ព័ត៌មានអន្ដរជាតិ
ការមិនចាប់ខ្លួនពូទីននៅរដ្ឋសមាជិក ICC នឹងធ្វើឱ្យស្ថាប័នចុះខ្សោយ
ការធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីនដែលនឹងជាន់ទឹកដីប្រទេសជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លើកដំបូងនៅថ្ងៃទី៣ខែកញ្ញានេះដោយគ្មានការចាប់ខ្លួនតាមដីកាចាប់ខ្លួន អាចនឹងធ្វើឱ្យស្ថាប័នប្រព័ន្ធយុត្តិធម៌អន្តរជាតិមួយនេះគ្មានឥទ្ធិពលអំណាចក្នុងពេលអនាគត។
ស្ថាប័ន ICC ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០២មានមូលដ្ឋាននៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី និងរហូតបច្ចុប្បន្នមានប្រទេសជាសមាជិកហត្ថលេខី ចំនួន១២៤ បានចេញដីកាចាប់ខ្លួនប្រមុខរដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលកំពុងធ្វើសង្គ្រាមជាមួយប្រទេសជិតខាងអ៊ុយក្រែន។
ព័ត៌មាននៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសជិតខាងម៉ុងហ្គោលីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនៅខែមីនាឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកពូទីនបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនដោយចោទប្រកាន់គាត់ពីឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសខុសច្បាប់និងការដឹកជញ្ជូនកុមារនៅក្នុងទឹកដីកាន់កាប់របស់អ៊ុយក្រែន។
លោក ពូទីន គឺជាប្រមុខរដ្ឋដំបូងបំផុតនៃរដ្ឋសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលមានដីកាចាប់ខ្លួនពី ICC។ ដើម្បីគេចពីភាពចម្រូងចម្រាស់ផ្លូវច្បាប់អន្តរជាតិនានា លោក ពូទីន ចាប់តាំងពីមានដីកានេះចេញមក មិនដែលធ្វើដំណើរទៅកាន់ប្រទេសណាដែលជាសមាជិករបស់ ICC ឡើយ។
ជាក់ស្តែងកាលចុងឆ្នាំ២០២៣ លោក ពូទីន បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្រ្វិកដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល BRICS ដែលរុស្ស៊ីជាប្រទេសស្ថាបនិកដ៏សំខាន់ក្នុងសមាគមមួយនេះ។
ប្រទេសម៉ុងហ្គោលីដែលជាប្រទេសភូមិផងរបងជាមួយមហាអំណាចរុស្ស៊ី ក្នុងនាមជាសមាជិកនៃ ICC និងជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមក្នុងការបង្កើត ICC ត្រូវបានគេសន្មត់ថា គោរពដីកាចាប់ខ្លួនរបស់ ICC។ ប៉ុន្តែវាមិនអាចទៅរួចឡើយ ដោយសារចំណងមិត្តភាពរបស់ប្រទេសជិតខាងទាំងពីរនោះ។
ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaa Khurelsukh បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់ការចូលរួមពិធីបុណ្យជ័យជំនះរួមគ្នាលើកទី៨៥របស់ប្រទេសម៉ុងហ្គោលីនិងរុស្ស៊ីនៅទន្លេ Khalkhin Gol ប្រឆាំងនឹងអធិរាជជប៉ុនក្នុងឆ្នាំ១៩៣៩។ យោងការចុះផ្សាយរបស់ The Deplomat។
The Deplomat បានសន្និដ្ឋានថា វាមិនទំនងទេដែលលោកពូទីននឹងត្រូវចាប់ខ្លួននៅក្នុងទឹកដីម៉ុងហ្គោលី ដោយសារតែម៉ុងហ្គោលីនៅតែបន្តពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី។
ប្រទេសរុស្ស៊ីមិនមែនជារដ្ឋហត្ថលេខីបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះទេ ប៉ុន្តែប្រទេសម៉ុងហ្គោលីស្ថិតនៅជាប់ប្រទេសរុស្ស៊ីភាគខាងត្បូងជាសមាជិកហត្ថលេខីរបស់តុលាការនេះដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។
យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងពេលកន្លងមក ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា៖«យើងអំពាវនាវឱ្យអាជ្ញាធរម៉ុងហ្គោលីអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិជាកាតព្វកិច្ច និងផ្ទេរលោកពូទីនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។
ICC បានចេញដីកាចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៣ ប្រឆាំងនឹងលោក ពូទីន និងឧត្តមស្នងការទទួលសិទ្ធិកុមារ Maria Lvova-Belova របស់លោក ពូទីន ដោយចោទប្រកាន់អ្នកទាំងពីរពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាវាជាហេតុផលនយោបាយ។
ដីកានេះតម្រូវឱ្យរដ្ឋសមាជិកហត្ថលេខីចំនួន១២៤របស់តុលាការនេះ រួមមានប្រទេសម៉ុងហ្គោលីផង ចាប់ខ្លួនលោកពូទីន ហើយផ្ទេរគាត់ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើគាត់ដើរលើទឹកដីរបស់ពួកគេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលថ្ងៃទី៣០ខែសីហាថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីគ្មានការព្រួយបារម្ភជុំវិញដីការចាប់ខ្លួននេះទេ ដោយសាររដ្ឋាភិបាលទីក្រុងមូស្គូមានការសន្ទនាដ៏ល្អជាមួយមិត្តម៉ុងហ្គោលី។
តាមការស្រង់សម្តីរបស់រ៉យទ័រ នៅពេលសួរថាតើមានការពិភាក្សាជាមួយអាជ្ញាធរម៉ុងហ្គោលីអំពីដីការបស់ ICC ដែរឬទេ លោក Peskov បាននិយាយថា៖ជាក់ស្តែង ដំណើរទស្សនកិច្ចនេះ ទិដ្ឋភាពទាំងអស់នៃដំណើរទស្សនកិច្ចនេះត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់»។
មិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញលម្អិតអំពីគោលបំណងទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីទៅកាន់ប្រទេសជិតខាងនេះនោះទេ ប៉ុន្តែកន្លងមកលោកពូទីនធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសជិតខាងកូរ៉េខាងជើង ចិន កាហ្សាក់ស្ថាន និងប្រទេសខ្លះទៀតនៅអាស៊ីកណ្តាល ដើម្បីពង្រឹងមិត្តភាព ការធ្វើពាណិជ្ជកម្ម និង មានសេចក្តីរាយការណ៍ខ្លះថា ពិភាក្សារឿងពាណិជ្ជកម្មអាវុធផងដែរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៩ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ