Connect with us

ព័ត៌មានជាតិ

លោក សំ សឿន ៖ បាតុកម្មគឺជាសិទ្ធរបស់ពលរដ្ឋម្នាក់ៗ តែបើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គឺជាអំពើក្បត់ជាតិ

បានផុស

នៅ

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការចូលរួមសម្តែងមតិទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើបាតុកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងថា «បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើបាតុកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ ជារឿងក្បត់ជាតិ និងរឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត ហើយបងប្អូនប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។ លោកបន្តថា មិនមានជារឿងថ្មីទេដែល ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បានរកគ្រប់វិធីធ្វើយ៉ាងណាធ្វើឱ្យមានភាពចលាចលសង្គម ធ្វើឱ្យមានការបាក់បែកបាក់ផ្ទៃក្នុងជាតិ និងមានការរើសអើងស្អប់ខ្ពើមដោយចោទថា ជាក្រុមអាយ៉ាងអ្នកនោះជាដើម។ ហេតុនេះពលករដែលមិនចង់ជាប់ពាក់ព័ន្ធក្នុងរឿងក្បត់ជាតិកុំចូលរួម។

លោកថ្លែងបន្ថែមថា «បងប្អូនត្រូវតែពិចារណា ឱ្យបានច្បាស់បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ វាទាល់តែយើងកុំធ្វើ កុំដើរតាម ការអូសទាញរបស់ពួកហ្នឹង បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នោះចៀសមិនផុតពីបងប្អូនបានចូលរួមនូវសកម្មភាពក្បត់ជាតិ»។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកទស្សនៈវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រសិនបើ កម្មករ ពលករ ក៏ដូចជាប្រជាពលរដ្ឋនៅក្រៅប្រទេសធ្វើបាតុកម្មអហិង្សា សម្តែងមតិ ឬសម្តែងកង្វល់ពីអ្វីមួយ គួរតែធ្វើកុំឱ្យភ្ជាប់ខ្លួនជាមួយអ្នកនយោបាយគេងចំណេញតួយ៉ាងដូចជាមេឧទ្ទាមក្រៅច្បាប់សមរង្ស៊ី ឬបរទេស ដែលចង់ឱ្យខ្មែរបែកបាក់។ 

លោកបានសង្កត់ធ្ងន់ថា «ត្រូវតែប្រយ័ត្នប្រយែងបំផុតព្រោះថា បាតុកម្មនេះងាយនឹងមានការបន្លំពីអ្នកនយោបាយ ពីបរទេស ជួនកាលគេគិតថា ចំណេញប្រទេសគេ គេឱ្យខ្មែរយើងហែកហួរគ្នាឯងអ៊ីចឹងទៅដើម្បី ឱ្យគេចំណេញ»។

លោកបណ្ឌិតបន្តថា ការធ្វើបាតុកម្មខ្លះប្រៀបដូចជាហុចដាវឱ្យសត្រូវយ៉ាងដូច្នោះដែរ ព្រោះបរទេសខ្លះចង់គេងចំណេញបានអុចអាលបន្លំធ្វើសកម្មភាពឱ្យអន្តរជាតិមើលឃើញថាកម្ពុជា អស្ថិរភាពនយោបាយ មានចលាចលផ្សេងៗ នាំឱ្យវិនិយោគិនបរទេសខ្លាចរអា ហើយបែរជាទៅវិនិយោគនៅប្រទេសគេវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម