Connect with us

ព័ត៌មានអន្ដរជាតិ

​[វិភាគ​នយោបាយថៃ] រដ្ឋាភិបាលថ្មី​លំបាក​​កើត​និង​រស់ ​​ក្រោម​កណ្តាប់ដៃ​​តុលាការ​ធម្មនុញ្ញ​

បានផុស

នៅ

នយោបាយ​ថៃ​ហាក់​កាន់​តែ​កើន​​កម្តៅ​ខ្លាំងឡើង​​ៗនិង​លំបាក​រក​ច្រក​ចេញ​​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី ខណៈ​កា​រប្រជែង​សកម្មភាព​នយោបាយ​​ក្នុង​ប្រទេស​ថៃ​កាន់តែ​ក្តៅ​គគុក រួម​ទាំង​ចលនា​​​ដាក់​​​ញត្តិ​​​​ឲ្យ​រំលាយ​គណបក្ស​ភឿថៃក្រោយ​លោក​ថាក់​ស៊ីន​​​​ចេញ​ធ្វើសកម្មភាព​ក្នុងសង្គម​ថៃ​ដោយសេរី​​ប្រកបដោយ​ឥទ្ធិពល​​​​វិញ​។​

ភាព​មិន​ចុះ​សម្រុងគ្នា​នាំ​ទៅដល់​​​កា​របង្កើត​រដ្ឋាភិបាល​​ថ្មី ក្រោយ​គណបក្ស​ភឿថៃ​ច្រានចោល​​​គណបក្ស​នយោបាយ​​​ដ៏សំខាន់​មួយ​ក្នុង​រដ្ឋាភិបាល​​ចម្រុះ​អាណត្តិ​លោក​សេដ្ឋា ថាវីស៊ីន គឺ​គណបក្ស Pralang Pacharat ចេញ​ពី​គណរដ្ឋមន្ត្រី​ថ្មីដែលប្រុងបង្កើត​​​នាពេល​ខាងមុខ​ដ៏​ត្រដាបត្រដួស​​នាពេលនេះ​។​

បើ​ទោះ​បី​​សមាជិក​សភា​​កាល​ថ្ងៃទី​១៦​ខែសីហាបាន​បោះឆ្នោត​គាំទ្រ​​​​​​​​​លោក​ស្រី ផែថងថា ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជានាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក សេដ្ឋា ថា​វីស៊ីន​​ ដែល​ត្រូវ​​តុលាការ​ធម្មនុញ្ញ​សម្រេច​​ដក​ចេញ​ពីតំណែង​​​កាល​ពី​ថ្ងៃទី​១៤ខែ​សីហាក៏ដោយ ប៉ុន្តែ​​រយៈពេល​២សប្តាហ៍​កន្លង​មក​នេះ​រដ្ឋាភិបាល​ថៃ​​នៅ​តែ​ដំណើរ​ការ​​ក្រោម​រដ្ឋាភិបាល​បណ្តោះអាសន្ន​ដឹក​នាំ​ដោយ ​​លោក Phumtham Wechayachai ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​​​។​

លោកស្រី ផែថងថាន ពេល​ចុះ​ជួយ​ប្រជាជន​នៅ​ភាគខាងជើង​ប្រទេស​។ snipping from Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាពប្រទាំង​ប្រទើស​​កាន់​តែ​ខ្លាំង​នៅ​​​ក្នុង​នយោបាយ​ថៃ​នាពេល​​នេះ​ គឺ​បន្ទាប់​ពី​​ការ​ចេញ​មុខចេញ​មាត់​ខ្លាំង​ជា​សាធារណៈ​​របស់​ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា​ ​​​​​​អតីត​នាយករដ្ឋមន្ត្រី​ដែល​រង​ការ​​បណ្តេញ​ចេញ​ពី​អំណា​ច​ដោយ​រដ្ឋ​ប្រហារ​កាល​ខែ​កញ្ញា​​ឆ្នាំ​២០០៦ពេល​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ថៃ​ទៅ​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ។​

ការ​ចេញ​មុខ​មាត់​របស់​លោកថាក់​ស៊ីន គឺ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មានថ្ងៃ​​​ក្រោយ​កូនស្រី​របស់​លោក​​ជាប់​ឆ្នោត​ក្នុងសភា​​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ ដោយ​ លោក ថាក់​ស៊ីន​នាពេល​នោះ បាន​ថ្លែង​ការ​ណ៍​យ៉ាង​ច្រើន​ជុំវិញ​​ការ​ដាក់​ចេញ​​នូវ​គោល​នយោបាយ​​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​ រួម​មាន​ការ​ចេញ​ប្រាក់​​ដល់​ប្រជាពល​រដ្ឋ​ថៃ​​​ចំនួន​១០០០០បាត​ក្នុង​មួយខែ​ ដើម្បីជំរុញ​កម្លាំង​ចំណាយ​ក្នុងចរន្តសេដ្ឋកិច្ច​ជាដើម។

ការ​ថ្លែង​របស់លោក​​ដោយ​លម្អិត​ទៅលើ​សកម្មភាព​​គោល​នយោបាយ​របស់រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ចន្លោះប្រហោង​សម្រាប់​ក្រុមនយោបាយ​​ផ្ទុយគ្នា ដែល​ចាត់​ទុក​ថា គណបក្សភឿថៃស្ថិតក្រោម​ការ​ចាត់ចែង​របស់​លោក​ថាក់​ស៊ីនដែល​និរទេស​ខ្លួន​ជាង​​១៥ឆ្នាំ និង​វិល​ចូល​ប្រទេស​វិញ​កាល​ពីថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០២៣ និង​ត្រូវ​ទទួល​រង​នូវការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ថែម​ទៀត​ពីបទ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ព្រះមហាក្សត្រថៃ​។​

ចលនា​ប្រឆាំង​គណបក្ស​ភឿថៃ​​បាន​ផ្ទុះ​ឡើង​​​ក្រោយ​វត្តមាន​​​របស់​លោក​ថាក់​ស៊ីន​លេចអណ្តែត​ជាថ្មី​លើវិថី​នយោបាយថៃ​ដែលរង​ការ​​ធ្វើរដ្ឋប្រហារ​​​ដោយ​យោធា​​ទម្លាក់​​រដ្ឋាភិបាល​​របស់​លោក​ក្នុងឆ្នាំ​២០០៦ និង​ម្តងទៀត​​​​ក្រុមយោធា​​បាន​ទម្លាក់​រដ្ឋាភិបាល​​របស់ប្អូនស្រី​របស់​លោក គឺ ​​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា​​ក្នុងឆ្នាំ​​២០១៤​។​​ ​​

នៅ​ថ្ងៃទី​១៩​ខែសីហា​ ញត្តិ​ដំបូង​​ដែល​ប្តឹង​​រំលាយ​គណបក្ស​ភឿថៃ​​​បាន​ដាក់​​ទៅ​​​គណៈកម្មការ​​​បោះឆ្នោត​ (EC) ដោយ​ចោទ​​ប្រកាន់​គណបក្ស​នេះ​​​​​បាន​អនុញ្ញា​ត​​​ឱ្យ​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ដែល​ជា​អ្នក​នៅ​ខាងក្រៅ​ ទៅ​គ្រប់គ្រងគណបក្ស​។​

​​ការ​ប្តឹង​ស្នើ​រំលាយ​គ​ណបក្សភឿថៃ​នេះ​ក៏​យោង​ទៅ​លើ​សេចក្តីសម្រេចរបស់​តុលាការ​ធម្មនុញ្ញ​​​នៅ​ថ្ងៃទី​១៤ខែ​សីហា​ដែល​រក​ឃើញ​​នូវ​កំហុស​របស់​លោក នាយករដ្ឋមន្ត្រី​ សេដ្ឋា ថាវីស៊ីន ដែលខ្វះ​នូវ​សុច្ចរិតភាព​​ក្នុងការ​តែង​តាំង​លោក Phichit Chuenban ដែល​ជា​​មេធាវី​​​​ប្រចាំ​គ្រួសារ​លោក​ថាក់ស៊ីន​​ជាយូរ​មក​ហើយ​នោះ ជារដ្ឋមន្ត្រី​​​​នៃទីស្តីការ​គណៈរដ្ឋមន្ត្រីដោយ​សារ​តែ​លោក​ធ្លាប់​មាន​ប្រវត្តិជាប់​ពន្ធ​នាគារ​។​

លោកថាក់ស៊ីន និង​កូនស្រី ផែថងថាន។​

​​​ជម្លោះ​ធំចុង​ក្រោយ​​ក្នុង​នយោបាយ​ថៃ​ គឺ​ លោកស្រី​ផែថងថាន បានច្រាន​ចោល​គណបក្ស​​​ Palang Pracharath សម្រាប់​ការ​ចូល​រួម​​ក្នុង​រដ្ឋាភិបាល​ចម្រុះ​​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ដោយសារ​មេដឹកនាំ​គណបក្ស​ Palang Pracharath មិនបាន​បោះឆ្នោត​គាំទ្រ​​លោកស្រី ផែថង​ថាន ធ្វើ​ជានាយក​រដ្ឋមន្ត្រី។ កត្តានេះ​ បាន​ធ្វើ​ឲ្យ​គណបក្ស​ភឿថៃ​ងាក​ទៅ​រក​គណបក្ស​​ ប្រជាធិបតេយ្យ (Democrat Party) ដែល​មាន​សមាជិក​សភា​​២៥​ មក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​វិញ។

ដោយសារ​ការ​បដិសេធ​នេះ សមាជិកសភា​​​​របស់​គណបក្ស​  Palang Pracharath លោក Ruengkrai Leekitwattana បាន​ដាក់​ញត្តិ​កាល​ពីថ្ងៃ​ពុធ​​ទៅ​កាន់​​​គណៈកម្មការ​បោះឆ្នោត​ដើម្បី​​បញ្ជាក់​ពីភាព​មិន​គ្រប់​លក្ខណៈ​សម្បត្តិ​របស់​លោក​ស្រីផែថងថាន​ ដែល​កាន់​កាប់​ភាគហ៊ុន​​នៅ​ក្រុមហ៊ុន​ឯកជន​​​ និង​ទើប​បាន​លាលែង​ពី​ក្រុមហ៊ុន​​នៅ​ថ្ងៃទី​១៩​ខែ​សីហា​ប៉ុណ្ណោះ ពោល​គឺ​រយៈពេល​៣ថ្ងៃ​ក្រោយ​សមាជិកសភា​​បោះឆ្នោត​​គាំទ្រ​​​លោកស្រី​ធ្វើ​ជានាយករដ្ឋមន្ត្រី។​

គណបក្ស​ Palang Pracharath ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក Prawit Wongsuwan ដែល​ជា​អ្នក​គាំទ្រ​​​លោក​ឧត្តមសេនីយ៍​ ប្រាយុធ​ ចាន់​អូចា ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​រដ្ឋាភិបាល​ភិបាល​របស់​លោកស្រី យីងឡាក់ ស៊ីណា​វ៉ាត្រាកាល​ឆ្នាំ​២០១៤។ ដោយបង្ហាញការ​មិនពេញ​ចិត្តចំពោះ​ការ​ដកគណបក្ស​នេះ​ចេញ​ពីរដ្ឋាភិបាល​ចម្រុះ លោក Samart Jaenchaijiwanich ជំនួយ​ការ​លោក Prawit Wongsuwan បាន​និយាយថា សមាជិកសភា​​មក​ពីគណបក្ស​នេះ​​៣៩​រូប​បាន​បោះឆ្នោតគំាទ្រ​លោកស្រី ផែថងថាន នៅក្នុងសភា​លើក​លែក​តែ​ប្រធានគណបក្ស​ដែល​មាន​ភារកិច្ច​ផ្សេង​ ហើយ​គណបក្ស​នេះ​នឹងធ្វើសកម្មភាព​ជំទាស់​​គណបក្ស​ភឿថៃ​។​

​ក្នុង​ស្ថានភាព​ទឹកជំនន់​វាយ​ប្រហារ​​ប្រទេសថៃ​ភាគខាង​ជើង ទាំងលោក​​​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​ លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រា​ ធ្វើសកម្មភាព​ប្រមូល​ផ្តុំ​ការ​ជួយសង្គ្រោះ​នៅតំបន់​រងគ្រោះ​ ត្រឹមនាម​គណបក្ស​ភឿថៃប៉ុណ្ណោះ មិនមែន​ក្នុងនាំ​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ឡើយ។

គណបក្ស​ភឿថៃ​ក៏​​ទំនង​ប្រឈម​​ការ​រំលាយ​​ក្រោម​តុលាការ​ធម្មនុញ្ញ​ថៃ​ដែល​ធ្លាប់​​បញ្ចប់​តំណែង​លោក ប្រាយុធ​ ចាន់​អូចា នៅ​មុន​កា​របោះឆ្នោតសកល​ឆ្នាំ​២០២៣ ការំលាយ​គណបក្ស​ឈ្នះឆ្នោត ចលនា​ឆ្ពោះទៅមុខ (MFP) ការ​ផ្អាកសកម្មភាព​ធ្វើនយោបាយ​របស់​​អ្នក​នយោបាយ​ល្បីៗ​ជាច្រើនទៀត៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

ម៉េង កែវពេជ្ជតា ថា អ្នកគាំទ្រ ចង់ឲ្យធ្វើ Solo Concert ជាលើកទី ៣

ព័ត៌មានជាតិ១០ នាទី មុន

ស្ពានឆ្លងទន្លេទៅអរិយក្សត្រ ឈាន​ចុះ​ហត្ថលេខា​សិក្សាលម្អិតបច្ចេកទេសដំណើរការ​សាងសង់

សេដ្ឋកិច្ច១២ នាទី មុន

ក្រុមហ៊ុនចិនចាប់អារម្មណ៍សិក្សាលទ្ធភាពបង្កើតរោងចក្រ កែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីនាំចេញ

ជីវិតកម្សាន្ដ១៣ នាទី មុន

អតីតតារាកំប្លែង នាយគ្រោង វ័យកាន់តែចាស់ ថែមទាំងមានជំងឺប្រចាំកាយច្រើនមុខ កំពុងរស់ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១៥ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ ជាប់ទោស៥ឆ្នាំឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម