ព័ត៌មានជាតិ
រីសតមួយកន្លែងក្នុងស្រុកសំឡូត ទាក់ចិត្តទេសចរទៅកម្សាន្ត ថែមជួយអភិរក្សសត្វនិងព្រៃឈើថែមទៀត
រមនីយដ្ឋានផ្កាព្រៃរីសតនៅក្នុងស្រុកសំឡូត កំពុងពេញនិយមពីសំណាក់ភ្ញៀវទៅកម្សាន្តនិងបោះតង់ និងទទួលបានការកោតសសើរពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញលើការចូលរួមអភិរក្សសត្វព្រៃ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់បានយ៉ាងប្រសើរ។
លោក សីហា ជាម្ចាស់”ផ្កាព្រៃរីសត” បានផ្តល់បទសម្ភាស៍ជាមួយកម្ពុជាថ្មីដោយលោកលើកឡើងថា រីសតរបស់លោក បានសាងសង់ឡើងលើដីកម្មសិទ្ធផ្ទាល់ខ្លួនក្បែរជើងភ្នំសំឡូត ស្ថិតនៅភូមិកណ្តាល ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង។
រីសតនេះ មានទេសភាពជំរាលជើងភ្នំ ដែលមានព្រៃព្រឹក្សាធម្មជាតិ ជាមួយបរិយាកាសសូរសម្លេងបក្សីយំឆ្លងឆ្លើយគ្នាទាក់ទាញអារម្មណ៍ភ្ញៀវទាំងក្នុងនិងក្រៅស្រុកមកកម្សាន្តជាបន្តបន្ទាប់។
ម្ចាស់រីសតនេះអះអាងថា យ៉ាងហោចក្នុង ១សប្តាហ៍ មានភ្ញៀវមកកម្សាន្តសរុបចន្លោះពី ១០០-២០០ នាក់ ទាំងភ្ញៀវជាតិនិងអន្តរជាតិ ក្នុងថ្ងៃធម្មតា តែបើថ្ងៃបុណ្យទានទទួលភ្ញៀវបានចន្លោះពី ៣០០-៥០០ នាក់។
សម្រាប់ភ្ញៀវមកស្នាក់ក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មិនថារដូវកាលបុណ្យទានឬថ្ងៃធម្មតានោះទេ គឺមកកម្សាន្តនិងស្នាក់នៅមានចន្លោះពី ៥០-៧០ នាក់ មានបោះតង់និងផ្ទះសម្រាកគ្នាច្រើន ក្នុងនោះសម្រាប់បោះតង់មាន ២ ប្រភេទ គឺប្រភេទតម្លៃ ១៥ ដុល្លារ និង ២០ ដុល្លារ ហើយសម្រាប់ផ្ទះស្នាក់នៅ ១ យប់ ៨៥ ដុល្លារ អាចសម្រាកបានពី ៦-៧ នាក់។ នេះបើតាមលោក សីហា។
ក្រៅពីបានគយគន់ព្រៃព្រឹក្សា ភ្ញៀវអាចមកជួលម៉ូតូកង់ ៤ ជិះទៅកម្សាន្តគោលដៅទឹកធ្លាក់ ហែលទឹកលេង ដោយមានចម្ងាយពី រីសត ៤ គីឡូម៉ែត្រ និងបានជិះទៅទិញរបស់របរក្នុងផ្សារសំឡូតចាស់ ដែលមានចម្ងាយពីរីសត ២ គីឡូម៉ែត្រផងដែរ។
លោក សីហា បន្តថា ភ្ញៀវ ៩០ ភាគរយ បានយកអាហារមកដោយខ្លួនឯង បើមានអាហារណាខ្វះខាត ទើបពួកគាត់តម្រូវឲ្យខាងរីសតលក់ជូន ក្នុងនោះភ្ញៀវក៏បានជួយទិញផ្លែឈើរបស់ប្រជាពលរដ្ឋ ដែលដាក់តាំងលក់នៅតាមលំនៅដ្ឋានទីនោះផងដែរ។
បច្ចុប្បន្នលោកមើលឃើញថា ប្រជាពលរដ្ឋនៅតំបន់នោះលក់ដូរដាច់ជាងពេលមុន ខណះចំនួនភ្ញៀវបានកើនឡើងរាល់ថ្ងៃ បើទោះបីរីសតលោកស្ថិតនៅឆ្ងាយបន្តិចពីទីរួមខេត្តបាត់ដំបង។ ក្រៅពីនេះរីសតលោកក៏បានទាញកម្លាំងពលករក្នុង សហគមន៍បានច្រើនដែរ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ជំនួសឲ្យការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ ជាងនេះទៅទៀតនោះ លោកក៏បានជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងប្រម៉ាញ់សត្វព្រៃ បានស្ទើរទាំងស្រុងសម្រាប់ក្នុងដែនដែលលោកគ្រប់គ្រង។
មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំសុង បានឲ្យដឹងថា រីសតខាងលើនេះបានជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងឃុំបានល្អប្រសើរ តាមរយះការលក់ដូរផលិតផលផ្លែឈើកសិកម្មជាដើម។ មន្ត្រីដដែលបន្តថា ក្រៅពីនេះម្ចាស់រីសត ក៏បានចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងបរបាញ់ឬដាក់អន្ទាក់សត្វព្រៃស្ទើរទាំងស្រុង ដែលអាជ្ញាធរនិងមន្ត្រីជំនាញបានកោតសសើដល់ម្ចាស់រីសតមួយនេះថាមានឆន្ទះល្អ ខណះម្ចាស់រីសតមិនទទួលយកសាច់សត្វព្រៃដាក់លក់បំរើដល់ភ្ញៀវនោះទេ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា រមនីយដ្ឋាននេះ មានទីតាំងស្ថិតនៅ ភូមិកណ្តាល ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១១៣ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ជាប្រភេទរមនីយដ្ឋានធម្មជាតិកែច្នៃ។
ចំពោះសក្តានុពល មានដូចជាជួរភ្នំរួមនិងព្រៃឈើធម្មជាតិចម្រុះយ៉ាងសម្បូរបែប ជាពិសេសដើម “ភ្ញាវ” ក្នុងនោះក៏មានសត្វព្រៃជាច្រើនប្រភេទ ដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅតំបន់ក្នុងការទ្រទ្រង់ជីវិភាពគ្រួសារមួយផ្នែកតាមរដូវកាលផងដែរ។
លោកបន្តថា ចំណុចល្អមួយទៀតនោះ គឺម្ចាស់រមនីយដ្ឋានបានចូលរួមការពារអភិរក្សព្រៃឈើមួយផ្នែក ខណះកាលពីមិនទាន់បង្កើតរមនីយដ្ឋានមួយនេះ ជនខិលខូចបានលួចកាប់ឈើ ដាក់អន្ទាក់សត្វហាក់មានសន្ទុះ តែពេលនេះក្រោយពីមានការចូលរួមពីម្ចាស់ទីតាំងរីសត បទល្មើសខាងលើបានកាត់បន្ថយស្ទើរអស់ទាំងស្រុង។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឲ្យម្ចាស់រីសតបន្តចូលរួមជួយអភិរក្សព្រៃឈើនិងសត្វព្រៃ និងរកគន្លឹះល្អៗបន្តកែច្នៃឲ្យកាន់តែមានប្រជាប្រិយភាពបន្តទៀត ដើម្បីចូលរួមលើកមុខមាត់ខេត្តបាត់ដំបងឲ្យកាន់តែទូលំទូលាយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)