ព័ត៌មានជាតិ
ទស្សនកិច្ចដោយឥតគិតថ្លៃ ទៅមើលការអភិវឌ្ឍតំបន់ព្រំដែនចាប់ផ្តើមនៅថ្ងៃទី ៧ ខែកញ្ញានេះ
ដំណើរទស្សនកិច្ចទៅកាន់ទិសឦសានដោយឥតគិតថ្លៃ នឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ចុងឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។ ទស្សនកិច្ចលើកដំបូង នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី» ដោយចេញដំណើរនៅម៉ោង ៤:០០ នាទីព្រឹក និងត្រឡប់មកវិញនៅម៉ោង ៤:០០ រសៀល។ នេះបើតាមការជូនដំណឹងរបស់ក្រសួងព័ត៌មានដែលទទួលបន្ទុកការរៀបចំដំណើរទស្សនកិច្ចនេះ។
ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចនេះ តម្រូវឱ្យសាធារណជនចុះឈ្មោះជាមុន ដោយក្រសួងនឹងរៀបចំជូនអ្នកចូលរួមចំនួនត្រឹម ២០០នាក់ ក្នុងមួយលើក។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនអាចចុះឈ្មោះជាមុន ជាបុគ្គល ឬជាក្រុម ហើយការចុះឈ្មោះធ្វើដំណើរទស្សនកិច្ចនេះ នឹងរៀបចំជូនស្របតាមគោលការណ៍ «មកមុន ទទួលបានមុន»។ ពលរដ្ឋអាចចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចនៅតាមអនឡាញ តាមរយៈ QR Code ឬស្វែងរកព័ត៌មាននៅលើគេហទំព័រក្រសួងព័ត៌មាន។
បើតាមក្រសួងព័ត៌មាន អ្នកចូលរួមត្រូវបានផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនរួមទៅវិញទៅមកដោយឥតគិតថ្លៃ និង ផ្តល់ជូនអាហារ ៣ពេល និងភេសជ្ជៈ ដោយឥតគិតថ្លៃនៅអំឡុងពេលធ្វើដំណើរកម្សាន្ត។
រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។
ក្រុមការងារនឹងទំនាក់ទំនងទៅកាន់សាធារណជនជាមុន ដើម្បីជូនដំណឹងនិងត្រៀមលក្ខណៈសម្រាប់ការធ្វើដំណើរ។ ជាមួយគ្នានេះ មួយថ្ងៃមុននឹងចេញដំណើរទស្សនកិច្ច, ក្រុមការងារនឹងអញ្ជើញអ្នកចូលរួម ដើម្បីស្តាប់ការធ្វើបទបង្ហាញ ដែលរៀបចំឡើងដោយមន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
អនុព័ន្ធសាររព័ត៌មាននៃក្រសួងព័ត៌មាន កញ្ញា បូរិន សុភាវុទ្ធតី បានថ្លែងប្រាប់បន្ថែមថា ជាជំហានដំបូងនេះ ការបើកឱ្យចុះឈ្មោះចូលរួមនេះ គឺសម្រាប់ទទីតាំងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ដែលជាដំណើរទស្សនកិច្ចមួយថ្ងៃពេញ (វិលល្ងាច) ដោយជួបជុំចេញដំណើររួមគ្នាពីរាជធានីភ្នំពេញ។ សម្រាប់ទីតាំងទី២ ទស្សនកិច្ចនៅខេត្តក្រចេះ និងមណ្ឌលគិរី និងទីតាំងទី៣ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលជាទស្សនកិច្ចសម្រាកមួយយប់ ក្រសួងព័ត៌មាននឹងជូនដំណឹងពីការចុះឈ្មោះនៅពេលក្រោយ។
យ៉ាងណាមិញ គិតត្រឹមរសៀលថ្ងៃទី ២ ខែកញ្ញានេះ កញ្ញា វុទ្ធតី មិនទាន់អាចប្រាប់ពីចំនួនពលរដ្ឋដែលបានចុះឈ្មោះនៅឡើយទេ ខណៈក្រុមការងារកំពុងស្រង់ឈ្មោះជាបណ្តើរៗ។
ការរៀបចំដំណើរទស្សនកិច្ចនេះ បន្ទាប់ពីពលរដ្ឋមួយចំនួនបានសម្តែងការព្រួយបារម្ភពីការបាត់បង់អធិបតេយ្យភាពរបស់កម្ពុជាក្នុងខេត្តចំនួន៤ដែលបានដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ កិច្ចសហប្រតិបត្តិការនេះ ដើម្បីអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅភូមិភាគទិសឦសានទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងនេះ។
យ៉ាងណាមិញ ដើម្បីឱ្យពលរដ្ឋ ជាពិសេសយុវជន បានឃើញពីការអភិវឌ្ឍជាក់ស្តែង សម្តេចធិបតី បានផ្តួចផ្តើមរៀបចំឱ្យមានកញ្ចប់ដំណើរទស្សនកិច្ចនេះទៅកាន់តំបន់ព្រំដែន ចៀសវាងជឿតាមការញុះញង់អ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាលដែលនាំឱ្យមានការបែកបាក់សាមគ្គីជាតិខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
សេដ្ឋកិច្ច១ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង