដែលអាចមានតម្លៃចន្លោះពី ៣០០ទៅ​៤០០ពាន់លានប៉េសូ រដ្ឋាភិបាលកំពុងសម្លឹងមើលទៅលើគម្រោងហិរញ្ញប្បទានសមរម្យ រួមទាំងការទាញយកប្រាក់កម្ចីពីអ្នកផ្តល់កម្ចីឯកជន។

ចំណែក​ឯ​មេ​បញ្ជាការ​យោធា លោក​ Brawner ធ្លាប់បាន​ប្រាប់​ថា ហ្វីលីពីនត្រូវការយន្តហោះចម្បាំងពហុតួនាទី​ដែល «លឿន និងសាហាវជាង» យន្តហោះ​ចម្បាំង FA-50 ផលិត​ដោយ​កូរ៉េ​ខាង​ត្បូង ដែល​ខ្លួន​មាន​ស្រា​ប់​នា​ពេល​បច្ចុប្បន្ន។

ពាក់ព័ន្ធ​នឹង​​គម្រោង​ទំនើប​កម្ម​យោធា​នេះ​ដែរ មេ​បញ្ជាការ​អាមេរិក​ប្រចាំ​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក លោក Samuel Paparo បានប្រកាស​ថា ទាំងហ្វីលីពីន និងសម្ព័ន្ធមិត្តអាមេរិក កំពុងរៀបចំសម្រាប់អ្វីដែលអាចជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតនៅឆ្នាំក្រោយ ខណៈដែលការចូលរួមផ្នែកសន្តិសុខរវាងប្រទេសទាំង​២​បានកើនឡើង ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេយល់ថាជាការអះអាងកាន់តែខ្លាំងឡើងរបស់​មហាយក្ស​ចិន។

កាលពីខែមេសា សហរដ្ឋអាមេរិក​បាន​ដាក់​ពង្រាយ​ប្រព័ន្ធមីស៊ីល​រយៈចម្ងាយមធ្យម​របស់​ខ្លួន​នៅភាគខាងជើង​ហ្វីលីពីន ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា ដែល​បាន​ធ្វើ​ឲ្យ​ចិនខឹងសម្បារ ហើយ​​និយាយថា វត្តមានរបស់​មីស៊ីល​ទាំង​នោះ​អាច​​នាំមកនូវហានិភ័យនៃសង្គ្រាមដ៏ធំនៅក្នុងតំបន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម