Connect with us

ព័ត៌មានជាតិ

បណ្ឌិត អ៊ុន លាង៖ ការបង្កើតមូលនិធិកសាងហេ​ដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន គឺស្របតាមសុភាសិត “មាសសុទ្ធមិនខ្លាចភ្លើង”

បានផុស

នៅ

លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមើលឃើញពីសារៈសំខាន់នៃការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលបង្កើតដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោកបណ្ឌិតថា គំនិតផ្តួចផ្តើមនេះ គឺជាគតិបណ្ឌិតមួយដ៏ប៉ិនប្រសព្វ ដែលឆ្លុះបញ្ចាំងមូលហេតុគ្រឹះ២នៅពីក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១. គឺការបង្ហាញភាពមោះមុត និងការប្តេជ្ញាការពារបូរណភាពទឹកដី ដូចសុភាសិតខ្មែរពោលថា “មាសសុទ្ធមិនខ្លាចភ្លើង”។ ទី២. ក្នុងកាលៈទេសៈនៃប្រវត្តិនៃការស្តារប្រទេសពីសង្រ្គាមស៊ីវិល និងរបបប្រល័យពូជសាសន៍ និងក្នុងការកសាង និងអភិវឌ្ឍន៍សមត្ថលទ្ធភាពរបស់រដ្ឋក្នុងការបង្កើនមូលធន ដើម្បីរុញនាវាកម្ពុជាទៅមុខឱ្យបានលឿន ទោះបីជារាជរដ្ឋាភិបាលអាចមានមូលធន និងអាចកៀរគរកម្ចីពីខាងក្រៅសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនក៏ដោយ ក៏ការបង្កើតមូលនិធិសាធារណៈ ដើម្បីដោះស្រាយបញ្ហាធំៗ ជាពិសេស បញ្ហាបូរណភាពទឹកដីនេះ អនុញាតឱ្យមហាជនចូលរួមក្នុងភាពម្ចាស់ទឹក ម្ចាស់ដី គឺជាការចាំបាច់ និងបន្ទាន់បំផុត។ ភាពធំធាត់នៃមូលនិធិ ក៏អនុញាតឲ្យរាជរដ្ឋាភិបាលប្រើប្រាស់មូលធនដែលខ្លួនមានសម្រាប់ការអភិវឌ្ឍលើវិស័យនានាផ្សេងទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ បង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងហេដ្ឋារចនាសម្ព័ន្ធ​តាមបណ្ដោយព្រំដែន។ បន្ទាប់ពីការប្រកាសនេះ គេសង្កេតឃើញថា មន្ត្រីរាជការគ្រាប់ជាន់ថ្នាក់ ប្រជាជនខ្មែរជាច្រើន ទាំងនៅក្នុង និងក្រៅប្រទេសបានចូលរួមថវិកាតាមការស្ម័គ្រចិត្តបានច្រើនផុសផុល។​ ត្រង់ចំណុចនេះ លោកបណ្ឌិត អ៊ុន លាង បញ្ជាក់ថា ការចូលរួមដ៏សស្រាក់សស្រាំរបស់ពលរដ្ឋ បានបង្ហាញថា ប្រជាពលរដ្ឋនៅតែជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ក្នុងការការពារបូរណភាពទឹកដីខ្មែរដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត អ៊ុន លាង ស្នើឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឱ្យបានច្រើនតាមលទ្ធភាពរបស់ខ្លួន ដើម្បីជួយកសាង ជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍតាមព្រំដែន។ លើសពីនេះ លោកថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលផ្តួចផ្តើមដោយសម្តេចធិបតី មិនមែនគ្រាន់តែជាការអំពាវនាវប៉ុណ្ណោះទេ ក៏ជាកាលានុវត្តភាពមួយ ជាពិសេសសម្រាប់ជនជាតិខ្មែរដែលរស់នៅក្រៅប្រទេសឲ្យចូលរួមចំណែកក្នុងកាលៈទេសៈមាសកាលៈទេសៈពេជ្រនេះក្នុងការបង្ហាញពីសុឆន្ទៈចូលរួមពិតប្រាកដ និងអនុវត្តកាតព្វកិច្ចការពារបូរណភាពទឹកដី និងចូលរួមចំណែកក្នុងការកសាងមហានគរខ្មែរឡើងវិញ។

ត្បិតថា មូលនិធិនេះ ទទួលបានការគាំទ្រ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈយ៉ាងណាក៏ដោយ ក៏នៅក្នុងក្រសែភ្នែករបស់ក្រុមអ្នកនយោបាយមាននិន្នាការជំទាស់ និងប្រឆាំងរាជរដ្ឋាភិបាល នៅតែមើលឃើញពីភាពអវិជ្ជមាន ដូចដែលពួកគេមើលឃើញចំពោះបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និង​វៀតណាម​(CLV) យ៉ាងដូច្នោះដែរ។ ក្រុមអ្នកនយោបាយប្រឆាំង បានព្យាយាមញុះញង់ បំភ្លៃព័ត៌មានមិនពិត ឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្ម និងញុះញង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុកប្រឆាំងនឹងគម្រោងនេះ(CLV) ។

ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការពន្យល់ ផ្សព្វផ្សាយពីតំបន់ត្រីកោណអភិវឌ្ឍន៍នេះ រហូតរដ្ឋគ្រោងចេញថវិការៀបចំជូនរាស្ត្រទៅទស្សនាផ្ទាល់នៅតំបន់ព្រំដែនឆាប់ៗ ដើម្បីឱ្យពលរដ្ឋយល់កាន់តែច្បាស់ពីគម្រោងនេះ​(CLV) ។ លោកបណ្ឌិត អ៊ុន លាង ជឿជាក់ថា តាមរយៈការនាំប្រជាពលរដ្ឋទៅទស្សនានៅទីនោះ នឹងធ្វើឱ្យពលរដ្ឋយល់កាន់តែច្បាស់ពីគម្រោង CLV និងដូចពាក្យស្លោកខ្មែរថា “លឺគេថាមួយរយដង មិនស្មើនឹងបានឃើញម្តង បានឃើញមួយរយដង មិនស្មើនឹងបានកាន់ផ្ទាល់មួយដង”។

លោកបណ្ឌិតបន្ថែមថា ដរាបណាការប្រកួតប្រជែងដណ្តើមអំណាចដោយក្រុមអ្នកនយោបាយណាមួយនៅតែប្រើប្រាស់បញ្ហាបូរណភាពទឹកដី មិនថាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នោះទេ តំបន់នានានៅតាមព្រំដែន និងលេសជាច្រើនផ្សេងទៀត ក៏នឹងត្រូវបានបង្កើតឡើង មកធ្វើជាប្រភពនៃការប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដែរ។ ក្នុងការកាត់បន្ថយការប្រឆាំងរបស់ប្រជាពលរដ្ឋដែលជឿលើការឃាសនាមិនពិតនានា អ្វីដែលរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតបាន និងកំពុងធ្វើនៅពេលនេះ គឺជាជំហានទី១ និងជាជំហានដែលត្រឹមត្រូវបំផុត។

ប៉ុន្តែ អ្វីដែលត្រូវធ្វើបន្ទាប់ គឺការកសាងផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលជាចំណុចចាប់ផ្តើមនៃការប្រឆាំងលើកនេះ។ ផែនការមេនេះ ត្រូវតែអនុវត្តឲ្យបានជាក់ស្តែងបំផុត ជាជំហានៗ ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា៖«យើងត្រូវដើរទៅមុខ ទោះជាជំហានគីង្គក់ក៏ដោយ និងត្រូវធ្វើវាឲ្យដូចភ្លៀងរលឹម»។ លើសពីនេះទៀត រាជរដ្ឋាភិបាល ត្រូវតែមានបុរេសកម្មក្នុងយុទ្ធនាការសាធារណៈឲ្យបានទូលំទូលាយអំពីគម្រោង និងផែនការ គោលនយោបាយ និងអភិវឌ្ឍនានា ដើម្បីឱ្យមហាជនបានយល់ដឹងជាមុន ហើយមិនចាញ់បោកការឃោសនាមិនពិតណាមួយ។ នេះបើតាមលោកបណ្ឌិត អ៊ុន។

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម